ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រឡេកមើលផ្ទះបុរាណ កំពុងក្លាយជាទីផ្សារមានប្រជាប្រិយ អ្នកភូមិយកផ្ទះបុរាណអាយុជិត២០០​ឆ្នាំ​ធ្វើជាទីផ្សារលក់ទំនិញដ៏មមាញឹកនិងទាក់​ទាញ​បំផុត

3 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ផ្ទះបុរាណ០៣ខ្នងធ្វើអំពីឈើប្រក់ក្បឿង ដែលម្ចាស់ប៉ាន់ប្រមាណថា មានអាយុ

ខេត្តបាត់ដំបង ៖ ផ្ទះបុរាណ០៣ខ្នងធ្វើអំពីឈើប្រក់ក្បឿង ដែលម្ចាស់ប៉ាន់ប្រមាណថា មានអាយុកាលជិត២០០ឆ្នាំទៅហើយនោះ បាននិងកំពុងទាក់ទាញចំណាប់អារម្មណ៏មនុស្សម្នាយ៉ាងខ្លាំង ដោយសារតែម្ចាស់ផ្ទះនេះបានរៀបចំយ៉ាងស្អាត ធ្វើជាទីផ្សារផ្ដល់ឲ្យអ្នកភូមិលក់ដូរទំនិញគ្រប់ប្រភេទយ៉ាងមមាញឹកបំផុត។ អ្នកខ្លះហៅថា «ផ្សារផ្ទះបុរាណ» រីឯអ្នកខ្លះទៀតហៅថា «ផ្សារសុភី»។

ផ្សារផ្ទះបុរាណ ឬ ផ្សារសុភី ដ៏តូចច្រឡឹងនេះ មានទីតាំងស្ថិតនៅភូមិសុភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ក្បែរដងស្ទឹងសង្កែ ត្រើយខាងកើត។ ផ្ទះបុរាណ០៣ខ្នងនេះមានទំហំ៨x១៥ម៉ែត្រ ធ្វើពីឈើប្រក់ក្បឿង មានសរសរចំនួន២៨ដើម ដែលសាងសង់លើផ្ទៃដីទំហំ២០០ម៉ែត្រការ៉េ។ ប៉ុន្តែមានផ្នែកខ្លះ នៃរតខាងក្រោមត្រូវបានជួសជុលផ្លាស់ឈើថ្មី ហើយដំបូលក៏ត្រូវជួសជុលខ្លះៗដែរ តែនៅមានសភាពរឹងម៉ាំនៅឡើយ។

នេះបើតាមប្រសាសន៏របស់អ្នកស្រី ព្រំ ធានី អាយុ៦០ឆ្នាំ ដែលជាម្ចាស់ផ្សារផ្ទះបុរាណនេះ។ អ្នកស្រី ព្រំ ធានី បានផ្ដល់បទសម្ភាសន៏ជាមួយកោះសន្តិភាព កាលពីចុងសប្ដាហ៏មុន ដោយអ្នកស្រីបានរៀបរាប់អំពីការប្រែក្លាយផ្ទះបុរាណរបស់អ្នកស្រីឲ្យទៅជាទីផ្សារសម្រាប់អ្នកភូមិដាក់លក់ទំនិញនានាយ៉ាងមមាញឹកនិងទាក់ទាញបំផុត។

អ្នកស្រី ព្រំ ធានី បានរៀបរាប់ដូច្នេះថា «តាមពិតទៅខ្ញុំ ហាក់មិនបានចាំច្បាស់អំពីអាយុកាល នៃផ្ទះរបស់អ្នកស្រីទេ។ ឪពុកខ្ញុំ ទើបគាត់ដឹងច្បាស់ តែឥឡូវគាត់បានចែកឋានទៅហើយ។ ប៉ុន្តែខ្ញុំបានដឹងតៗ ពីចាស់ទុំជំនាន់មុនៗ ដែលនៅរស់ដល់សព្វថ្ងៃនេះ។ ចាស់ៗបានប្រាប់ខ្ញុំថា ផ្ទះខ្ញុំនេះសាងសង់តាំងពីជំនាន់ចាស់បុរាណ។ ផ្ទះនេះអាចមានអាយុប្រហែលជិត២០០ឆ្នាំហើយ»។

អ្នកស្រីបានរំលឹកពីប្រវត្តិ នៃការកកើតកំណើតផ្សារនៅខាងមុខនិងនៅខាងក្រោមផ្ទះរបស់អ្នកស្រីថា «ផ្សារសុភី» ប្រៀបដូចជាផ្សារលក់ដូរបែបប្រពៃណីសម្រាប់អ្នកភូមិនេះ។ អ្នកស្រីនៅចាំបានថា ក្នុងអំឡុងទសវត្សឆ្នាំ១៩៨០ ផ្សារនេះត្រូវអ្នកភូមិនាំគ្នាលក់ដូរនៅក្នុង«វត្តសុភី» ដែលនៅខាងក្រោយផ្ទះអ្នកស្រី តែក្រោយមកដោយសារវត្តសុភី ត្រូវបានគេរៀបចំកសាងឡើងវិញ ទើបអ្នកភូមិចេះតែនាំគ្នាលើករំកិលទីតាំងលក់ដូរចេញពីក្នុងវត្ត មកដាក់ក្បែរផ្ទះគាត់ រហូតអ្នកខ្លះចូលលក់ក្រោមផ្ទះទៀតផង។ ដោយសារតែមានអ្នកលក់ដូរ និង អ្នកទិញហាក់មានចំនួនកាន់តែច្រើន។

ម្យ៉ាងអ្នកស្រីថា «ផ្សារផ្ទះបុរាណ»នេះមានទីតាំងលក់ដូរតូចចង្អៀតគ្របដណ្ដប់ហៀរលើចំណីថ្នល់ ធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ខ្លាំង និង មានចិត្តអាណិតអាសូរដល់អ្នកភូមិ ដែលលក់ដូរបែបប្រពៃណីនេះរកទីតាំងថ្មលក់មិនបាន ទើបប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកស្រី ព្រំ ធានី បានស្នើសុំទៅអាជ្ញាធរដែនដី ដើម្បីសុំសាងសង់តសំយ៉ាបដែកផ្នែកខាងមុខ និង ខាងកើត ចេញពីតួរផ្ទះបុរាណ សម្រាប់ជាជម្រកងាយស្រូលដល់ការលក់ដូររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយអាជ្ញាធរក៏បានអនុញាតិ។

ថៅកែ«ផ្សារផ្ទះបុរាណ ឬ ផ្សារសុភី» អ្នកស្រី ព្រំ ធានី បានលើកឡើងថា បច្ចុប្បន្ន អ្នកស្រីបានរៀចចំទីតាំងលក់ដូរបានស្អាតបាតហើយ រួបទាំងផ្នែកសណ្ដាប់ផង។ ការរៀបចំជួសជុសផ្ទះ រៀបចំប្រព័ន្ធទឹក ប្រព័ន្ធភ្លើង បន្ទប់អនាម័យ គឺ ជាបន្ទុកទាំងស្រុងរបស់អ្នកស្រី ដើម្បីងាយស្រូលសម្រាប់ឲ្យក្រុមអាជីវករ និង ភ្ញៀវប្រើប្រាស។ បើតាមការសង្កេតជាក់ស្ដែងលើទិដ្ឋភាពទូទៅនៅលើទីតាំង«ផ្សារផ្ទះបុរាណ ឬ ផ្សារសុភី» គេឃើញមានមនុស្សម្នាមមាញឹកខ្លាំងបំផុតនៅពេលព្រឹកព្រលឹម ចន្លោះពីម៉ោង៧ដល់ម៉ោង១០ព្រឹក ហើយក៏ចាប់ផ្ដើមថយចុះវិញទាំងអ្នកលក់ ទាំងអ្នកទិញ។ លុះដល់ម៉ោង៤ល្ងាចទើបចាប់ផ្ដើមមានអ្នកលក់ និង ភ្ញៀវដើរផ្សារបន្តទៀតរហូតដល់យប់បន្តិចទើបរុះរើ។

ក្នុងទឹកមុខញញឹមញញេម អាជីវករលក់គ្រឿងការឡៃម្នាក់ គឺ អ្នកស្រី យ៉េត សម្រស់ (ខ្មែរអ៊ីស្លាម) បានផ្ដល់បទសម្ភាសន៏ប៉ុន្មានមាត់ជាមួយកោះសន្តិភាពថា «ផ្សារនេះតូច តែមានមនុស្សដើរផ្សារអ៊ូអរខ្លាំងណាស់។ ខ្ញុំមកលក់នៅផ្សារនេះប្រហែល០២ឆ្នាំហើយ គឺលក់ដាច់គូរសមដែរ»។ អាជីវករដទៃទៀតក៏បានលើកឡើងដូច្នេះដែរ។

ពួកគេនិយាយថា អ្នកលក់ដូរនៅក្នុងផ្សារសុភីនេះ ភាគច្រើនជា «ខ្មែរអ៊ីស្លាម» ដែលរស់នៅក្នុងមូលដ្ឋាននេះតែម្ដង។ មួយរយៈកន្លងទៅនេះគេតែងឃើញមានភ្ញៀវក្នុងស្រុក និង ភ្ញៀវបរទេស ដើរចូលផ្សារនេះ ដើម្បីពិនិត្យមើលទិដ្ឋភាព សួរសុខទុក្ខអាជីវករក្នុងផ្សារ និង ថតរូបផ្ទះបុរាណ។ នេះបើតាមការលើកឡើងពីអាជីវករ។ ភ្ញៀវទាំងនោះភាគច្រើនចូលមើលផ្ទះបុរាណ ថតរូបផ្ទះបុរាណ និង ថតទិដ្ឋភាពអ្នកលក់ក្នុងផ្សារ ហើយក៏ទទូលទានអាហារខ្លះៗ។ ពាក់ព័ន្ធនឹងចំណូលដែលបានមកពីការបង់ថ្លៃកន្លែងលក់វិញ ត្រង់ចំណុចនេះ បើតាមអ្នកស្រី ព្រំ ធានី បានប្រាប់ថា អ្នកស្រីហាក់ផ្ដោតខ្លាំង ទៅលើការអាណិតដល់អាសូរដល់អ្នកលក់ដូរ ច្រើនជាងការប្រឹងប្រែងប្រមូលលុយពីអាជីវករ។

អ្នកស្រីបញ្ជាក់ថា អ្នកលក់មួយកន្លែងបង់ថ្លៃទីតាំងចន្លោះពី២,០០០រៀល ទៅ ៣,០០០រៀលប៉ុណ្ណោះក្នុងមួយថ្ងៃ។ ហើយបើចាស់ៗខ្លះ លក់បន្លែ ឬ ចំណីអាហារបន្តិចបន្ទូច អ្នកស្រីមិនយកលុយទេ ព្រោះអាណិតគាត់។ ដូច្នេះបើនិយាយពីចំណូលដែលបានមកពីការបង់ថ្លៃទីតាំងលក់ ក្នុងមួយថ្ងៃអ្នកស្រីទទូលបានមិនលើសពី១០ម៉ឺនរៀលទេ។ ចំណូលទាំងនេះ អ្នកស្រីថា​ ក៏ត្រូវបង់ជូនសន្តិសុខមួយផ្នែកដែរ ដែលជួយរៀបចំសណ្ដាប់ធ្នាប់លើដងផ្លូវ។ ប៉ុន្តែដោយសារតែការលក់ដូរនេះ ស្ទើរតែក្លាយជាផ្សារបែបប្រពៃណីរបស់អ្នកភូមិសុភី១ ទៅហើយ។

ម្យ៉ាងគ្មានទីតាំងផ្សេងដើម្បីឲ្យពួកគាត់លក់ដូរផង ទើបអ្នកស្រីសម្រេចរៀបចំ ប្រែក្លាយផ្ទះដ៏ចំណាស់មានអាយុកាលជិត២០០ឆ្នាំរបស់អ្នកស្រីនេះ ធ្វើជាទីផ្សារសម្រាប់ឲ្យអ្នកភូមិលក់ដូរ។

អ្នកស្រី​បានបញ្ជាក់ដែរថា អ្នកលក់ដូរនៅក្នុងផ្សារក្រោមផ្ទះបុរាណរបស់អ្នកស្រីនេះ ស្ទើរ៨០% ជាជនជាតិ«ខ្មែរអ៊ីស្លាម» ដែលរស់នៅក្នុងភូមិសុភី១ នេះតែម្ដង ។

ព័ត៌មានបន្ថែមមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ