រាជធានីភ្នំពេញ ៖ យើងបានដឹងរួចមកហើយថា អ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ មានការលើសជាតិស្ករក្នុងឈាមរបស់គាត់ ដោយសារតែលំពែងមិនអាចផលិតអាំងស៊ុយលីនបាន។ មូលហេតុ នៃការខូចខាត ដែលនាំអោយការផលិតអាំងស៊ុយលីន មិនអាចប្រព្រឹត្តទៅបាននេះ គឺដោយសារតែមានភាពមិនប្រក្រតី នៃប្រព័ន្ធភាពស៊ាំនៅក្នុងខ្លួនរបស់ពួកគាត់ (អង់ទីគ័ររបស់ពួកគាត់ បានធ្វើការប្រឆាំងនឹងលំពែងរបស់ពួកគាត់ខ្លួនឯង) ដែលជាដើមហេតុ នៃការដែលមិនអាចផលិតអាំងស៊ុយលីនបាន នេះបើយោងតាមការចេញផ្សាយរបស់មន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤នេះ ។
ដំបូងឡើយ មុនរបកគំហើញ នៃអាំងស៊ុយលីន អ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ មិនអាចរស់រានមានជីវិតបានយូរអង្វែងឡើយ។ ប៉ុន្តែចាប់តាំងពីបានរកឃើញអាំងស៊ុយលីន ដែលមានអាយុកាល ១០០ឆ្នាំ កន្លងមកនេះ គឺបានធ្វើអោយមានការផ្លាស់ប្ដូរទាំងស្រុង នៃការវិវឌ្ឍន៍របស់ជំងឺទឹកនោមផ្អែមប្រភេទទី១ ក៏ដូចជាការរស់នៅរបស់អ្នកជំងឺផងដែរ ។
អ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ មានគុណភាពជីវិតកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយពួកគាត់អាចធ្វើការប្រកបរបរប្រចាំថ្ងៃ ក៏ដូចជាអាចចូលរួមក្នុងកម្មវិធីសង្គមផ្សេងៗ បានដូចអ្នក ដែលមិនមានជំងឺនេះ ផងដែរ ។
ការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី១ គឺចាប់ផ្ដើមដោយការចាក់អាំងស៊ុយលីន ដែលជាធម្មតាអាចមានភាពខុសគ្នាខ្លះ ពីមួយកន្លែងទៅមួយកន្លែង ដោយនៅកន្លែងខ្លះ គេធ្វើការចាក់ដោយប្រើសឺរ៉ាំង កន្លែងខ្លះទៀត គេធ្វើការចាក់ដោយប្រើប៊ិក ហើយបច្ចេកវិទ្យាថ្មីមួយនាពេលចុងក្រោយនេះ គឺការប្រើប្រាស់ INSULIN PUMP ។
ចំពោះអ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ ខាងលើ បើទោះបីជាគាត់បានទទួលទានអាហារ ឬក៏មិនបានទទួលទានអាហារក្ដី សារពាង្គកាយរបស់គាត់ត្រូវការអាំងស៊ុយលីនជាចាំបាច់។ ដូចនេះ គ្រូពេទ្យតែងតែណែនាំ ឬក៏ចេញវេជ្ជបញ្ជាអោយអ្នកជំងឺចាក់អាំងស៊ុយលីន យ៉ាងហោចណាស់ ៣ទៅ ៤ម្ជុល ក្នុងមួយថ្ងៃ ដើម្បីរក្សាបាននូវកម្រិតជាតិស្ករក្នុងឈាមរបស់គាត់ អោយនៅប្រក្រតី ។
ក្នុងរយៈកាល ១០០ឆ្នាំ បន្ទាប់ពីបានរកឃើញ នូវអាំងស៊ុយលីននេះ មានអាំងស៊ុយលីនជាច្រើនប្រភេទ ត្រូវបានផលិតឡើង ដូចជា ៖ អាំងស៊ុយលីនយឺត អាំងស៊ុយលីនលឿន អាំងស៊ុយលីន ត្រូវបានលាយគ្នារួចជាស្រេចក្នុងដបតែមួយ ។ល។
ភាគច្រើន នៃអ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ ត្រូវចាក់អាំងស៊ុយលីន ច្រើនម្ជុលក្នុងមួយថ្ងៃ និងមានរយៈពេលយូរ ដែលជាការលំបាកដ៏ធំមួយរបស់ពួកគាត់។ ហេតុនេះហើយ ទើបអ្នកវិទ្យាសាស្ត្របានខិតខំបង្កើតនូវបច្ចេកវិទ្យាថ្មីមួយ គឺ Continuous Subcutaneous Insulin Infusion (INSULIN PUMP) ដែលតម្រូវអោយអ្នកជំងឺធ្វើការចាក់ក្រោមស្បែក តែមួយដងប៉ុណ្ណោះ ក្នុងរយៈពេលបីថ្ងៃ ។
លើសពីនេះទៅទៀត ការប្រើប្រាស់ INSULIN PUMP មានសុក្រឹតភាពខ្ពស់ជាងការប្រើប្រាស់សឺរ៉ាំង ឬក៏ប៊ិក ដោយអ្នកជំងឺអាចធ្វើការសម្របសម្រួលកម្រិតជាតិថ្នាំ ទៅតាមខណៈពេលនីមួយៗ ក្នុងពេលវេលា ២៤ម៉ោង របស់ពួកគាត់ បានយ៉ាងងាយស្រួល មានប្រសិទ្ធភាពខ្ពស់ កាត់បន្ថយ នូវការចុះជាតិស្ករក្នុងឈាមជ្រុល បង្កើនគុណភាពជីវិតរបស់អ្នកជំងឺ និងអាចកាត់បន្ថយ នូវផលវិបាករ៉ាំរ៉ៃនានា របស់អ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ បានផងដែរ ។
មិនមែនមានន័យថា ការចាក់អាំងស៊ុយលីន ដោយប្រើប្រាស់សឺរ៉ាំង ឬប៊ិក គ្មានប្រសិទ្ធភាពនោះទេ! ប៉ុន្តែការដែលប្រើប្រាស់ នូវ INSULIN PUMP នេះ គឺមានលក្ខណៈប្រសើរជាង ទំនើបជាង ផ្ដល់នូវភាពងាយស្រួល និងផាសុកភាពដល់អ្នកជំងឺ ។
ទោះបីជាយ៉ាងណា ការប្រើប្រាស់ INSULIN PUMP គឺជាការប្រើប្រាស់នូវបច្ចេកវិទ្យាមួយ ដែលរាល់អ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ទាំងអស់ មិនមែនសុទ្ធតែអាចនឹងត្រូវប្រើប្រាស់នូវ INSULIN PUMP នេះ គ្រប់គ្នានោះទេ។ ដូចនេះ អ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ គួរតែទៅធ្វើការប្រឹក្សាជាមួយនឹងវេជ្ជបណ្ឌិតជំនាញ នៅក្នុងការប្រើប្រាស់ INSULIN PUMP នេះ ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និង គុណប្រយោជន៍ ៕
ចែករំលែកព័តមាននេះ