កម្ពុជាបានកំពុងតែស្នើសុំការគាំទ្រពីទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ដើម្បីប្រើប្រាស់បច្ចេកវិទ្យាបរមាណូ ឬនុយក្លេអែរ ដើម្បីបម្រើក្នុងការវិភាគ ពិសោធន៍ និងជួសជុលសម្បត្តិបេតិកភណ្ឌ និងស្នើសុំឧបករណ៍វិភាគពិសោធន៍ចាំបាច់មួយចំនួន។
ពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យានេះ លោក ឡេង វិទូ ប្រធាននាយកដ្ឋានស្តីទីនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា និងមន្ត្រីជំនាញបានជួបប្រជុំពិភាក្សាការងារជាលោកស្រី គីមប័លី រ៉ូសែល័ ( Kimberley-ROESSELER ) មន្ត្រីគ្រប់គ្រងគម្រោង របស់កម្ពុជានៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ និងមន្ត្រីទំនាក់ទំនងជាតិលើកិច្ចការបច្ចេកទេស នៅកម្ពុជា មកពីក្រសួងរ៉ែនិងថាមពលរួចហើយ ។
នៅក្នុងកិច្ចប្រជុំនេះ លោក ឡេង វិទូ បានលើកឡើងផ្តោតសំខាន់ទៅលើរបៀបវារៈចំនួន២ គឺការពិនិត្យលើការអនុវត្តគម្រោងដែលក្រសួងទទួលបានក្នុងឆ្នាំ២០២៤-២០២៥ ពាក់ព័ន្ធនឹងសមត្ថភាព ការពង្រឹងសមត្ថភាពបច្ចេកវិទ្យាបរមាណូសម្រាប់បេតិកភណ្ឌវប្បធម៌ និងកម្មវិធីឧស្សាហកម្ម និងទី២ពិនិត្យលើសំណើរគម្រោងឆ្នាំ២០២៦-២០២៧ អំពី បច្ចេកវិទ្យានុយក្លេអ៊ែរសម្រាប់បេតិកភណ្ឌវប្បធម៌ និងកម្មវិធីឧស្សាហកម្ម។
កិច្ចពិភាក្សាផ្លាស់ប្តូរយោបល់នេះបានបញ្ចប់ប្រកបទៅដោយផ្លែផ្កា ដោយ លោកស្រី គីមប័លី រ៉ូសែល័ បានឯកភាពគាំទ្រចំពោះគម្រោងស្នើសុំសម្រាប់២០២៦-២០២៧។ មកដល់ពេលនេះក្រសួងវប្បធម៌និងវិចិត្រសិល្បៈកំពុងទទួលបាន និងបន្តស្នើទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ លើការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងការប្រើប្រាស់បច្ចេកវិទ្យាបរាមាណូក្នុងការវិភាគ ពិសោធន៍ និងជួសជុលសម្បត្តិបេតិកភណ្ឌ និងស្នើសុំឧបករណ៍វិភាគពិសោធន៍ចាំបាច់មួយចំនួន។
ចែករំលែកព័តមាននេះ