រាជធាភ្នំពេញ ៖ នាប៉ុន្មានថ្ងៃនេះ មានការចែកចាយតាមឆាតបន្តគ្នានូវសំឡេងសារមួយដែលស្ត្រីម្នាក់បានហាមប្រាម ពាក់ព័ន្ធការការយកPower Bank ទៅដោតជាមួយទូរស័ព្ទរបស់យើង ដើម្បីលួចទិន្នន័យ ឬលុយចេញពីគណនី ។
ទាក់ទិនករណីខាងលើ បើយោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងនៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ នេះ គឺបានចេញមកច្រានចោលសារសំឡេងក្លែងក្លាយដែលប្រឌិតឡើងដោយនារីម្នាក់ ពាក់ព័ន្ធការប្រើប្រាស់ Power Bank ដើម្បីលួចយកទិន្នន័យ ឬលុយពីគណនីធនាគារក្នុងទូរស័ព្ទ ។
ក្នុងនោះ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការអំពាវនាវដល់សាធារណៈជន ពិសេស អ្នកប្រើប្រាស់បណ្តាញសង្គមកុំបន្ដចែកចាយព័ត៌មានប្រឌិតតាមរយៈសារសំឡេងរបស់នារីដែលជាជនអនាមិកម្នាក់នោះ ។ ខណៈការសិក្សាលក្ខណៈបច្ចេកទេសរបស់មន្ដ្រីជំនាញ គឺមិនអាចប្រើប្រាស់ Power Bank ដើម្បីលួចយកទិន្នន័យបាននោះឡើយ ។
ជាមួយគ្នានេះ អគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនអនាមិកដែលប្រឌិតព័ត៌មានបំពុល នាំឲ្យប៉ះពាល់សន្ដិសុខជាតិបែបនេះ៕
ចែករំលែកព័តមាននេះ