រាជធានីភ្នំពេញ ៖ អគារមួយកន្លែងនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ខាងកើតស្ពានអាកាស៥មករា ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ត្រូវបានអគ្គិភ័យឆាបឆេះផ្សែងហុយខ្មួលខ្មាញ់ ចេញមកពីបន្ទប់ជាន់ក្រោម ខណៈពេលដែលជាងកំពុងតែជួសជុល ។
ដែលហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤នេះហើយ រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់ អស់រយៈពេលប្រមាណ១ម៉ោង ទើបភ្លើងបានរលត់ទៅវិញ ។
តាមព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញភ្លើងបានឆាបឆេះផ្សែងហុយទ្រលោមចេញពីបន្ទប់ក្រោមដី ហើយសាយភាយមកតាមច្រកទ្វារខាងមុខ ហើយបង្កអោយមានការភ្ញាក់ផ្អើលដល់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅអន្តរាគន៍ ។
តាមនគរបាលបានអោយដឹងថា អគ្គិភ័យនេះ បណ្តាលមកពីឆេះសាឡុងនៅបន្ទប់ក្រោមដី ខណៈពេលដែលជាងកំពុងតែជួសជុល ។ ទោះបីជាយ៉ាងណាគេពុំទាន់ដឹងថា បណ្តាលមកពីមូលហេតុអ្វីពិតប្រាកដឡើយ ។
គេមានការសង្ស័យថា អគ្គិភ័យនេះ បណ្តាលមកពីជាងផ្សារដែកជួសជុល ធ្លាក់កម្ទេចទៅលើសាឡុង ក្លាយជាអគ្គិភ័យតែម្តង ។ តាមនគរបាលការិយាល័យ បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះបានអោយដឹងថា អគ្គិភ័យនេះ បណ្តាលអោយរងការខូចខាតសម្ភារៈមួយចំនួននៅក្នុងបន្ទប់ក្រោមដី តែពុំបណ្តាលអោយឆេះរាលដាលឡើយ ៕
ចែករំលែកព័តមាននេះ