ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម និង​រុស្ស៊ី​ចុះ​កិច្ច​ព្រម​ព្រៀង​បង្កើត​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​នុយ​ក្លេអ៊ែរ

3 ខែ មុន

ទីក្រុង​ហាណូយ៖ ​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​​ លោក​ពូទីន និង​លោក​តូឡាម​ ​ក្នុង​នាម​ជា​ប្រមុខ​រដ្ឋ​រុស្ស៊ី និង​វៀតណាម​បាន​ធ្វើ​ជា​សាក្សី​នៃ​ពិធី​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​១​ចំនួន​​ដើម្បី​អភិវឌ្ឍ​ទំនាក់ទំនង​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​២​​ឱ្យ​​រីក​ចម្រើន​ថែម​១​កម្រិត​ទៀត​។ នេះ​ជា​ផ្នែក​១​នៃ​យុទ្ធ​សាស្ត្រ​របស់​រដ្ឋា​ភិ​បាល​ទីក្រុង​ម៉ូស្គូ​ដើម្បី​ធ្វើ​ឱ្យ​ខ្លួន​ឯង​មាន​តម្លៃ​ឡើង​វិញ​បន្ទាប់​ពី​ទទួល​រង​ការ​ដាក់​ទណ្ឌ​កម្ម​ពី​ក្រុម​បស្ចិម​ប្រទេស​ធ្វើ​ឱ្យ​​រុស្ស៊ី​រយាល​ដៃ​ពី​ពិភព​ខាង​ក្រៅ​​។ ដូច្នេះ លោក​ពូទីន​កំពុង​ស្វះ​ស្វែង​រក​មិត្ត​ភក្តិ​ចាស់​ៗ​ឡើង​វិញ​។ ទន្ទឹម​នឹង​នោះ…

ទីក្រុង​ហាណូយ៖ ​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​​ លោក​ពូទីន និង​លោក​តូឡាម​ ​ក្នុង​នាម​ជា​ប្រមុខ​រដ្ឋ​រុស្ស៊ី និង​វៀតណាម​បាន​ធ្វើ​ជា​សាក្សី​នៃ​ពិធី​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​១​ចំនួន​​ដើម្បី​អភិវឌ្ឍ​ទំនាក់ទំនង​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​២​​ឱ្យ​​រីក​ចម្រើន​ថែម​១​កម្រិត​ទៀត​។ នេះ​ជា​ផ្នែក​១​នៃ​យុទ្ធ​សាស្ត្រ​របស់​រដ្ឋា​ភិ​បាល​ទីក្រុង​ម៉ូស្គូ​ដើម្បី​ធ្វើ​ឱ្យ​ខ្លួន​ឯង​មាន​តម្លៃ​ឡើង​វិញ​បន្ទាប់​ពី​ទទួល​រង​ការ​ដាក់​ទណ្ឌ​កម្ម​ពី​ក្រុម​បស្ចិម​ប្រទេស​ធ្វើ​ឱ្យ​​រុស្ស៊ី​រយាល​ដៃ​ពី​ពិភព​ខាង​ក្រៅ​​។ ដូច្នេះ លោក​ពូទីន​កំពុង​ស្វះ​ស្វែង​រក​មិត្ត​ភក្តិ​ចាស់​ៗ​ឡើង​វិញ​។ ទន្ទឹម​នឹង​នោះ លោក​ក៏​ត្រូវ​មាន​អ្វី​ដោះ​ដូរ​ជា​មួយ​ប្រទេស​ទាំង​នោះ​សម្រាប់​ជា​ផល​ប្រយោជន៍​ផង​ដែរ​។

ឧទាហរណ៍ ដូច​ជា​នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​នៅ​ទី​ក្រុង​ព្យុង​យ៉ាង​, ​​កូរ៉េ​ខាង​ជើង និង​រុស្ស៊ី​​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជួយ​គ្នា​ និង​ការ​ពារ​គ្នា​ទៅ​វិញ​ទៅ​មក​ផ្នែក​សេដ្ឋ​កិច្ច​-​ពាណិជ្ជ​កម្ម និង​សន្តិ​សុខ​ជាតិ​។ ដោយឡែក ​នៅ​វៀតណាម ភាគី​ទាំង​២​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​នៅ​ក្នុង​វិស័យ​អប់​រំ, វិទ្យាសាស្ត្រ​ និង​បច្ចេក​វិទ្យា, ការ​រុក​រក​ប្រេង​ឆៅ និង​ឧស្ម័ន​ និង​វិស័យ​សុខា​ភិបាល​។ ប្រទេស​ទាំង​២​ក៏​បាន​ឯក​ភាព​គ្នា​ក្នុង​ការ​បង្កើត​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​បច្ចេក​​​វិទ្យា​វិទ្យា​សាស្ត្រ​​ និង​នុយ​ក្លេអ៊ែរ​នៅ​​​​វៀត​ណាម​ផង​ដែរ​​។​

ក្រោយ​កិច្ច​ជំនួប​រវាង​លោក​ពូទីន និង​លោក​តូឡាម​ដែល​ជា​អ្នក​ជំនាញ​ខាង​វិស័យ​សន្តិ​សុខ​ជាតិ​, លោក​ពូទីន​ថ្លែង​ថា​ប្រទេស​ទាំង​២​មាន​គោល​ជំហរ​ដូច​គ្នា​ពាក់​ព័ន្ធ​នឹង​ការ​អភិ​វឌ្ឍ​​ប្រព័ន្ធ​សន្តិ​សុខ​ជាតិ​ដែល​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត​​​នៅ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិច​ដោយ​មិន​ផ្អែក​ទៅ​លើ​ការ​ប្រើ​ប្រាស់​កម្លាំង​ទេ​។ ប៉ុន្តែ​ប្រើ​ប្រាស់​យន្ត​ការ​ដោះ​ស្រាយ​វិវាទ​ដោយ​សន្តិ​វិធី​  ហើយ​​មិន​ត្រូវ​ការ​ចូល​រួម​នៅ​ក្នុង​ប្លុក​យោធា ឬ​ប្លុក​នយោ​បាយ​ណា​មួយ​ឡើយ​។

លោក​និយាយដូច្នេះ​ទំនង​ជា​ចង់​សំដៅ​​លើ​ប្លុក​យោធាខ្លះ​ដែល​មាន​​​ប្រទេស​អាមេរិក​ជាអ្នក​ផ្ដួច​ផ្ដើម​​​​ដូច​ជា​ក្រុម​សម្ព័ន្ធ​មិត្ត​ខ្វត (Quad)​​ ដែល​មាន​អាមេរិក​ អូស្ត្រាលី ឥណ្ឌា និង​ជប៉ុន​​ជា​សមាជិក​ និង​សម្ព័ន្ធ​មិត្ត​អូខឺស​ (AUKUS) ​​ដែល​មាន​អូស្ត្រាលី អង់​​គ្លេស និង​អាមេរិក​ជា​សមាជិក​​។​ ​​វៀតណាម​ក៏​ធ្លាប់​ត្រូវ​ក្រុម​ប្រទេស​ខ្វត​ព្យាយាម​អូស​ទាញ​ឱ្យ​ចូល​រួម​​ផង​ដែរ​។​ ប៉ុន្តែ​វៀតណាម​បដិ​សេធព្រោះ​​ចង់​ប្រកាន់​គោល​ជំហរ​មិន​ចូល​បក្ស​សម្ព័ន្ធ​​។ ម៉្យាង​ទៀត ​​បើ​វៀតណាម​ហ៊ាន​ចូល​ខ្វត​ក៏​មាន​រឿង​ធំ​ជា​មួយ​ចិន​ដែរ​ព្រោះ​ខ្វត​ក្ដី អូ​ខឺស​ក្ដី​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​អង្គ​ការ​ណាតូ​នៅ​ទ្វីប​អាស៊ី​។

លោក​តូឡាម​ថ្លែង​កោត​សរ​សើរ​លោក​ពូទីន​​​ជា​មេ​ដឹក​នាំ​ឈ្លាស​វៃ​ដែល​ចេះ​រៀប​ចំ​ស្រុក​ទេស​ឱ្យ​មាន​ស្ថិរ​​ភាព​នយោបាយ​ល្អ​នៅ​ក្នុង​ការ​ដឹក​នាំ​រយៈ​ពេល​២៤​ឆ្នាំ​​កន្លង​ទៅនេះ​។ លោក​ក៏​ចូល​រួម​អប​អរ​សាទរ​ចំពោះ​ការ​ជាប់​ឆ្នោត​កាន់​អំណាចជា​ថ្មី​​រយៈ​ពេល​៦​ឆ្នាំ​របស់​លោក​ពូទីន​នៅ​អាណត្តិ​ថ្មី​។ ដូច្នេះ ទម្រាំ​ចប់​អាណត្តិ​ថ្មី​នេះ​ លោក​ពូទីន​នឹង​កាន់​អំណាច​រយៈ​ពេល​​​៣០​ឆ្នាំ​។​

តាម​មើល​ទៅ,​ វៀតណាម​ទំនង​ជា​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​​កតិ​កា​សញ្ញា​ការ​ពារ​គ្នា​ទៅ​វិញ​ទៅ​មក​​ដែល​រុស្ស៊ី និង​កូរ៉េ​ខាង​ជើង​ទើប​តែ​ចុះ​ហត្ថ​លេខា​កាល​ពី​ម្សិល​​មិញ​។ លោក​តូឡាម​បាន​រំលេច​ឱ្យ​ឃើញ​ថា​វៀតណាម និង​រុស្ស៊ី​ចង់​បាន​ការ​ពង្រឹង​កិច្ច​សហការ​លើ៖ ​ទី​១-​វិស័យ​ការ​ពារ​ជាតិ និង​សន្តិ​សុខ​ជាតិ​ដើម្បី​ទប់​ទល់​នឹង​អ្វី​ដែល​លោក​ចាត់​ទុក​ថា​ជា​បញ្ហា​ប្រឈម​​ផ្នែក​សន្តិ​សុខ​ជាតិ​ដែល​ខុស​ពី​សម័យ​មុន​ៗ​, ទី២-​វិស័យ​ថាម​ពល​ និង​ទី​៣-​វិស័យ​វិនិយោគ​។

​លោក​ពូទីន​​បាន​ជួប​អគ្គ​លេខា​ធិការ​បក្ស​កុម្មុយ​និស្ត​វៀតណាម ​លោក​ង្វៀន​ហ្វ៊ូជុង ​ដែល​ជា​បុគ្គល​​មាន​អំណាច​ផុត​លេខ​នៅ​វៀតណាម​ និង​ជួប​លោក​ផាំ​មិញ​ជិញ​ នាយក​រដ្ឋ​មន្ត្រី​វៀតណាម​។ ឯក​អគ្គ​រដ្ឋ​ទូត​រុស្ស៊ី​ប្រចាំ​ទី​ក្រុង​ហាណូយ​​ថ្លែង​ថា​រុស្ស៊ី​នៅ​តែ​សហ​ការ​ជិត​ស្និទ្ធ និង​យ៉ាង​សកម្ម​​​នៅ​ក្នុង​ផ្នែក​ថាម​ពល​, ឧស្សាហ​កម្ម​, បច្ចេកវិទ្យា​, អប់​រំ, សន្តិ​សុខ និង​ពាណិជ្ជ​កម្ម​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ