រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រកាសបញ្ចប់វិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្នគ្រឿងក្នុង និងបំណែកសាច់សត្វបង្កក ។ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ គយនិងរដ្ឋករកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការបញ្ចប់វិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្នគ្រឿងក្នុង និងបំណែកសាច់សត្វបង្កក ក្រោយផ្អាកមួយរយៈក្នុងការនាំចូលគ្រឿងក្នុង និងបំណែកសាច់សត្វបង្កក ។

ប្រភពបានលើកឡើងថា អនុលោមតាមខ្លឹមសារលិខិតរបស់ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(អគរ) មានកិត្តិយសសូមជម្រាបជូនសាធារណជន ក៏ដូចជា ធុរជនពាក់ព័ន្ធជ្រាបថា ការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវមុខទំនិញគ្រឿងក្នុងសត្វជ្រូក ចំនួន២បន្ទាត់ពន្ធ (០២០៦.៤១.០០ និង ០២០៦.៤៩.០០) ដូចមានចែងក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ត្រូវផុតសុពលភាព នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ។

ក្នុងន័យនេះ ចាប់ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥តទៅ ប្រព្រឹត្តកម្មលើការនាំចូលមុខទំនិញគ្រឿងក្នុងសត្វជ្រូកបង្កកខាងលើត្រូវអនុលោមតាមបញ្ញត្តិអនុក្រឹត្យ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ជាធរមានវិញ ៕
ចែករំលែកព័តមាននេះ