Ronaldo និង Messi តួកគី បង្កើតប្រវត្តិសាស្ត្រថ្មី នៅជើងឯកអឺរ៉ុប កាលពីយប់មិញ
ប្រទេសអាល្លឺម៉ង់ ៖ កំពូលខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo រួមនឹងខ្សែបម្រើប្រយុទ្ធវ័យក្មេង
ប្រទេសអាល្លឺម៉ង់ ៖ កំពូលខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo រួមនឹងខ្សែបម្រើប្រយុទ្ធវ័យក្មេង
ប្រទេសអាល្លឺម៉ង់ ៖ កំពូលខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo រួមនឹងខ្សែបម្រើប្រយុទ្ធវ័យក្មេងតួកគី Arda Güler បានក្លាយជាកីឡាករដ៏លេចធ្លោបំផុតក្នុងការប្រកួតវគ្គចែកពូល ព្រឹត្តិការណ៍ជើងឯកអឺរ៉ុបឆ្នាំ ២០២៤ ឬ UEFA Euro 2024 ដែលធ្វើឡើងនៅប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។
ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo បានបង្កើតប្រវត្តិសាស្ត្រមិនធ្លាប់មានពីមុនមក ដោយក្លាយជាកីឡាករតែម្នាក់គត់បង្ហាញខ្លួនក្នុងការប្រកួតជើងឯកអឺរ៉ុបចំនួន ៦ សម័យកាល ពោលនៅឆ្នាំ (២០០៤ ២០០៨ ២០១២ ២០១៦ ២០២០ និង ២០២៤។
ខ្សែប្រយុទ្ធឆ្នើមក្រុម Al Nassr វ័យ៣៩ឆ្នាំ ដែលជួយព័រទុយហ្គាល់ឈ្នះពានរង្វាន់ជើងឯកអឺរ៉ុបជាលើកដំបូងនៅឆ្នាំ ២០១៦ រូបនេះ បានបង្ហាញវត្តមានជាជម្រើស១១នាក់ដំបូងក្នុងការប្រកួតបើកឆាកពូល F ដែលក្រុមបញ្ចខែលព័រទុយហ្គាល់យកឈ្នះលើសាធារណរដ្ឋឆែក ដោយលទ្ធផល ២-១ ទាំងលំបាក។ ឆែកបើកការនាំមុខមុននៅនាទី ៦២ ដោយខ្សែបម្រើស្លាបឆ្វេង Lukáš Provod មុនពេលព័រទុយហ្គាល់តាមស្មើនៅនាទី៦៩ ដែលជាគ្រាប់បាល់ចូលទីខ្លួនរបស់ខ្សែការពារឆែក Robin Hranáč និងគ្រាប់ជ័យជម្នះនៅម៉ោងបន្ថែមនាទី ៩០+២ ដែលសម្រេចបានដោយខ្សែបម្រើប្រយុទ្ធ Francisco Conceição ។
ក្រៅពី Cristiano Ronaldo ដែលបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ក្រឡេកទៅខ្សែបម្រើប្រយុទ្ធវ័យក្មេង Arda Güler ដែលមានរហស្សនាមថា «Messi តួកគី» ក៏ជាកីឡាករដ៏លេចធ្លោផងដែរ ក្រោយរកបាន១គ្រាប់ក្នុងចំណោម៣គ្រាប់របស់តួកគីយកឈ្នះហ្សកហ្ស៊ី ដោយលទ្ធផល ៣-១ នៃការប្រកួតបើកឆាកពូល F។
ខ្សែបម្រើប្រយុទ្ធតួកគី Arda Güler របស់ក្រុម Real Madrid បានបំបែកកំណត់ត្រារបស់កីឡាករ Cristiano Ronaldo ក្នុងនាមជាកីឡាករស៊ុតបញ្ចូលទីវ័យក្មេងជាងគេ ដែលបង្ហាញវត្តមានលើកដំបូងនៅព្រឹត្តិការណ៍ជើងឯកអឺរ៉ុប នៅអាយុត្រឹម ១៩ឆ្នាំ និង ១១៤ថ្ងៃ ខណៈកំណត់ត្រាចាស់របស់ Ronaldo កាលពីឆ្នាំ ២០០៤ នៅអាយុ ១៩ឆ្នាំនិង ១២៨ថ្ងៃ នៅពេលដែលរូបគេស៊ុតបាល់បញ្ចូលទីលើក្រិក នៅវគ្គចែកពូល។
ខ្សែបម្រើប្រយុទ្ធ Arda Güler គឺជាកីឡាករវ័យក្មេងទី២ ដែលបានបំបែកកំណត់ត្រាព្រឹត្តិការណ៍ជើងឯកអឺរ៉ុបនៅឆ្នាំនេះ បន្ទាប់ពីខ្សែប្រយុទ្ធអេស្ប៉ាញ Lamine Yamal ដែលក្លាយជាកីឡាករក្មេងបំផុតក្នុងប្រវត្តិសាស្ត្រជើងឯកអឺរ៉ុប នៅអាយុត្រឹម ១៦ឆ្នាំ និង ៣៣៨ថ្ងៃ ដោយបានបំបែកកំណត់ត្រាចាស់របស់ខ្សែបម្រើប៉ូឡូញ Kacper Kozlowski ដែលមានអាយុ ១៧ឆ្នាំ និង ២៤៦ថ្ងៃ នៅពេលដែលរូបគេបង្ហាញវត្តមាននៅឆ្នាំ ២០២០៕ (ប្រភព ៖ BBC និង CNN)
ចែករំលែកព័តមាននេះ