ក្រុមអ្នកជំនាញកម្ពុជា បានកំពុងតែរៀបចំការពង្រឹង និងគ្រប់គ្រងទន្លេនានា នៅក្នុងប្រទេស ដើម្បីធានានិរន្តរភាពសង្គម-សេដ្ឋកិច្ច និងជីវសាស្ត្ររបស់ទន្លេទាំងនោះ ។
ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ បានអញ្ជើញបើកកិច្ចប្រជុំអន្តរក្រសួងលើកដំបូងរបស់សមាជិកនៃគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ។
សូមជម្រាបថា កិច្ចប្រជុំអន្តរក្រសួងនាពេលនេះ មានការចូលរួមពីសមាជិកនៃគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេតំណាងឱ្យក្រសួងស្ថាប័នពាក់ព័ន្ធនានា ។
នៅក្នុងកិច្ចប្រជុំនេះ លោក រដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កិច្ចប្រជុំនេះ ក្នុងគោលបំណងដើម្បី ពង្រឹងកិច្ចសហប្រត្តិបត្តិការអន្តរក្រសួងក្នុងការគ្រប់គ្រងអាងទន្លេ ព្រមទាំងពិភាក្សានិងពង្រឹងកិច្ចការគ្រប់គ្រងអាងទន្លេប្រកបដោយចីរភាព ។ លោក រដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ការងារគ្រប់គ្រងអាងទន្លេជាការអនុវត្តដ៏សំខាន់មួយក្នុងការការពារធនធានទឹក ការអភិរក្ស និងការអភិវឌ្ឍប្រកបដោយចីរភាព អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅកម្ពុជា ដោយធានាបាននូវអត្ថប្រយោជន៍រួមដល់ប្រព័ន្ធអេកូឡូស៊ី និងសង្គម-សេដ្ឋកិច្ច ។
លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការងារគ្រប់គ្រងអាងទន្លេទាមទារឱ្យមានការចូលរួមពីអន្តរក្រសួង និងភាគីពាក់ព័ន្ធពីវិស័យផ្សេងៗ រួមទាំងទីភ្នាក់ងាររដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សហគមន៍មូលដ្ឋាន អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា ដើម្បីពិភាក្សា ធ្វើផែនការ ស្វែងរកដំណោះស្រាយ និងពង្រឹងយន្តការសម្របសម្រួលធានាដល់ការអនុវត្តគោលនយោបាយ និងកម្មវិធីប្រកបដោយប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចេញសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាព នៃគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ ដែលមាន លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាប្រធាន និង លោក ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ជាអនុប្រធានអចិន្ត្រៃយ៍ រួមជាមួយ រដ្ឋលេខាធិការ អនុប្រធាន និងសមាជិកមកពីក្រសួងពាក់ព័ន្ធសរុប ១៧រូប ។
នៅកម្ពុជាមានទន្លេជាច្រើនដូចជា ទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេសាប ទន្លេបាសាក ទន្លេស្រែពក ទន្លេសេសាន និងទន្លសេកុងជាដើម ៕
ចែករំលែកព័តមាននេះ