ខេត្តស្ទឹងត្រែង ៖ សាលាបឋមសិក្សាសាងសង់អំពីបេតុងប្រក់ក្បឿង មានទំហំបណ្តោយ៤៨ម៉ែត្រ ទទឹង០៩ម៉ែត្រ និងមាន៦បន្ទប់ ជាគំរោងរបស់ក្រសួងអប់រំយុវជន និងកីឡាសាងសង់ ជាលទ្ធផលសម្រេចបាន៧០%ហើយ បើគិតត្រឹមជិតពាក់កណ្ដាលខែកក្កដា ២០២៤ នេះ ។
សាលាបឋមសិក្សាស្រែចំប៉ាជាក្តីសង្ឃឹមដ៏រឹងមាំសម្រាប់ការផ្ដល់ចំណេះដឹងដល់កូនៗមន្ត្រីយោធិននៅតាមបន្ទាត់ក្រវ៉ាត់ព្រំដែនកម្ពុជា-ឡាវ ស្ថិតក្នុងស្ថិតនៅភូមិស្រែរមាំង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង ។
លោក លី មីណា អភិបាលស្រុកបុរីអូរស្វាយសែនជ័យអោយដឹងថា ជាសាលាបឋមសិក្សាមានទំហំបណ្តោយ៤៨ម៉ែត្រទទឹង០៩ម៉ែត្រ មាន៦បន្ទប់ ជាគម្រោងរបស់ក្រសួងអប់រំយុវជននិងកីឡាជាអ្នកសាងសងជូន ហើយការចំណាយថវិការអស់ប៉ុន្មានយើងពុំបានដឹងទេ ហើយកន្លែងហ្នឹងជាតំបន់កងទ័ពបណ្តោយខ្សែបន្ទាត់ព្រំដែនដែលមានគ្រួសារកងទ័ពច្រើ បើគិតពីខ្នងផ្ទះដែលសាងសងអោយកងទ័ពប្រហែលជាង១០០ខ្នងផ្ទះនៅបរិវេណហ្នឹង ហើយចំពោះមុខនៅតំបន់ហ្នឹងយើងរៀបចំឲ្យមានសាលារៀនមណ្ឌលសុខភាព ដើម្បីឲ្យគ្រួសារកងទ័ពពួកគាត់រស់នៅបានស្រួល ។
សាលាបឋមសិក្សាស្រែចំប៉ាស្ថិតនៅលើបណ្ដោយផ្លូវខ្សែបន្ទាត់ព្រំដែនមួយជាប់ក្បែរព្រំដែនឡាវមានដែលមានចម្ងាយ៧២គីឡូម៉ែត្រពីទីរួមខេត្តស្ទឹងត្រែង។ ដោយសារមើលឃើញពីភាពខ្វះខាតនិងលើកកម្ពស់ការអភិវឌ្ឍផ្នែកអប់រំ ក្រសួងអប់រំយុវជននិងកីឡា ក៏បានសហការជាមួយអាជ្ញាធរស្រុកដើម្បីសាងសង់សាលាបឋមសិក្សានេះជូនដល់គ្រួសារកងទ័ពបាននាំកូនៗទៅសិក្សារៀនសូត្របានគ្រប់ៗគ្នាក្នុងតំបន់នោះ៕
ចែករំលែកព័តមាននេះ