ទីក្រុងវ៉ាស៊ីនតោន៖ ក្រុមអ្នករៀបចំការឃោសនារបស់លោកត្រាំបញ្ជាក់ថាលោកមានសុវត្ថិភាពល្អជាធម្មតាទេឥឡូវនេះ។ ការថ្លែងដូច្នេះបន្ទាប់ពីលោកត្រាំរងការបាញ់ប្រហារកាលពីពេលថ្មីៗនេះបណ្ដាលឱ្យលោកត្រូវរបួសចំត្រចៀកខាងស្ដាំ។ នៅពេលនោះ លោកត្រាំកំពុងចុះសំណេះសំណាលជាមួយក្រុមអ្នកគាំទ្រនៅរដ្ឋផឹនស៊ីលវេនៀ (Pennsylvania)។
លោកត្រាំបានអរគុណមន្ត្រីអនុវត្តច្បាប់ និងការចុះអន្តរាគមន៍បានទាន់ពេលវេលាដើម្បីចាត់ការទង្វើដ៏សាហាវឃោរឃៅនេះ។ ខាងលើនេះជាការថ្លែងរបស់លោកស្ទីវឹន ឆឺង (Steven Cheung) ជាអ្នកនាំពាក្យក្រុមអ្នករៀបចំវេទិការបស់លោកត្រាំ។ លោកស្ទីវឹនបន្ថែមថាលោកត្រាំអស់មានគ្រោះថ្នាក់តទៅទៀតហើយ ហើយកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យមួយកន្លែងដើម្បីព្យាបាលមុខរបួស។ បើមានអ្វីថ្មី លោកនឹងធ្វើបច្ចុប្បន្នជាបន្តទៀត។
ការថ្លែងសុន្ទរកថារបស់លោកត្រាំនៅផឹនស៊ីលវេនៀនោះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលគណបក្សសាធារណរដ្ឋរៀបចំមហាសន្និបាតថ្នាក់ជាតិនៅក្នុងបក្សរបស់ខ្លួន។ នៅពេលបាញ់ប្រហារនោះ គេស្ដាប់ឮសំឡេងផ្ទុះគ្រាប់កាំភ្លើងជាច្រើនគ្រាប់ និងឃើញលោកត្រាំយកដៃក្ដោបស្លឹកត្រចៀកខាងស្ដាំ។ បន្ទាប់មក លោកត្រាំក៏ឱនចុះនៅពីក្រោយតុវេទិកាតាមការប្រាប់របស់អ្នកនៅក្បែរនោះ។
ទីភ្នាក់ងារការងារការពារសម្ងាត់របស់លោកត្រាំក៏ប្រញាប់ស្ទុះចុះទៅក្បែរលោកត្រាំដើម្បីហ៊ុមព័ទ្ធជុំវិញគាត់ និងដើម្បីការពារសន្តិសុខជូនគាត់។ ចំណែកក្រុមអ្នកគាំទ្រដែលចូលរួមវេទិកានោះក៏ស្រែកខ្លាំងៗដោយសេចក្ដីភ្ញាក់ផ្អើល និងរន្ធត់។ គេស្ដាប់ឮសំឡេងទីភ្នាក់ងារសម្ងាត់និយាយថាជនដៃដល់នៅក្នុងអំពើបាញ់ប្រហារនេះត្រូវបានបាញ់ស្លាប់ហើយ។
ក្រោយមក គេឃើញភ្នាក់ងារការពារសម្ងាត់បាននាំលោកត្រាំចេញពីវេទិកានោះ។ តាមរយៈវីឌីអូឃ្លីបមួយចំនួន គេឃើញថាលោកត្រាំមានឈាមហូរនៅស្លឹកត្រចៀកខាងស្ដាំរបស់គាត់។ មុននឹងចាកចេញពីវេទិកានោះ លោកត្រាំបានលើកដៃក្ដាប់ឡើងទៅលើដើម្បីបង្ហាញការតាំងចិត្ត និងការប្ដេជ្ញាចិត្ត អមដោយការនិយាយថាយើងត្រូវតែតស៊ូជាបន្តទៀត។
រហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងលម្អិតអំពីអ្វីដែលបានកើតឡើងនៅពេលនោះ ឬអាថ៌កំបាំងយ៉ាងណាខ្លះនៅពីក្រោយរឿងនេះទេ។ សេតវិមានថ្លែងថាលោកបៃដឹនកំពុងស្ថិតនៅរដ្ឋដឺឡាវែ (Delaware) ហើយលោកបានជ្រាបអំពីរឿងនេះរួចហើយតាមរយៈមន្ត្រីក្រោមឱវាទយករឿងនេះទៅជម្រាបជូនលោក។ អ្នកនាំពាក្យទីភ្នាក់ងារការពារសម្ងាត់បានសរសេរនៅលើបណ្ដាញអ៊ិចថាហេតុការណ៍នេះត្រូវបានចាត់ទុកថាជាបន្ទុកផ្នែកស៊ើបអង្កេតរបស់ភ្នាក់ងារការពារសម្ងាត់។ លោកត្រាំនៅពេលនេះអស់បញ្ហាគ្រោះថ្នាក់តទៅទៀតហើយ ហើយលោកមានសុវត្ថិភាពជាធម្មតា។
ប្រតិកម្មចំពោះហេតុការណ៍នេះ លោកបៃដិនប្រកាសថ្កោលទោសជាទម្ងន់ និងអំពាវនាវឱ្យបិទបញ្ចប់រាល់អំពើហិង្សាពាក់ព័ន្ធនឹងរឿងនយោបាយ។ លោកទទួលដំណឹងថានៅពេលនេះ លោកត្រាំមានសុវត្ថិភាពជាធម្មតាទេ។ លោកបៃដិនថ្លែងថាយើងមិនត្រូវបណ្ដោយឱ្យមានអំពើហិង្សាបែបនេះកើតឡើងនៅលើទឹកដីអាមេរិកទេទោះបីនៅទីកន្លែងណាក៏ដោយ។ លោកថ្លែងថាលោកបានទទួលដំណឹងស្ដីពីការបាញ់ប្រហារនេះរួចហើយតាមរយៈគេជម្រាបជូនលោកដោយសង្ខេបៗ។ លោកត្រៀមនិយាយគ្នាដោយផ្ទាល់ជាមួយលោកត្រាំ។ លោកថ្លែងថាយើងគ្រប់គ្នាត្រូវតែប្រកាសថ្កោលទោសទង្វើនេះ៕
ប្រភព៖ Reuters , The Hill
ចែករំលែកព័តមាននេះ