បន្ទាយមានជ័យ ៖ ផ្ទះលក់អីវ៉ាន់ចាប់ហួយត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង នៅពេលម្ចាស់ផ្ទះចៀនសាច់នឹងចង្ក្រានហ្គាស ផ្ទុះកំប៉ុងហ្គាស ឆាបឆេះអស់គ្មានសល់ ដែលករណីនេះកើតឡើង នៅម៉ោង៦ល្ងាច ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតភូមិ.សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
លោកវរៈសេនីយ៍ត្រី ប្រិម សុផល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារកណ្តាលបានប្រាប់ថា ៖ ម្ចាស់ផ្ទះមានឈ្មោះ ធី មួយអេង ភេទស្រី អាយុ៦៧ឆ្នាំ (មុខរបបលក់អីវ៉ាន់ចាប់ហួយ) ដែលរស់នៅភូមិកើតហេតុខាងលើ ។
លោកបានបញ្ជាក់ថា ៖ មូលហេតុអគ្គិភ័យឆាបឆេះផ្ទះ គឺម្ចាស់ផ្ទះបានចៀនសាច់នឹងចង្ក្រានហ្គាស បណ្តាលឲ្យផ្ទុះកំប៉ុងហ្គាសឆាបឆេះដល់សាំងដបដាក់លក់មុខផ្ទះ ទើបបង្កឆាបឆេះអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅឡើង ត្រូវបានរថយន្តពន្លត់អគ្គិភ័យបានចេញអន្តរាគមន៍បាញ់ពន្លត់ចំនួន៣គ្រឿង និងកម្លាំងជាច្រើននាក់ បានអន្តរាគមន៍ពន្លត់ តែអគ្គិភ័យបានឆាបឆេះអស់ទាំងស្រុង គ្មានសល់តែមិនរាលដល់ផ្ទះអ្នកជិតខាង ។
លោកវរៈសេនីយ៍ត្រី ប្រិម សុផល បានបញ្ជាក់ថា ៖ អគ្គិភ័យដែលឆាបឆេះផ្ទះ១ខ្នង ឈើប្រក់ស័ង្កសី និងទ្រព្យសម្បត្តិទាំងស្រុង មានម៉ូតូ១គ្រឿង ម៉ាក់ហុងដាឌ្រីម និងទូរស័ព្ទ៣គ្រឿង និងលុយចំនួន៦០០.០០០រៀល និងសាំង៤ពីដុង អីវ៉ាន់ចាប់ហួសឆេះអស់គ្មានសល់ ដែលប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ៣គ្រឿងបាញ់ពន្លត់អស់៣ឡាន និងកម្លាំងអន្តរាគមន៍មានកម្លាំងនគរបាល នគរបាលវរៈការពារព្រំដែន កងរាជអាវុធហត្ថ និងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងក្រុងជាច្រើនរូប៕
ចែករំលែកព័តមាននេះ