ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ស្វាគមន៍​វត្ត​មាន​លោក​ពូទីន​ដោយ​មិន​ខ្វល់​ពី​ការ​រិះ​គន់​របស់​ប្រទេស​អាមេរិក

3 ខែ មុន

ទីក្រុង​ហាណូយ៖ នៅ​ទី​បញ្ចប់​ លោក​ពូទីន​បាន​ដាក់​ជើង​ជាន់​នៅ​លើ​ទឹក​ដី​វៀត​ណា​ម​ហើយ​កាល​ពី​យប់​មិញ​​នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​ជា​ផ្លូវ​រដ្ឋ​រយៈ​ពេល​២​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​១៩​ដល់​ថ្ងៃ​ទី​២០​ ខែ​មិថុនា​នេះ​។ ​ទោះ​បី​ប្រទេស​លោក​ខាង​លិច​ ជា​ពិសេស​ប្រទេស​អាមេរិក ​រិះ​គន់​ខ្លាំង​ៗ​យ៉ាង​ណា​ក៏​ដោយ, ក៏​វៀត​ណាម​​នៅ​តែ​ទទួ​លស្វាគមន៍​វត្ត​មាន​របស់​​លោក​ពូទីន​ដៃ​២។ មែន​ទែន​ទៅ​​, វៀតណាម​ជា​អ្នក​អញ្ជើញ​លោក​ពូទីន​​​ជា​ច្រើន​លើក​ច្រើន​សារួច​មក​​​ហើយ​ដើម្បី​បំពេញ​ទស្សន​កិច្ច​នៅ​ហាណូយ​។…

ទីក្រុង​ហាណូយ៖ នៅ​ទី​បញ្ចប់​ លោក​ពូទីន​បាន​ដាក់​ជើង​ជាន់​នៅ​លើ​ទឹក​ដី​វៀត​ណា​ម​ហើយ​កាល​ពី​យប់​មិញ​​នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​ជា​ផ្លូវ​រដ្ឋ​រយៈ​ពេល​២​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​១៩​ដល់​ថ្ងៃ​ទី​២០​ ខែ​មិថុនា​នេះ​។ ​ទោះ​បី​ប្រទេស​លោក​ខាង​លិច​ ជា​ពិសេស​ប្រទេស​អាមេរិក ​រិះ​គន់​ខ្លាំង​ៗ​យ៉ាង​ណា​ក៏​ដោយ, ក៏​វៀត​ណាម​​នៅ​តែ​ទទួ​លស្វាគមន៍​វត្ត​មាន​របស់​​លោក​ពូទីន​ដៃ​២។ មែន​ទែន​ទៅ​​, វៀតណាម​ជា​អ្នក​អញ្ជើញ​លោក​ពូទីន​​​ជា​ច្រើន​លើក​ច្រើន​សារួច​មក​​​ហើយ​ដើម្បី​បំពេញ​ទស្សន​កិច្ច​នៅ​ហាណូយ​។

ឥឡូវ​នេះ លោក​ពូទីន​ដូរ​ពេល​វេលា​ហោះ​ហើរ​វិញ​ម្ដង​។ ផ្ទុយ​​ពី​ទស្សន​កិច្ច​របស់​ថ្នាក់​ដឹក​នាំ​ដទៃ​ដែល​ច្រើន​បំពេញ​ទស្សន​កិច្ច​នៅ​ពេល​ថ្ងៃ​ លោក​ពូទីន​ច្រើន​ធ្វើ​ដំណើរ​នៅ​ពេល​យប់​។ យន្ត​ហោះ​របស់​លោក​​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​​​អាកាស​យាន​ដ្ឋាន​ទី​ក្រុង​ហាណូយ​​តាំង​ពី​ពេល​រំលង​អធ្រាត្រ​​ឆ្លង​ចូល​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​។ វៀតណាម​ជា​ទី​កន្លែង​ចុង​ក្រោយ​នៃ​ដំណើរ​ទស្សន​កិច្ច​របស់​លោក​មក​កាន់​ទ្វីប​អាស៊ី​​ដើម្បី​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​​សម្ព័ន្ធ​មិត្ត​កុម្មុយ​និស្ត​ និង​ចាស់​វស្សា​​របស់​ខ្លួន​។

តាំង​ពី​មុន​ទៅ​ដល់​ទី​ក្រុង​ហាណូយ លោក​ពូទីន​បាន​ផ្ញើ​លិខិត​ជូន​ថ្នាក់​ដឹក​នាំ​បក្ស​កុម្មុយ​និស្ត​វៀត​ណាម​។ លោក​ថា​វៀត​ណាម​​ប្រកាន់​គោល​ជំហរ​​អព្យាក្រឹត្យ​បាន​ល្អ​នៅ​ក្នុង​បញ្ហា​​​អ៊ុយ​ក្រែន​។ លោក​​​បាន​រំលេច​ឱ្យ​ឃើញ​នូវ​វឌ្ឍ​ន​ភាព​នៅ​ក្នុង​ផ្នែក​ទូទាត់​សាច់​ប្រាក់​, ថាម​ពល​ និង​ពាណិជ្ជ​កម្ម​​ផង​ដែរ​។ នេះ​បើ​តាម​​ការ​ចុះ​ផ្សាយ​របស់​កាសែត​បក្ស​កុម្មុយ​និស្ត​វៀតណាម​។ លោក​ពូទីន​កោត​សរ​សើរ​វៀតណាម​ចំពោះ​ការ​គាំទ្រ​ឱ្យ​ដោះ​ស្រាយ​វិបត្តិ​អ៊ុយ​ក្រែន​ផ្អែក​តាម​​ «គោល​ការ​ណ៍​ប្រតិ​បត្តិ​និយម​»​​​​។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ លោក​ពូទីន​គ្រោង​ជួប​ថ្នាក់​ដឹក​នាំ​ធំៗ​របស់​វៀតណាម​។ ដំណើរ​ទស្សន​កិច្ច​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​រុស្ស៊ី និង​កូរ៉េ​ខាង​ជើង​ទើប​តែ​ចុះ​ហត្ថ​លេខា​លើ​កតិកា​សញ្ញា​ចង​សម្ព័ន្ធ​ភាព​គ្រប់​ជ្រុង​ជ្រោយ និង​ការ​ពារ​គ្នា​ទៅ​វិញ​ទៅ​មក​។ ក្នុង​នោះ រុស្ស៊ី​ប្ដេជ្ញា​ឧបត្ថម្ភ​-​គាំទ្រ​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​វិស័យ​សេដ្ឋ​កិច្ច​-​ពាណិជ្ជ​កម្ម និង​សន្តិ​សុខ​ជាតិ​។​ មាន​ន័យ​ថា​ជួយ​ទិញ​ទំនិញ​របស់​កូរ៉េ​ខាង​ជើង ឬ​ផ្ដល់​ជំនួយ​សេដ្ឋ​កិច្ច​ដើម្បី​កុំ​ឱ្យ​ប្រទេស​នេះ​រង​សម្ពាធ​ខ្លាំង​ពេក​​ពី​ទណ្ឌក​ម្ម​ និង​ចំណុច​១​​​ទៀត​ជួយ​ការ​ពារ​សន្តិ​សុខ​ជាតិ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​ករណី​ដែល​ភាគី​ហត្ថ​លេខី​ណា​១​ទទួល​រង​ការ​វាយ​ប្រហារ​។

​នៅ​កូរ៉េ​ខាង​ជើង​ ​លោក​ពូទីន​​​ទទួល​បាន​​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​សំណាក់​លោក​គីម​ជុង​អ៊ុន​​​នៅ​ក្នុង​បញ្ហា​អ៊ុយ​ក្រែន​។ ដូច្នេះ គេ​រង់​ចាំ​អ៊ុត​មើល​ជំហរ​របស់​វៀតណាម​ថា​​​តើ​វៀតណាម​នឹង​ប្រកាស​ច្បាស់​ៗ​ជា​ផ្លូវ​ការ​គាំទ្រ​រុស្ស៊ី​នៅ​ក្នុង​បញ្ហា​អ៊ុយ​ក្រែន​ដែរ​ឬ​ទេ​? ​សារ​ព័ត៌​មាន​រុស្ស៊ី​ចាត់​ទុក​​ថា​​ «នយោ​បាយ​ការ​ទូត​របស់​លោក​ពូទីន​លើក​នេះ​ធ្វើ​ឱ្យ​កក្រើក​ពិភព​លោក​​តែ​ម្ដង​។ សូម្បី​តែ​ប្រទេស​មហា​អំណាច​ដូច​ជា​អាមេរិក និង​អឺរ៉ុប​​ក៏​តាម​ដាន​ដំណើរ​ទស្សន​កិច្ច​នេះ​ដោយ​ឥត​ប៉​ប្រិច​ភ្នែក​​ផង​ដែរ​​។ ស្រួល​មិន​ស្រួល​ ល្បែង​ភូមិ​សាស្ត្រ​នយោបាយ​នៅ​ក្នុង​តំបន់​ និង​ពិភព​លោក​អាច​នឹង​ប្រែ​ប្រួល​នៅ​ក្នុង​ពេល​នេះ​ហើយ»​​។

លោក​ពូទីនកំពុង​អន្ទង​ចិត្ត​ ឬ​​​អូស​ទាញ​​​វៀតណាម​ឱ្យ​ងាក​ទៅ​ខាង​គាត់​​។ លោក​បាន​រំលេច​ឱ្យ​ឃើញ​ពីប្រវត្តិ​តស៊ូ​ជា​មួយ​គ្នា​កាល​ពី​អតីត​កាល​ និង​មាន​ទស្សន​វិស័យ​ស្រដៀង​គ្នា​ពាក់​ព័ន្ធ​នឹង​សភាព​ការ​ណ៍​នៅ​ឥណ្ឌូ-​ប៉ាស៊ីហ្វិច​។ ឥឡូវ​នេះ វៀតណាម និង​ចិន​កំពុង​មាន​ទំនាស់​គ្នា​នៅ​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​។ ប្រទេស​ចិន​ដោយ​និយាយ​យោង​ទៅ​លើ​ផ្ទៃ​ដី​ប្រទេស​របស់​ខ្លួន​ គួប​ផ្សំ​នឹង​ភស្តុតាង​ពី​ប្រវត្តិ​សាស្ត្រ​ផង​នោះ​ ចិន​បាន​គូស​ផែន​ទី​ខ្វៀល​យក​សមុទ្រ​ចិន​ខាង​ត្បូង​ជាង​៩០%​ ហើយ​ទុក​ឱ្យ​ប្រទេស​ដទៃ​ទៀត​មាន​​ផ្ទៃ​សមុទ្រ​ចម្ងាយ​ត្រឹម​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​​ពី​មាត់​ច្រាំង​។ ដូច្នេះ ធ្វើ​ឱ្យ​មាន​តំបន់​ត្រួត​ស៊ី​គ្នា​នៅ​កន្លែង​ដែល​មាន​ឧស្ម័ន​ និង​ប្រេង​ឆៅ​។ នេះ​​​ជា​បញ្ហា​ដ៏​រសើប​​​​​នៅ​ពេល​ក្រុម​ហ៊ុន​របស់​រុស្ស៊ី​កំពុង​ចម្រាញ់​យក​​ឧស្ម័ន​​ និង​ប្រេង​ឆៅ​។


ចំណុច​សំខាន់​ជា​យុទ្ធ​សាស្ត្រ​នៃ​ទំនាក់​ទំនង​រុស្ស៊ី-​វៀតណាម​
លោក​ពូទីន​ថ្លែង​ថា​ថាម​ពល​ជា​វិស័យ​សំខាន់​ជា​យុទ្ធ​សាស្ត្រ​នៃ​ទំនាក់​ទំនង​រុស្ស៊ី និង​វៀតណាម​។ លោក​បាន​និយាយ​យោង​ទៅ​លើ​គម្រោង​វិនិយោគ​រួម​គ្នា​រវាង​ក្រុម​ហ៊ុន​រុស្ស៊ី និង​វៀតណាម​នៅ​ក្នុង​វិស័យ​​ឥន្ធនៈ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ និង​​នៅ​ប្រទេស​រុស្ស៊ី​​ភាគ​ខាង​ជើង​។ ក្រុមហ៊ុន​​ហ្កាស់​ប្រំ​ (Gazprom) កំពុង​បើក​ប្រតិ​បត្តិ​ការ​នៅ​វៀតណាម​ដើម្បី​រុក​រក​ឧស្ម័ន​​។ រីឯ​ក្រុម​​ហ៊ុន​​១​ទៀត​​របស់​រុស្ស៊ី​ឈ្មោះ​ណូវ៉ាតិច (Novatek) ក៏​មាន​គម្រោង​បើក​រោង​ចក្រ​ចម្រាញ់​ឧស្ម័ន​នៅ​វៀតណាម​ផង​ដែរ​។ នេះ​ជា​អ្វី​ដែល​លោក​ពូទីន​គ្រាន់​តែ​បង្ហើប​ឱ្យ​ដឹង​​ត្រួស​ៗ​អំពី​មូល​ហេតុ​អ្វី​បាន​ជា​កិច្ច​សហ​ការ​រវាងរុស្ស៊ី​ និង​វៀតណាម​ជា​រឿង​សំខាន់​។

មិន​តែ​ប៉ុណ្ណោះ​ លោក​ក៏បាន​រំលេច​ឱ្យ​ឃើញ​ពី​គំនិត​ផ្ដួច​ផ្ដើម​បង្កើត​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​នុយ​ក្លេអ៊ែរ​នៅ​វៀតណាម​ផង​ដែរ​។ ក្រុម​ហ៊ុន​​នុយ​ក្លេអ៊ែរ​ខ្នាត​យក្ស​របស់​រុស្ស៊ី​ឈ្មោះ​រ៉ូសាទុំ​​ (Rosatom) នឹង​រ៉ាប់​រង​ធ្វើ​កិច្ច​ការ​នេះ​។ នៅ​ពេល​ដែល​ទម្លាយ​អាថ៌​កំបាំង​ទាំង​នេះ​ចេញ​មក​ខាង​ក្រៅ​​ទើប​គេ​ដឹង​ថា​វៀតណាម​អាច​សម្លឹង​ឃើញ​ផល​ប្រយោជន៍​ដ៏​ច្រើន​​សន្ធឹក​សន្ធាប់​ដល់​កម្រិត​នេះ​​ទើប​វៀត​ណាម​ចង់​ខិត​ទៅ​រក​រុស្ស៊ី​វិញ​ម្ដង​ ហើយ​​អាច​នឹង​រយាល​ដៃ​ពី​ទំនាក់​ទំនង​ជា​មួយ​ប្រទេស​អាមេរិក​ផង​ក៏​មិន​ដឹង​​។​

នៅ​ក្នុង​បញ្ហា​នុយ​ក្លេអ៊ែរ​នេះ វៀតណាម​ធ្លាប់​មាន​ផែន​ការ​សាង​សង់​រោង​ចក្រ​នុយ​ក្លេអ៊ែរ​តាំង​ពី​យូរ​មក​ហើយ​ដើម្បី​ផលិត​អគ្គិសនី​ឱ្យ​បាន​ច្រើន​បម្រើ​​ឱ្យ​វិស័យ​រោង​ចក្រ​-​ឧស្សាហ​កម្ម​របស់​ខ្លួន​។ រោង​ចក្រ​នុយ​​ក្លេអ៊ែរ​អាច​ផលិត​អគ្គិសនី​បាន​ច្រើន​ដល់​រាប់​ពាន់​ រាប់​ម៉ឺន​មេហ្កាវ៉ាត់​ឯ​ណោះ​ ហើយ​ចំណាយ​ថ្លៃ​ដើម​ទាប​បំផុត​។ ដូច្នេះ ឃើញ​ថា​ចំណេញ​ច្រើន​ណាស់​។ ប៉ុន្តែ​កាល​ពី​១​ទស​វត្ស​មុននេះ, វៀតណាម​ក៏​សម្រេច​ចិត្ត​ផ្អាក​​​គម្រោង​នេះ​​វិញ​។​ ឥឡូវ​នេះ វៀតណាម​អាច​នឹង​ពិចារណា​ឡើង​វិញ​បន្ទាប់​ពី​កូរ៉េ​ខាង​ត្បូង និង​កាណាដា​បំផុស​គំនិត​​ឱ្យ​វៀត​ណាម​ងាក​ទៅ​ប្រើ​ប្រាស់វិធី​ផលិត​អគ្គិសនី​​ដោយ​ថាម​​ពល​នុយ​ក្លេអ៊ែរ​វិញ​។

ឥឡូវ​នេះ ងាក​មក​លោក​ពូទីន​វិញ​ម្ដង លោក​ពូទីន​ក៏​ថ្លែង​ការ​កោត​សរ​សើរ​មិន​ដាច់​ពី​មាត់​​ចំពោះ​វៀតណាម​ដែល​ងាក​មកប្រើ​ប្រាស់​វិធី​ទូទាត់​​សាច់​ប្រាក់​ និង​ពាណិជ្ជ​កម្ម​តាម​វិធី​ផ្សេង​ពី​ការ​ប្រើ​ប្រាស់​ក្រដាស់​ប្រាក់​ដុល្លារ​។ ដោយ​សារ​រុស្ស៊ី​កំពុង​ជាប់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​ពី​បស្ចិម​ប្រទេស​ ដូច្នេះ វិស័យ​ទូទាត់​សាច់​ប្រាក់​តាម​ប្រព័ន្ធ​ធនាគារ​រាង​ពិបាក​ខ្លាំង​។ ចំណុច​នេះ​ក៏​ជា​អ្វី​ដែល​លោក​ពូទីន​ចង់​ពិភាក្សា​ជា​មួយ​ថ្នាក់​ដឹក​នាំ​វៀតណាម​ដើម្បី​រក​វិធី​ដោះ​ដូរ​ពាណិជ្ជ​កម្ម​គ្នា​​ប្រកប​ដោយ​ភាព​​ងាយ​ស្រួល​​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ