ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន​បន្ថែម ​ករណី​ប្រទះ​ឃើញ​ទារក​ម្នាក់នៅ​ជម្ពូ​វ័ន ស្ត្រី​ដែល​ទទួល​យក​​ទៅ​ចិញ្ចឹម​នោះ ​វិះ​វ័ណ្ឌ.ក

2 ខែ មុន

រាជធានីភ្នំពេញ​ ៖ ស្ត្រី​​ម្នាក់ ​ដែល​ទទួលយក​ទារក​ម្នាក់ ​ត្រូវ​ម្ដាយ​សម្រាល​រួច ​ទុក​ចោល​ទៅ​ចិញ្ចឹម​នោះ​ វិះ​វ័ណ្ឌក ​ស្ទើរតែ​មានទោស​ទណ្ឌ​ទៅ​ហើយ ក្រោយ​ពី​ដំណឹង​ប្រទះ​ឃើញ​ទារក​នោះ ​ដឹង​ដល់​ខាង​មន្ទីរ​សង្គមកិច្ច…

រាជធានីភ្នំពេញ​ ៖ ស្ត្រី​​ម្នាក់ ​ដែល​ទទួលយក​ទារក​ម្នាក់ ​ត្រូវ​ម្ដាយ​សម្រាល​រួច ​ទុក​ចោល​ទៅ​ចិញ្ចឹម​នោះ​ វិះ​វ័ណ្ឌក ​ស្ទើរតែ​មានទោស​ទណ្ឌ​ទៅ​ហើយ ក្រោយ​ពី​ដំណឹង​ប្រទះ​ឃើញ​ទារក​នោះ ​ដឹង​ដល់​ខាង​មន្ទីរ​សង្គមកិច្ច ​អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា រាជធានី​ភ្នំពេញ ។
បន្ទាប់​មក ​មន្ត្រី​នៃ​មន្ទីរ​ខាងលើ​ ក៏​បាន​ចុះ​ទាមទារ​យក​ទារក​នោះ​វិញ ដើម្បី​យក​ទៅ​ដាក់​នៅ​មន្ទីរ ប៉ុន្តែ​ស្ត្រី​ខាងលើ​មិន​ព្រម​ប្រគល់​ឲ្យ​ឡើយ ហើយ​ក៏​ត្រូវ​បាន​មន្ត្រី​ខាងលើ ​ប្ដឹង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ឲ្យ​ចាត់វិធានការ​តាម​ច្បាប់ ដោយសារ​តែ​បែប​នេះ​ទើប​ស្ត្រី​រូប​នោះ​ បាន​ចូលខ្លួន​ទៅ​កាន់​ប៉ុស្តិ៍​ចាម​ចៅ​ទី​៣ ហើយ​សម្រេចចិត្ត​ប្រគល់​ទារក​ខាងលើ​ឲ្យ​ទៅ​មន្ត្រី​ទាំងនោះ​យក​ទៅវិញ ទើប​រួចខ្លួន ​។

ស្ត្រី​ដែល​ស្ទើរតែ​ក្លាយទៅជា​អ្នកទោស ព្រោះ​ទទួលយក​ទារក​នេះ​ទៅ​ចិញ្ចឹមនោះ​ មានឈ្មោះ​ ភាព ស្រី​នាង អាយុ​២៦​ឆ្នាំ មាន​មាន​ទីលំនៅ​កន្លែង​កើតហេតុ​ខាងលើ នាង​មាន​ប្ដី ​និង​កូនស្រី​ម្នាក់​ ផង​ដែរ ។

សូម​រំឭក​ថា «ស្ត្រី​មិន​ស្គាល់​មុខ​សម្រាលកូន​រួច​ទុក​ចោល​លើ​ជាន់​ទី​១​ផ្ទះល្វែង​ហើយ​គេចខ្លួន​បាត់» កាលពី​វេលា​ម៉ោងជាង​១០​ព្រឹក​ ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២៤ មាន​ក្មេង​ប្រុស​អាយុ​ ជាង​១០​ឆ្នាំ​ម្នាក់ ​បាន​ឡើង​ទៅ​លេង​លើ​ជាន់​ទី​១ ​ផ្ទះល្វែង​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។ ស្រាប់តែ​ប្រទះ​ឃើញ​ទារក​ម្នាក់​ ទើប​នឹង​កើតមក​ថ្មី​រុំ​សារ៉ុង ទុកនៅ​ក្បែរ​ស៊ីទែន​ទឹក​មួយ​ នៅ​លើ​ផ្ទះ​នោះ ហើយ​ក្មេង​ប្រុស​ខាងលើ ​ក៏​បាន​ស្រែក​ឆោឡោ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​ នាំ​គ្នា​មក​មើល ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ភ្លាម​ៗ​នោះ ​ដោយសារ​តែ​ការ​អាណិតអាសូរ​ខ្លាំង​ពេក ណាមួយ​ឃើញ​ទារក​នោះ​ស្អាត ហើយ​កំពុង​តែ​ចង់បាន​កូនប្រុស​ម្នាក់​ផង​នោះ ទើប​ស្ត្រី​ឈ្មោះ​ ភាព ស្រី​នាង បាន​យក​ទារក​នេះ​ ទៅ​លាង​សម្អាត​រួច ​នាំ​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ ដើម្បី​យក​ទៅ​ចិញ្ចឹម​ធ្វើ​ជា​កូនបង្កើត​របស់​ខ្លួន ​តែ​ម្ដង ។ គាត់​បាន​ទិញ​សម្ភារ​សម្រាប់​កូនង៉ែត ព្រមទាំង​រៀបចំ​ឯកសារ​ត្រៀម​ធ្វើ​សំបុត្រ​កំណើត និង​សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់​នៅ ដាក់​ទារក​នោះ​ទៅ​ជា​កូនបង្កើត​របស់​គាត់​ ទៅ​ហើយ ​ក្រោម​ការ​អបអរសាទរ​ ពី​អ្នក​កូ​មិ​គ្រប់​គ្នា​ ផង​ដែរ ។

ប្រភព​ខាងលើ​បាន​ប្រាប់​ទៀត​ថា ប៉ុន្តែ​អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​នោះ គាត់​មើលថែ​ទារក​នោះ​ បាន​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ស្រាប់តែ​ដំណឹង​នេះ ​ដឹង​ដល់​ខាង​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ ហើយ​ប្រធាន​មន្ទីរ​ បាន​ចាត់​ឲ្យ​មន្ត្រី​ ទៅ​ទទួលយក​ទារក​នោះ​ដាក់​នៅ​មន្ទីរ ។ ប៉ុន្តែ​ពេល​នោះ​ ត្រូវ​បាន​ស្ត្រី​ខាងលើ​បដិសេធ ​មិន​ព្រម​ប្រគល់​ឲ្យ​ឡើយ ស្រាប់តែ​មន្ត្រី​សង្គមកិច្ច​ទាំងនោះ​ បាន​ប្ដឹង​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ឲ្យ​ចាត់ការ​លើ​ស្ត្រី​រូប​នោះ ​ទៅ​តាម​ច្បាប់ ។

ស្ត្រី​រូប​នោះ ​បាន​និយាយ​ថា គាត់​ក៏​មានកូន​ហើយ​ដែរ ប៉ុន្តែ​ដោយសារ​តែ​មាន​និស្ស័យ អាណិតអាសូរ​ចំពោះ​ទារក​រូបនោះ ទើប​គាត់​យក​មក​ចិញ្ចឹម ហើយ​គាត់​បាន​ត្រៀម​អ្វី​ៗ​គ្រប់យ៉ាង​ ដើម្បី​ទារក​នោះ​រួច​អស់ហើយ ប៉ុន្តែ​ពេល​នេះ​ស្រាប់តែ​ខាង​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ ​ទៅ​ទាមទារ​យក​ទៅ​ដាក់​មន្ទីរ ហើយ​ពេល​គាត់​មិន​ព្រម​ឲ្យ មន្ត្រី​ខាងលើ​បាន​ប្ដឹង​គាត់ ។​ ទើប​គាត់​លែង​ចង់បាន​ទៀត​ហើយ និង​បាន​ចូល​ទៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ទី​៣ យក​ទារក​ម្នាក់នេះ ​ប្រគល់​ឲ្យ​មន្ត្រី​សង្គមកិច្ច​នោះ ​តែ​ម្ដង ដើម្បី​កុំ​ឲ្យ​មានរឿង​វែង​ឆ្ងាយ ។

ដោយឡែក ​ខាង​មន្ត្រី​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ បាន​និយាយ​ថា មិន​អាច​ឲ្យ​ទារក​នេះ ​ទៅ​ខាងណា​ចិញ្ចឹម​នោះ​ទេ គឺ​ខាង​មន្ទីរ​ជា​អ្នក​ចិញ្ចឹម ហើយ​បើ​ស្ត្រី​រូប​នេះ ​ចង់បាន​យក​ទៅ​ចិញ្ចឹម ​សូម​ធ្វើ​លិខិតស្នើ​សុំ​ទៅ​ខាង​មន្ទីរ​ តាម​ដំណាក់​ការ​ទៅ ។

សូម​បញ្ជាក់​ផង​ដែរ​ថា រឿងហេតុ​ដូច​គ្នា​បែប​នេះ ​បាន​កើត​រួច​ម្ដង​មក​ហើយ កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៤ ខណៈ​ដែល​ព្រះ​ភិក្ខុសង្ឃ​១​អង្គ​ បាន​ទទួលយក​ទារក​ម្នាក់​ ដែល​គេ​ប្លុង​ចោល​ពី​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​ទី​៣ ដើម្បី​យក​ទៅ​ចិញ្ចឹម​បីបាច់​ថែរក្សា ដូច​ជា​សាច់ញាតិ​របស់​ព្រះ​អង្គ។ បន្ទាប់​មក​ ព្រះ​អង្គ​បាន​យក​ទារក​នោះ​ ទៅ​ឲ្យ​ញោម​របស់​ព្រះ​អង្គ ​នៅ​ឯ​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល មើលថែ​ ដោយ​ព្រះ​អង្គជា​អ្នក​ទំនុកបម្រុង​ពីក្រោយ ហើយ​ព្រះ​អង្គ ​ក៏​មាន​បំណង​ថា ​ពេល​ចិញ្ចឹម​ទារក​នោះ​ធំ​ហើយ ​និង​បំបួស​ឲ្យ​បាន​រៀនសូត្រ​ នឹង​គេ ​។ ប៉ុន្តែ​អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​នោះ​ គឺក្រោយ​ពេល​ ដែល​ព្រះសង្ឃ​អង្គ​នោះ ​យក​ទារក​ខាងលើ​ទៅ​ចិញ្ចឹម​បាន​ត្រឹមតែ​៥​ថ្ងៃ​ប៉ុណ្ណោះ ស្រាប់តែ​លោក​ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា រាជធានី​ភ្នំពេញ បញ្ជា​ឲ្យ​មន្ត្រី​ក្រោមឱវាទ​របស់​ខ្លួន ​ទៅ​ទាមទារ​យក​ទារក​នោះ​ពី​ព្រះសង្ឃ​វិញ។ ពេល​នោះ ​ព្រះ​អង្គ​មានការ​ហួសចិត្ត​យ៉ាង​ខ្លាំង ហើយ​ទាំង​ព្រះ​អង្គ​រួម​និង​មន្ត្រី​សាលាសង្កាត់​ចោម​ចៅ​ទី​៣​ មួយ​ចំនួន​ បាន​ស្រក់​ទឹកភ្នែក ដោយ​ក្ដី​អា​លោះ​អាល័យ​ ចំពោះ​ទារក​នោះ​គ្រប់​ៗ​គ្នា​ទៀត​ផង ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ