ទីក្រុងហាណូយ៖ ថ្មីៗនេះ វៀតណាមប្រកាសគាំទ្រ «នយោបាយឆ្ពោះទៅទិសខាងកើត ឬដាក់ជើងទៅទិសខាងកើត» របស់រុស្ស៊ី។ តាមមើលទៅ, ការចាប់ដៃគ្នារវាងវៀតណាម និងរុស្ស៊ីលើកនេះមិនមែនលំៗនោះទេ ហើយចរន្តនយោបាយអន្តរជាតិជាអ្វីដែលអ្នកខាងក្រៅមិនអាចយល់ឱ្យអស់សេចក្ដីបានឡើយ។ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោកង្វៀនហ្វ៊ូជុង ប្រកាសគាំទ្រនយោបាយឆ្ពោះទៅទិសខាងកើតរបស់រុស្ស៊ី។ លោកវាយតម្លៃខ្ពស់ចំពោះការរក្សាទំនាក់ទំនងល្អរវាងរុស្ស៊ី និងវៀតណាមតាំងពីដើមរៀងមក។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/a36d2c1aff40183eb3d0561dfaad857f-1.jpg)
នៅក្នុងកិច្ចជំនួបទ្វេភាគីនោះ លោកង្វៀនហ្វ៊ូជុងថ្លែងថាវៀតណាមតែងតែវាយតម្លៃខ្ពស់ចំពោះអ្វីដែលរុស្ស៊ីឧបត្ថម្ភគាំទ្រវៀតណាមចំពោះបុព្វហេតុតស៊ូរំដោះជាតិមាតុភូមិដើម្បីឯករាជ្យភាព និងការបង្រួបបង្រួមទឹកដីឡើងវិញក្រោយការបែងចែកជា២តាមសន្ធិសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៥៤។ បន្ទាប់មក រុស្ស៊ីជួយកសាងជាតិ និងការពារសន្តិសុខជាតិរបស់វៀតណាម។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/457632526a242fe094157b92442bff82.jpg)
តាមពិត សហភាពសូវៀតធ្លាប់ជួយប្រទេសវៀតណាមតាំងពីជំនាន់សង្គ្រាមបារាំង-វៀតណាមនៅឌៀនបៀនហ្វ៊ូ (Dien Bien Phu) ចាប់ពីឆ្នាំ១៩៤៥-៥៤។ ក្រោយមកទៀត រុស្ស៊ីជួយវៀតណាមច្បាំងទល់នឹងទាហានអាមេរិករហូតដល់អាមេរិកដកទ័ពថយកាលពីឆ្នាំ១៩៧៣។ ដូច្នេះ បើថ្នាក់ដឹកនាំវៀតណាមរំលេចឱ្យឃើញចំណុចនេះហាក់ដូចជាឆ្លៀតវ័ធកន្ទុយ ឬដាក់ផ្លែឱ្យប្រទេសអាមេរិកខ្លះៗដែរ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/658296878f39b738a59b2e9dee7e89db-1.jpg)
វៀតណាមបញ្ជាក់ច្បាស់ៗកាលពីយប់មិញថាទំនាក់ទំនងវៀតណាម-រុស្ស៊ី និងភាពជាដៃគូយុទ្ធសាស្ត្រនៃប្រទេសទាំង២ជាចំណុចអាទិភាពខ្ពស់បំផុតនៃនយោបាយការបរទេសរបស់ខ្លួន។ វៀតណាមគាំទ្របេសកកម្មរបស់រុស្ស៊ីនៅលើឆាកអន្តរជាតិ និងគាំទ្រនយោបាយឆ្ពោះទៅទិសខាងកើតរបស់រុស្ស៊ី។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ការិយាល័យមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមទទួលបន្ទុកខាងកិច្ចការបរទេស។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/3ecb980b15b4ce76c485325ec201eac0-1.jpg)
នយោបាយឆ្ពោះទៅទិសខាងកើតនេះចូលជាធរមានតាំងពីមួយទសវត្សមុនមកម៉្លេះ។ នយោបាយនេះមានគោលដៅពង្រឹងទំនាក់ទំនងរវាងរុស្ស៊ី និងបណ្ដាប្រទេសជាដៃគូនៅទ្វីបអាស៊ី។ លោកង្វៀនហ្វ៊ូជុងយល់ថាពិភពលោកសព្វថ្ងៃនេះចាប់ផ្ដើមរំកិលខ្លួនឆ្ពោះទៅរកពហុប៉ូល។ លោកយល់ថាបញ្ហានេះតម្រូវឱ្យប្រទេសនានាកំណត់កម្មវិធីនយោបាយរបស់ខ្លួនបែបសន្តិភាព, សមភាព, មិនប្រទាំងប្រទើសគ្នា ហើយស្របទៅតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/f910d59c1e89f32f2d8059178a3b24e3-1.jpg)
សហគមន៍អន្តរជាតិត្រូវតែលើកកម្ពស់ការសន្ទនាគ្នា, កិច្ចសហការទ្វេភាគី និងពហុភាគីដើម្បីដោះស្រាយបញ្ហាប្រឈមតាមគន្លងចាស់ និងគន្លងថ្មី។ វៀតណាមសង្ឃឹមថាលោកពូទីននឹងបន្តគាំទ្រសន្តិភាព, ស្ថិរភាព, សន្តិសុខ, សុវត្ថិភាព, សេរីភាពខាងការធ្វើនាវាចរណ៍នៅលើលំហសមុទ្រ រួមទាំងសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វៀតណាម។ ចំណុច១ទៀតវៀតណាមក៏ចង់ដោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូងដោយសន្តិវិធីស្របទៅតាមច្បាប់អន្តរជាតិ, អនុសញ្ញាស្ដីពីច្បាប់សមុទ្រ និងសេចក្ដីប្រកាសក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង ឌីអូស៊ី (DOC)។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/800db56b75f006093d753d469b106e22.jpg)
ចំពោះបញ្ហាអ៊ុយក្រែន បើតាមលោកង្វៀនហ្វ៊ូជុងបញ្ជាក់ថាវៀតណាមចង់ឃើញការសន្ទនាគ្នា, ចង់ឃើញការបញ្ចប់សង្គ្រាម និងចង់ឃើញការវិលទៅរកតុចរចាគ្នាឡើងវិញដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីដោយផ្អែកទៅលើច្បាប់អន្តរជាតិ ហើយធានាឱ្យបាននូវការយកចិត្តទុកដាក់ខ្ពស់ចំពោះអ្វីដែលជាកង្វល់របស់ភាគីពាក់ព័ន្ធ។ លោកថ្លែងថាវៀតណាមត្រៀមខ្លួនដើររតួនាទីបែបវិជ្ជមានដើម្បីចូលរួមចំណែកនៅក្នុងការសន្ទនាគ្នា និងការចរចាគ្នាស្របទៅតាមទិសដៅនេះ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/0de724397c74e5ab443d6f1e64ca6aa7-3.jpg)
លោកពូទីនថ្លែងថាការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងរុស្ស៊ីគឺជាចំណុចអាទិភាពនៃនយោបាយការបរទេសរបស់ខ្លួននៅអាស៊ី និងប៉ាស៊ីហ្វិច។ លោកយល់ថាជម្លោះនៅក្នុងក្របខណ្ឌតំបន់ និងពិភពលោកគួរណាស់ដោះស្រាយតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ លោកសង្កត់ធ្ងន់ថាជម្លោះនានាគួរណាស់ដោះស្រាយដោយសន្តិវិធី។ ករណីជម្លោះនៅសមុទ្រចិនខាងត្បូង លោកពូទីនគាំទ្រឱ្យយកច្បាប់អន្តរជាតិមកដោះស្រាយ៕
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/60efbdb9810bc8c786de4e1bf828355c.jpg)
ចែករំលែកព័តមាននេះ