វៀតណាមចង់យក និងដំឡើងពន្ធខ្ពស់លើគ្រឿងស្រវឹ.ង និងភេសជ្ជៈផ្អែម ដើម្បីសុខភាពប្រជាជន
ប្រទេសវៀតណាម ៖ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ បានផ្តល់អនុសាសន៍
ប្រទេសវៀតណាម ៖ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ បានផ្តល់អនុសាសន៍
ប្រទេសវៀតណាម ៖ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ បានផ្តល់អនុសាសន៍ថា រដ្ឋាភិបាលវៀតណាម គួរតែដំឡើងពន្ធលើគ្រឿងស្រវឹងគ្រប់ប្រភេទ ក៏ដូចជាការយកពន្ធលើភេសជ្ជៈប៉ូវកម្លាំង និងជាតិផ្អែមទាំងអស់ ដើម្បីកាត់បន្ថយការទទួលទានច្រើនលើសកម្រិតពីសំណាក់ប្រជាជនវៀតណាម។
យោងតាមប្រភពពីសារព័ត៌មានវៀតណាម VnExpress កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រសួងហិរញ្ញវត្ថុបានផ្តល់អនុសាសន៍ដល់រដ្ឋាភិបាល គួរតែចាប់ផ្តើមដំឡើងពន្ធលើគ្រឿងស្រវឹងជាបណ្តើរៗរហូតដល់១០០% នៅឆ្នាំ ២០៣០។ អត្រាពន្ធបច្ចុប្បន្នលើគ្រឿងស្រវឹងនៅវៀតណាមមានចំនួន ៦៥% សម្រាប់ស្រាបៀរ និង ៣៥ ទៅ ៦៥% សម្រាប់ស្រា ដោយអាស្រ័យលើបរិមាណជាតិអាល់កុល និងគ្រឿងស្រវឹងគ្រប់ប្រភេទមានសារជាតិ Fermented ពីផ្លែឈើ និងគ្រាប់ធញ្ញជាតិ។ ការដំឡើងពន្ធមានគោលបំណងជំរុញការបង្កើនតម្លៃលក់គ្រឿងស្រវឹង ឆ្លើយតបតាមការណែនាំដោយអង្គការសុខភាពពិភពលោក។
ក្រសួងបានជំរុញការដំឡើងអត្រាពន្ធដល់ ៨០% នៅឆ្នាំ ២០២៦ និងបន្តិចម្តងៗរហូតដល់ ១០០% នៅឆ្នាំ ២០៣០ សម្រាប់គ្រឿងស្រវឹងមានជាតិអាល់កុលលើសពី ២០%។ សម្រាប់គ្រឿងស្រវឹងជាតិអាល់កុលទាប គួរគិតអត្រាពី ៥០ ទៅ ៧០%។ ក្រសួងបានលើកឡើងថា គ្រឿងស្រវឹងគឺជាការញៀន និងបង្កបញ្ហាសុខភាពយ៉ាងធ្ងន់ធ្ងរដល់អ្នកទទួលទាន និងជះផលអវិជ្ជមានដល់សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពចរាចរណ៍។ ការអនុវត្តអត្រាពន្ធខ្ពស់គឺចាំបាច់ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីគ្រោះថ្នាក់ ដែលបណ្តាលមកពីការទទួលទានគ្រឿងស្រវឹងលើសកម្រិត ដ៏ដូចជាជួយកាត់បន្ថយការទទួលទានផងដែរ។
ទោះយ៉ាងណាក៏ដោយ បណ្តាអាជីវកម្មលក់គ្រឿងស្រវឹងបានបង្ហាញការមិនពេញចិត្ត និងបានដាក់ញត្តិទៅរដ្ឋាភិបាលកុំឱ្យដំឡើងពន្ធ ដោយអះអាងថានឹងបំផ្លាញអាជីវកម្ម ឧស្សាហកម្មផលិត និងប៉ះពាល់ដល់ការប្រមូលពន្ធផងដែរ។ ការដំឡើងពន្ធដើម្បីបង្កើនតម្លៃលក់មិនមែនជាកត្តាជំរុញដ៏មានប្រសិទ្ធភាពក្នុងការផ្លាស់ប្តូរអាកប្បកិរិយារបស់អ្នកទទួលទាននោះទេ ហើយជំនួសមកវិញ គួរតែមានគោលនយោបាយលើកទឹកចិត្តឧស្សាហកម្មក្នុងការច្នៃប្រឌិត និងបង្កើតផលិតផលសមរម្យដែលផ្តល់អត្ថប្រយោជន៍ដល់អ្នកទទួលទាន និងសេដ្ឋកិច្ចជាតិ។
ក្រៅពីនោះ ក្រសួងហិរញ្ញវត្ថុវៀតណាម ក៏បានអំពាវនាវឱ្យដាក់ពន្ធចំនួន ១០% លើភេសជ្ជៈប៉ូវកម្លាំង និងផ្អែមគ្រប់ប្រភេទ ដើម្បីកាត់បន្ថយការទទួលទានលើសកម្រិត។ ដូច្នេះបើពន្ធដល់ ១០% អ្នកទទួលទានអាចប្តូរទៅភេសជ្ជៈមានជាតិស្ករតិច ឬគ្មានតែម្តង ដែលនឹងជួយពួកគេកាត់បន្ថយការធាត់ ជំងឺទឹកនោមផ្អែម និងជំងឺផ្សេងៗទៀត ជាពិសេសក្នុងចំណោមមនុស្សជំនាន់ក្រោយ ដើម្បីជួយសម្រាលសម្ពាធលើប្រព័ន្ធថែទាំសុខភាពជាតិ។
ក្រសួងបានអះអាងថា ការយកពន្ធលើភេសជ្ជៈប៉ូវកម្លាំង និងផ្អែម នឹងនាំចំណូល ២.៤ ទ្រីលានដុង ដែលស្មើនឹង ៩៤លានដុល្លារអាមេរិកដល់រដ្ឋាភិបាលក្នុងឆ្នាំដំបូង មុនពេលធ្លាក់ចុះមកវិញ នៅពេលអ្នកទទួលទានផ្តោតលើការផ្លាស់ប្តូរទៅភេសជ្ជៈមានជាតិស្ករតិច ឬគ្មានជាតិស្ករតែម្តង។
របាយការណ៍ពីវិទ្យាស្ថានជាតិអាហារូបត្ថម្ភវៀតណាម បានបង្ហាញអំពីក្តីបារម្ភជុំវិញការកើនឡើងនៃការទទួលទានភេសជ្ជៈផ្អែម សម្រាប់មនុស្សម្នាក់ៗប្រចាំឆ្នាំ។ សមាមាត្រនៃចំនួនកុមារ និងក្មេងជំទង់ដែលលើសទម្ងន់ និងធាត់ ដែលមានអាយុពី ៥ ទៅ ១៩ឆ្នាំ បានកើនឡើងទ្វេដងក្នុងរយៈពេល១០ឆ្នាំចុងក្រោយ រហូតដល់ ១៩% បើធៀបនឹងឆ្នាំ ២០២០ ដែលខ្ពស់ជាងមធ្យមភាគនៅតំបន់អាស៊ីអាគ្នេយ៍ដែលមានត្រឹមតែ ១៧.៣% ប៉ុណ្ណោះ។
ក្រសួងបញ្ជាក់ថា ការយកពន្ធលើភេសជ្ជៈផ្អែម គឺជានិន្នាការសកល ហើយប្រទេសចំនួន ៨៥ នៅជុំវិញពិភពលោកបានធ្វើដូច្នេះរួចមកហើយ។ ទោះយ៉ាងណាក៏ដោយ បណ្តាក្រុមហ៊ុនផលិតភេសជ្ជៈកាលពីឆ្នាំមុន បានបញ្ចុះបញ្ចូលប្រឆាំងនឹងការយកពន្ធដោយអះអាងថា ពួកគេមិនបានរួមចំណែកដល់បញ្ហាសុខភាពរបស់អ្នកទទួលទាននោះទេ។
បន្ថែមលើសពីនេះទៀត សំណើរបស់ក្រសួងហិរញ្ញវត្ថុវៀតណាមទៅកាន់រដ្ឋាភិបាល ក៏បានរួមបញ្ចូលផងដែរ នូវពន្ធអាករថ្មី ឬខ្ពស់លើផលិតផលផ្សេងទៀតមួយចំនួន រួមទាំងផលិតផលថ្នាំជក់គ្រប់ប្រភេទផងដែរ៕ (ប្រភព ៖ VnExpress)
ចែករំលែកព័តមាននេះ