ប្រជាពលរដ្ឋនៅក្នុងខេត្តចំនួន៩ សូមត្រៀមខ្លួន ពីព្រោះក្រុមហ៊ុនមួយត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា បានកំពុងតែស្នើសុំសិទ្ធិ ដើម្បីជីក និងខួង រាយបណ្តាញខ្សែកាប្លិ៍អុបទិក ។
តាមសេចក្តីរាយការណ៍ដែលឲ្យដឹងដោយក្រសួងជំនាញនេះ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា នៅក្នុងនៅថ្ងៃសុក្រមន្ត្រីជំនាញកម្ពុជាដឹកនាំដោយ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួង បានជួបជាមួយតំណាងក្រុមហ៊ុន Cambodia Fiber Optic Communication Networks Co., Ltd (CFOCN) ដើម្បីស្នើសុំជីក និងខួង កាត់ទទឹងផ្លូវរាយបណ្ដាញខ្សែកាប្លិ៍អុបទិកក្នុងភូមិសាស្ត្រខេត្តចំនួន៩ ដែលរួមមាន ខេត្តកណ្ដាល កំពត កំពង់ស្ពឺ កំពង់ធំ កែប ព្រះសីហនុ កោះកុង តាកែវ និងខេត្តស្វាយរៀង ។
នៅក្នុងកិច្ចប្រជុំនេះ អ្នកជំនាញការ និងក្រសួងបានពិភាក្សាអំពីរាយបណ្តាញខ្សែកាប្លិ៍អ៊ុបទិក ក្នុងភូមិសាស្ត្រខេត្តចំនួន០៩ ដោយផ្តោតទៅលើផែនការលម្អិត បច្ចេកទេស និងផលប៉ះពាល់ ដោយត្រូវអនុវត្តតាមបទបញ្ញត្តិបច្ចេកទេសស្ដីពីការរចនា និងដំឡើងប្រព័ន្ធបរិក្ខារសាធារណៈនៅតាមដងផ្លូវ ដើម្បីធានាបាននូវសុវត្ថិភាព ប្រសិទ្ធភាព និងនិរន្តរភាពនៃប្រព័ន្ធខ្សែកាប្លិ៍ ជាពិសេសការរៀបចំប្រព័ន្ធបរិក្ខារក្រោមដីឱ្យមានសណ្ដាប់ធ្នាប់ ។
ជាមួយគ្នានេះដែរ អ្នកជំនាញរបស់ក្រសួងបានណែនាំដល់ភាគីក្រុមហ៊ុន និងមន្ទីរសាធារណការដឹកជញ្ជូន ខេត្តទាំង៩ ដែលជាសេនាធិការរបស់ក្រសួង រួមទាំងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការគ្នា និងផ្ដល់ព័ត៌មានគ្នាទៅវិញទៅមកឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជួយពន្លឿនការងារនេះឱ្យបានកាន់ឆាប់ទៅតាមផែនការគ្រោងទុក ៕
ចែករំលែកព័តមាននេះ