រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានយកកាបូបខោអាវមួយ ចេញពីក្នុងផ្ទះមួយកន្លែង ដែលជនជាតិចិន ធ្លាប់ជួលស្នាក់នៅមួយរយៈ រួចក៏ឈប់ស្នាក់នៅវិញ ហើយពេលនេះ ត្រូវបានម្ចាស់ផ្ទះរើសម្អាត ដើម្បីដាក់ជួលឲ្យអ្នកផ្សេងបន្តទៀត។ បន្ទាប់មកស្ត្រីម្នាក់បានយកកាបូបនោះដាក់លើកង់ រួចដឹកយកទៅកន្លែងដែលគាត់លក់ដូរភេសជ្ជៈ ហើយបានរូតកាបូបនោះ ដើម្បីយកខោអាវ ស្រាប់តែប្រទះឃើញរបស់ម្យ៉ាងមានសណ្ឋានដូចគ្រាប់បែក ។
ខណៈនោះ បានធ្វើឲ្យគាត់ភ័យព្រលឹងចុងសក់ និងបានរាយការណ៍ទៅកាន់នគរបាលប៉ុស្តិ៍សំរោងក្រោមឲ្យទៅមើល ចំណែកកម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ក៏បានចុះទៅពិនិត្យមើលភ្លាមដែរ។ ក្រោយពីធ្វើការពិនិត្យច្បាស់លាស់ ទើបស្គាល់ថា តាមពិតវត្ថុនោះ មិនមែនគ្រាប់បែកឡើយ វាគឺជាឧបករណ៍ច្របាច់ខ្យល់សោះ ។
ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងបុរីពិភពថ្មីឈូកវ៉ា២ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រជាការពារម្នាក់ បានប្រាប់ឲ្យដឹងថា មានផ្ទះមួយកន្លែង ត្រូវបានម្ចាស់ជួលឲ្យជនជាតិចិន១ក្រុម ស្នាក់មួយរយៈកន្លងមកហើយ ប៉ុន្តែនៅរយៈពេល៣ខែចុងក្រោយនេះ ស្រាប់តែជនជាតិចិននោះអត់បង់លុយឲ្យ ហើយក៏ឈប់ស្នាក់នៅទៀតដែរ ទើបម្ចាស់ផ្ទះបានរើសរបស់របរចឹញ ដើម្បីសម្អាតលើកស្លាកជួលបន្តឲ្យអ្នកថ្មីទៀត ហើយខណៈពេលកំពុងរើ ស្រាប់តែមានស្ត្រីម្នាក់ដើរទៅឃើញទីនោះមានកំប៉ុងអេតចាយ ក៏បានសុំម្ចាស់ផ្ទះខាងលើ ។
ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ម្ចាស់ផ្ទះខាងលើគាត់មិនកំណាញ់ឡើយ ហើយមិនត្រឹមតែឲ្យកំប៉ុងអេតចាយប៉ុណ្ណោះទេ គាត់ក៏បានឲ្យស្ត្រីរូបនោះរើរកខោអាវ ដែលនៅស្អាត ដើម្បីយកទៅស្លៀកពាក់ ឬក៏ឃើញមានរបស់អ្វី ដែលអាចប្រើប្រាស់បានក៏យកទៅ។ ក្រោយពេលម្ចាស់ផ្ទះអនុញ្ញាតបែបនេះ ស្ត្រីខាងលើក៏បានរើមើល ហើយបានប្រទះឃើញកាបូបខោអាវមួយនៅស្អាត គាត់មិនបានឆែកមើលនោះទេ ក៏រើសយកដាក់លើកង់របស់គាត់ រួចដឹកយកទៅកន្លែងដែលគាត់លក់ដូរ ។
ប្រភពខាងលើ បានបញ្ជាក់ប្រាប់ថា ពេលទៅដល់ស្ត្រីនោះបានរូតកាបូបទាញយកខោអាវមើល ស្រាប់តែព្រលឹងចុងសក់ ដោយគាត់បានប្រទះឃើញមានវត្ថុម្យ៉ាង មានសណ្ឋានដូចគ្រាប់បែក ។ ពេលនោះគាត់បានទុកកាបូបចោលរួចរាយការណ៍ ទៅកាន់នគរបាលប៉ុស្តិ៍សំរោងក្រោម ឲ្យទៅមើល ចំណែកកម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ក៏បានចុះទៅពិនិត្យមើលភ្លាមដែរ។ ក្រោយការពិនិត្យជាក់ស្ដែង ទើបដឹងច្បាស់ថា តាមពិតវត្ថុនោះមិនមែនជាគ្រាប់បែកអ្វីឡើយ វាគឺជាឧបករណ៍ច្របាច់ខ្យល់សម្រាប់ផ្លុំធូលី ក្នុងការជួសជុលទូរសព្ទដៃ ឬនាឡិកាដៃប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ