លោកឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញនូវអត្តសញ្ញាណនៃមេអំបៅដែលជាប្រភពដើមនៃដង្កូវហ្វូងដែលកំពុងតែទន្ទ្រានដំណាំនៅកម្ពុជា ។
នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅ លោកបានជំរុញកសិកម្មបន្តប្រុងប្រយ័ត្ន ហើយសង្កេតមើលមេអំបៅដែលជាប្រភពនៃដង្កូវហ្វូងទាំងនេះ។
លោកបានបញ្ជាក់ថា «សូមរៀនសង្កេតនិងប្រុងប្រយ័ត្នចំពោះមេអំបៅដង្កូវហ្វូង ដែលជាប្រភេទមេអំបៅរាត្រីចរ ច្រើនធ្វើដំណើរនៅពេលយប់ ។ ពងរបស់វាមានពណ៌សក្នុងដំណាក់កាលដំបូង និងប្រែទៅជាពណ៌លឿង នៅពេលជិតញាស់។ មេអំបៅប្រភេទនេះពងជាកញ្ចុំៗ មានចំនួនពី ១០០ ទៅ ២០០ពង នៅលើផ្ទៃស្លឹក ដោយមានរោមសំឡីពាសការពារពីលើ»។
គួររំលឹកថា នៅថ្ងៃទី២១ ខែមិថុនា លោកបានរាយការណ៍ថា ករណីផ្ទុះដង្កូវហ្វូង បានរីករាលដាលដល់១២ខេត្ត ហើយ តាមការប៉ាន់ស្មានបឋម ផលប៉ះពាល់ស្ថិតក្នុងរង្វង់១ទៅ២%នៃដំណាំកំពុងដាំដុះ ភាគច្រើនទៅលើដំណាំស្រូវ និងដំឡូងមី តែតួលេខនេះអាចនឹងកើនឡើងបន្តទៀតនាពេលខាងមុខ។
លោកបានបន្តថា ក្រសួងកសិកម្មកំពុងប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុបនៅទូទាំងប្រទេស បញ្ចូនមន្ត្រីជំនាញជាបន្ទាន់ទាំងកម្រិតក្រសួង កម្រិតមន្ទីរ និងកម្រិតឃុំ ដើម្បីចុះតាមដានវាយតម្លៃពីការរីករាលដាល ផ្សព្វផ្សាយពីវិធានការឆ្លើយតបភ្លាមៗដល់បងប្អូនកសិករនៅតាមមូលដ្ឋាន និងអន្តរាគមន៍ផ្ទាល់ក្នុងករណីចាំបាច់ផងដែរ។
តាមការវាយតម្លៃក្នុងពេលបច្ចុប្បន្ន ស្ថានភាពនេះ ស្ថិតនៅក្នុងដំណាក់កាលគ្រប់គ្រងបាននៅឡើយទេ ដោយហេតុថាយើងបានប្រតិកម្មបានលឿន និងបងប្អូនប្រជាកសិករមានការចូលរួមបានយ៉ាងសកម្មនិងទូលំទូលាយ។
អ្នកជំនាញរំពឹងទុកថា នៅពេលដែលមានភ្លៀងធ្លាក់មក ដង្កូវហ្វូងទាំងនេះនឹងងាប់ទៅវិញ ហើយបញ្ហារីករាលដាលនឹងត្រូវបញ្ចប់តែ ទោះជាយ៉ាងណា សូមបងប្អូនប្រជាកសិករបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ តាមដានត្រួតពិនិត្យមើលដំណាំស្រែចម្ការរបស់ខ្លួនជាប្រចាំ និងឱ្យបានទៀងទាត់ និងចាត់វិធានការឱ្យបានទាន់ពេលវេលា ជៀសវាងនូវការខាតបង់ធ្ងន់ធ្ងរមកលើផលដំណាំរបស់ខ្លួន។
ចែករំលែកព័តមាននេះ