រាជធានីភ្នំពេញ ៖ ជនមិនស្គាល់មុខបានបើកយករថយន្ត១គ្រឿងយកទៅប្លុងចោលនៅតាមផ្លូវលំមួយកន្លែង ស្ថិតនៅកែងផ្លូវបេតុងចូលភូមិព្រៃឈូក សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ រួចចាកចេញទៅបាត់ ដោយពុំដឹងថា ជារថយន្តចោរលួចមកពីណា ឬមានជាប់ពាក់ព័ន្ធបទល្មើសអ្វីផ្សេងទៀតនោះឡើយ ហើយត្រូវបានអ្នកភូមិប្រទះឃើញកាលពីវេលាព្រឹក ថ្ងៃទី២៧ ខែមិថុនានេះ ។
លុះដល់វេលាម៉ោងជាង១០ព្រឹក ថ្ងៃដដែលមិនឃើញម្ចាស់ទៅយកវិញទៀត ទើបអ្នកភូមិរាយការណ៍ជូននគរបាលឲ្យចុះទៅពិនិត្យមើល ។ បន្ទាប់មកនគរបាលក៏បាននាំយករថយន្តខាងលើនោះទៅរក្សាទុក ដើម្បីបន្តធ្វើការស្រាវជ្រាវរកម្ចាស់ និងមូលហេតុដែលយកទៅប្លុងចោលនោះ ។
រថយន្តខាង លើម៉ាកអូឌី ពណ៌ខ្មៅ ពាក់ស្លាកលេភ្នំពេញ 2O-0078 ចាក់សោទ្វារទាំង៤ជាប់ ហើយប្រឡាក់ដី និងភក់ស្រម៉ក មិនដឹងថា បើកចេញពីកន្លែងណា ហើយយកទៅប្លុងចោលនៅកន្លែងនោះទេ ហើយក៏ពុំដឹងថា អ្នកយកទៅប្លុងចោលនោះគឺជាជនជាតិខ្មែរ ឬចិននោះទេ ។
អ្នកភូមិបានប្រាប់ឲ្យដឹងថា ពួកគាត់មិនបានឃើញថា រថយន្តខាងលើទៅឈប់នៅកន្លែងកើតហេតុនោះ តាំងពីពេលណាមកនោះទេ ប៉ុន្តែព្រឹកឡើងពេលក្រោកពីដេកទើបប្រទះឃើញ ។
បន្ទាប់មកបានរង់ចាំមើលក្រែងមានម្ចាស់ត្រឡប់ទៅយកវិញ ប៉ុន្តែរហូតដល់វេលាម៉ោងជាង១០ព្រឹកថ្ងៃដដែលទៅហើយ នៅតែមិនឃើញសោះទើបរាយការណ៍ជូននគរបាលប៉ុស្តិ៍ស្នោរ ខណ្ឌកំបូល ឲ្យចុះពិនិត្យមើល ។
ក្រោយទទួលបានដំណឹងនេះហើយ កម្លាំងនគរបាលប៉ុស្តិ៍ស្នោរ និងនគរបាលខណ្ឌកំបូល បានចុះទៅពិនិត្យជាក់ស្ដែង បន្ទាប់មកបាននាំយករថយន្តខាងលើនោះទៅរក្សាទុក ។ ដើម្បីបន្តធ្វើការស្រាវជ្រាវរកម្ចាស់ និងមូលហេតុដែលយករថយន្តទៅប្លុងចោលនោះហើយ ដើម្បីឲ្យដឹងថារថយន្តនេះមានជាប់ពាក់ព័ន្ធដែរឬអត់ ៕
ចែករំលែកព័តមាននេះ