ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មេម៉ាយម្នាក់ បិទទ្វារ​ផ្ទះ​ទៅ​ស្នាក់​នៅ​ព្យាបាល​ជំងឺ​ឯ​ផ្ទះ​កូន ក្រុង​ប៉ោយ​ប៉ែ​ត ​ត្រឡប់​មក​វិញ ​ចោរ​គាស់​ផ្ទះ​ចូល​លួច​សម្ភារ​ខ្ទេចខ្ទី

3 ខែ មុន

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​មេម៉ាយ​វ័យ​ចំណាស់​មាន​ជំងឺ​ប្រចាំ​កាយ​ម្នាក់ ត្រូវ​បាន​ចោរ​ចូល​គាស់​ជញ្ជាំង​ផ្ទះ​(​ស័ង្កសី​) លួច​យក​សម្ភារ​ក្នុងផ្ទះ​អស់​ខ្ទេចខ្ទី ខណៈ​ដែល​គាត់​ចេញ​ទៅ​ស្នាក់​នៅ​ព្យាបាល​ជំងឺ​ឯ​ផ្ទះ​កូន​របស់​ខ្លួន នៅ​ឯ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ អស់​រយៈពេល​ជាង​១​ខែ លុះ​ពេល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ…

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​មេម៉ាយ​វ័យ​ចំណាស់​មាន​ជំងឺ​ប្រចាំ​កាយ​ម្នាក់ ត្រូវ​បាន​ចោរ​ចូល​គាស់​ជញ្ជាំង​ផ្ទះ​(​ស័ង្កសី​) លួច​យក​សម្ភារ​ក្នុងផ្ទះ​អស់​ខ្ទេចខ្ទី ខណៈ​ដែល​គាត់​ចេញ​ទៅ​ស្នាក់​នៅ​ព្យាបាល​ជំងឺ​ឯ​ផ្ទះ​កូន​របស់​ខ្លួន នៅ​ឯ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ អស់​រយៈពេល​ជាង​១​ខែ លុះ​ពេល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ គាត់​ក្រឡេក​ឃើញ​ជញ្ជាំង​ស័ង្កសី​ផ្ទះ​របើក ដោយ​មានការ​សង្ស័យ ក៏​ចាក់សោ​ចូល​ទៅ​មើល ទើប​ដឹង​ថា ត្រូវ​ចោរ​គាស់​ចូល​ដើម្បី​លួច​សម្ភារៈ តែ​ម្តង ។

ហេតុការណ៍​បង្ក​ឱ្យ​មានការ​ភ្ញាកផ្អើល​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៤ ស្ថិត​នៅ​ក្នុងភូមិ​អូរ​ច្រា​លិច សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដោយ​ទទួល​រង​បាត់បង់​សម្ភារ​ផ្ទះបាយ មាន​ដូច​ជា ៖ ចាន ឆ្នាំង ស្លាបព្រា អង្ករ គ្រឿងទេស​ធ្វើ​ម្ហូប សម្លៀក​បំពាក់ និង​សម្ភារ​ផ្សេង​ៗ ជា​ច្រើន​ទៀត គិត​ជា​ទឹកប្រាក់​ជិត​១,០០០​ដុល្លារ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល បានឱ្យ​ដឹង​ថា ស្ត្រី​មេម៉ាយ​វ័យ​ចំណាស់​មានឈ្មោះ ទី វ​ន្នី អាយុ​៦៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​ខាងលើ មានកូន​ចំនួន​៤​នាក់ (​ប្រុស​២ ស្រី​២) មានគ្រួសារ​ទាំងអស់ រស់នៅ​តាម​ខេត្ត​ផ្សេង​ៗ ។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ ស្ត្រី​មេម៉ាយ​ខាងលើ បាន​ទៅ​សម្រាក​ព្យាបាល​ជំងឺ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​ម្នាក់ឯង អស់​រយៈពេល​៣​ថ្ងៃ លុះ​កូនស្រី​រស់នៅ​ឯ​ក្រុង​ប៉ោយ​ប៉ែ​ត ដឹង​ដំណឹង​ម្តាយ​ឈឺ ក៏​ប្រាប់​ឱ្យទៅ​សម្រាក​ព្យាបាល​នៅ​ឯ​ផ្ទះ​របស់​ខ្លួន ព្រោះ​មាន​អ្នក​មើលថែ​ទាំ ។ ក្រោយ​ពេល​គាត់​ចេញ​ទៅ​ដេក​ព្យាបាល​នៅផ្ទះ​កូន បាន​ធូរស្បើយ​គ្រាន់បើ ក៏​នឹក​ផ្ទះ រួច​ត្រឡប់​មក​វិញ​។ តែ​គាត់​ក៏​តែងតែ​ផ្តាំផ្ញើ​អ្នក​ជិតខាង និង​កូន​ម្នាក់ រស់នៅ​ក្បែរ​នោះ ឱ្យ​ឧស្សាហ៍​ដើរទៅ​អើត​មើល​ជា​រឿយ​ៗ​ផង​ដែរ តែ​គ្មាន​ឃើញ​អ្វី​ប្លែក​នោះ​ទេ​។ ស្រាប់តែ​ពេល​គាត់​ចុះ​ពីលើ​រថយន្ត ដើរ​តម្រង់​ទៅ​ក្បែរ​ជញ្ជាំង​ផ្ទះ ក៏​ឃើញ​ស័ង្កសី​របើក ហើយ​គាត់​គិត​ថា ប្រហែល​មាន​អ្នក​ណា​លួច​គាស់​ហើយ ។ រួច​គាត់​ក៏​ចាក់សោ​ទ្វារផ្ទះ​ចូល​ទៅ​មើល​ខាងក្នុង​ផ្ទះ ឃើញ​អ្វី​ៗ នៅ​រាយ​ប៉ាយ ទើប​ដឹង​ថា ត្រូវ​ចោរលួច​យក​របស់របរ​អស់​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​ខាងលើ បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ប​យ៉ា​ខា ដើម្បី​ធ្វើ​កំណត់ហេតុ និង​តាម​ស៊ើបអង្កេត ដើម្បី​ចាប់​ជនសង្ស័យ​យក​មក​អនុវត្ត​តាម​ផ្លូវច្បាប់ ។

ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងប៉ៃលិន មានការ​ភ័យ​ខ្លាចរអារ​យ៉ាង​ខ្លាំង ខណៈ​ដែល​នៅ​ដើមខែ​មិថុនា ឆ្នាំ​២០២៤​នេះ ត្រូវ​បាន​ចោរ​គាស់​ផ្ទះ​អស់​ចំនួន​៣​កន្លែង ដោយ​លួច​យក​សម្ភារ​ផ្សេង​ៗ អស់​ជា​ច្រើន ដែល​ធ្វើ​ឱ្យ​ពួក​គាត់​ដេក​មិន​លក់​បក់​មិន​ល្ហើយ ហើយ​ក៏​មិន​ហ៊ាន​ចេញ​ទៅ​ធ្វើការ​នៅ​កន្លែង​ណា​ឆ្ងាយ​ពី​ផ្ទះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ