ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារសុំទានតាមដងផ្លូវ ៖ ការដាក់ទានជាការសង្គ្រោះ ឬធ្វើបាប?

3 ខែ មុន
  • ភ្នំពេញ

ខណ​:​កុមារ​ជា​ច្រើន មានឱកាស​ចូល​រៀន​តាម​សាលា​នោះ កុមារី សំ ភី អាយុ​៩​ឆ្នាំ កំពុង លើកដៃ​សុំ​លុយ​គេ​តាម​ផ្លូវ ដើម្បី​រស់​ទោះបីជា​ប្អូន​ចង់​រៀន​ដូច​កូន​គេ​ផ្សេង​ទៀត​ក្តី ។…

ខណ​:​កុមារ​ជា​ច្រើន មានឱកាស​ចូល​រៀន​តាម​សាលា​នោះ កុមារី សំ ភី អាយុ​៩​ឆ្នាំ កំពុង លើកដៃ​សុំ​លុយ​គេ​តាម​ផ្លូវ ដើម្បី​រស់​ទោះបីជា​ប្អូន​ចង់​រៀន​ដូច​កូន​គេ​ផ្សេង​ទៀត​ក្តី ។

សំភី ជា​កុមារ​រី​ម្នាក់​ក្នុង​ចំណោម​វត្តមាន​កុមារ​តូច​ៗ​ជា​ច្រើន​ដើរ​សុំទាន​នៅ​តាម​ទី​សាធារណៈ​នៅ​រាជធានី​ភ្នំពេញ ។ វា​បាន​បង្កើត​ជា​ច​ម្ង​ល់​ក្នុង​ចិត្ត និង​មន្ទិល​ដល់​អ្នកមាន​បំណង​ផ្តល់​ទាន​ជួយ​សង្គ្រោះ​កុមារ​ទាំងនោះ តើ​គួរ​ដាក់​ទាន​ដល់​ពួក​គេ ឬ​យ៉ាងណា ? កុមារី សំ ភី អាយុ​៩​ឆ្នាំ ដែល​បាន​បោះបង់​ការ​សិក្សា​ត្រឹម​ថ្នាក់​ទី​២ បាន​រៀបរាប់​ថា ប្អូន​មិន ចង់​ដើរ​សុំទាន​គេ​ទេ ហើយ​ប្អូន​ក៏​ចង់ទៅ​រៀន​ដូច​កុមារ​ដទៃ​ទៀត​ដែរ ប៉ុន្តែ​ប្អូន​ត្រូវ​តែ​ដើរ​សុំទាន​បែប​នេះ​ត្រូវការ​លុយ ដើម្បី​ជួយ​ចិញ្ចឹម​គ្រួសារ ។ កុមារី ខាងលើ​បន្ថែម​ថា នាង​ធ្លាប់​បាន​ចូល​រៀន​នៅ​សាលា​អង្គការ​មួយ ក្នុង​ក្រុងភ្នំពេញ ប៉ុន្តែ​ក៏​ឈប់​រៀន​វិញ​ដោយសារ​តែ​អង្គការ​ជួយ​បាន​តែ​ប្អូនស្រី​មួយ ខណៈ​ប្អូន និង​គ្រួសារ​គ្មាន​នរណា​ជួយ​រក​លុយ ។

សំភី បាន​បន្ត​ថា កាល​នៅ​ពេល​ប្អូន​មានឱកាស​ទៅ​រៀន​ប្អូន​ទៅ​រៀន​មែន តែ​ក៏​មិន​សប្បាយ ចិត្ត​ដែរ ដោយសារ​តែ​ឪពុក​ម្តាយ​ចេះ​តែ​មើល​មុខ ដោយ​មិន​ពេញចិត្ត​ឲ្យ​នាង​ទៅ​រៀន​នឹង​គេ ហើយ​ពេល​ខ្លះ​ត្រូវ​គ្រូ​ស្តីអោយ​ផង ក៏​សម្រេចចិត្ត​ឈប់​រៀន​តែ​ម្តង ។

នៅ​ក្នុង​រាជធានី​ភ្នំពេញ​រូបភាព​នៃ​ការ​សុំទាន​មាន​ជា​ច្រើន​យ៉ាង ដោយ​កុមារ​ខ្លះ​ដើរ​លក់​ផ្កា តាម​ភ្លើងស្តុប​ឬ​តាម​ហាង​នានា ហើយ​កុមារ​ខ្លះ​ខ្លះ​ទៀត​កាន់​អំបោស​ស្លាបមាន់ ឬ​ក្រណាត់ ជូត​ឡាន​ឲ្យ​គេ​ជាដើម ។ កុមារ​ខ្លះមក​ជា​ក្រុម ខ្លះមក​ជាមួយនឹង​ឪពុក​ម្តាយ ខ្លះមក​តែឯង ។

កុមា​រា រតនា អាយុ​៨​ឆ្នាំ ដែល​តែងតែ​សុំ​លុយ​អ្នកដំណើរ​ម្តុំ​រង្វង់​មូល​តា​ខ្មៅ ខេត្តកណ្តាល បានអោយ​ដឹង​ថា ក្នុង​គ្រួសារ​របស់​ប្អូន​មាន​បងប្អូន​៥​នាក់ ហើយ​គ្មាន​អ្នក​ណា​រកស៊ី​ចិញ្ចឹម នោះ​ទេ ។ កុមា​រា​រូប​នេះ​អះអាង​ថា ខ្លួន​បាន​ដើរ​សុំ​លុយ​នេះ​ជាមួយ​ក្រុម​របស់​ខ្លួន​មាន​គ្នា​៤​នាក់ ហើយ​បាន​ចែក​លុយ​គ្នា​នៅ​ពេល​សុំ​លុយ​បាន​ក្នុង​មួយ​ថ្ងៃ ដោយ​មួយ​ថ្ងៃ​ប្អូន​អាច​រក​លុយ​បាន​ចន្លោះ​ពី​២០០០០ ទៅ​៣០០០០​រៀល ។

រីឯ​កុមារី មិថុនា អាយុ​៦​ឆ្នាំ​វិញ បានអោយ​ដឹង​ថា មួយ​ថ្ងៃ​នាង​សុំ​បាន​២០០០០​រៀល ដោយ​ដើរ​សុំ​គេ​តាម​ផ្លូវ ចាប់តាំងពី​ផ្ទះ​មក​ពីរ​នាក់​បង ។ កុមារី​រូប​នោះ​បាន​ឲ្យ​ដឹង ប្អូនស្រី​តែង​ដើរ​សុំ​គេ តែ​មួយ​ពេល​ទេ ដោយ​មួយ​ពេល គឺ​ទៅ​រៀន ។

លោក ហង្ស សីហា ជា​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​មួយ​រូប​បាន​ឲ្យ​ដឹង​ថា ការ​ដែល ឃើញ​ក្មេង​ៗ​ដើរ​សុំទាន​គេ​ពាស​វាល​ពាស​កាល​បែប​នេះ វា​អាណោចអាធម៌​ណាស់ ប៉ុន្តែ​មិន ដឹង​ធ្វើ​ម៉េច ។

លោក យង់ គឹ​ម​អេ​ង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព បាន អោយ​កម្មវិធី​លុយ​ដឹង​ថា ការ​ផ្តល់​លុយកាក់​អោយទៅ​កុមារ​នៅ​តាម​ចិញ្ចើម​ផ្លូវ​វា​ជាប់​ពាក់ព័ន្ធ និង​ពលកម្ម​កុមារ​ដោយ​កុមារ​ខ្លះ​ត្រូវ​បាន​ជន​ដទៃ​បញ្ជូន​ពួក​គាត់​មក​ដើរ​សុំទាន នៅ​តាម​ទីក្រុង ឬ​ទី​សាធារណៈ ហើយ​នៅ​ពេល​ដែល​យើង​បន្ត​ផ្តល់​លុយកាក់​បែប​នេះ​ពលកម្ម​កុមារ​នឹង​កាន់តែ​កើត​មាន​បន្ថែម​ទៀត ។

លោក យង់ គឹ​ម​អេ​ង បន្ថែម​ថា ៖«​ពួក​គាត់​អត់​បាន​ទៅ​រៀនសូត្រ​ពួក​គាត់​ត្រូវ​បាន​គាបសង្កត់​ធ្វើទុក្ខ ដើម្បី​អោយមក​សុំទាន​តាម​ដងផ្លូវ ។ យើង​ឃើញ​ហើយ​នៅ​ពេល​ខ្លះ​យើង​ឃើញ​មាន​ឪពុក​ម្តាយ​ចាំ​សង្កេត​មើល​កូន​ៗ​របស់​គេ​ហ្នឹង​ដើរ​សុំ​លុយ ប្រសិនបើ​កូន​ៗ ឬ​ក្មេង ដែល​គេ​យក​ទៅ​ដាក់​ហ្នឹង​មិន​ប្រឹង​សុំ​ទេ​គេ​ច្រើន​គំ​រា​.​ម​កំ​ហែ​.​ង ។ ជុំវិញ​បញ្ហា​នេះ យើង​មិន​គួរ​អោយ​មាន​ហើយ​អ្នក​ដែល​ធ្វើ​ដំណើរ​ក៏​គួរ​ពិចារណា​ដែរ ។ ការ​អាណិតអាសូរ​ជា​រឿង​មួយ ប៉ុន្តែ​កុំអោយ​មាន​ពលកម្ម​កុមារ​ដែល​ជិះ​ឥ​ទ្ធ​ពល​អាក្រក់​ដល់​កុមារ​ដល់​អនាគត​របស់​កុមារ​»​។

ដោយឡែក លោក តូច ចាន់​នី អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​និ​តិ សម្បទា បានអោយ​កម្មវិធី​លុយ នៃ​សារព័ត៌មាន​កោះសន្តិភាព ដឹង​ថា «​មែនទែន​ទៅ ការ​អោយ​លុយ​ក្មេង​តាម​ចិញ្ចើមថ្នល់​វា​ជះ​ឥទ្ធិពល​មិនល្អ​ទេ យើង​មើលឃើញ​អ៊ីចឹង​នឹង​ភ្នែក ។ វា​ជះ​ឥទ្ធិពល​មិនល្អ​ទេ សម្រាប់​សង្គម​ជាតិ​យើង​ទេ ហើយ​វា​បង្ហាញ​ពី​ភាព​អាណា​ធិ​ប​តេ​យ្យ បង្ហាញ​ពី​ភាព​បាត់​សណ្តាប់ធ្នាប់​ក្នុង​សង្គម ។ ក៏​ប៉ុន្តែ​ទំនៀមទម្លាប់​របស់ ប្រពៃណី​ខ្មែរ យើង​គឺ​ត្រូវ​តែ​ធ្វើបុណ្យ​ធ្វើ​ទាន យើង​មិន​អាច​ហាមឃាត់​ពលរដ្ឋ​បាន​នោះ​ទេ ។ ទាន​ជា​ជា​សណ្តាន​ចិត្ត​របស់​គាត់ តែបើ​យើង​គិត​ពី​រូបភាព​វា​ជះ​ឥទ្ធិពល មិនល្អ​ទេ​ដល់​សង្គម ជាតិ​យើង​»​។ លោក តូច ចាន់​នី បន្ត​ថា ការ​ដោះស្រាយ​បញ្ហា​ជនអនាថា ក្រសួង​មាន​យន្តការ និង​គោលនយោបាយ ប៉ុន្តែ​ការ​អនុវត្ត​នៅ​មាន​ភាព​មិន​ទាន់​ប្រទាក់ក្រឡា​គ្នា​នៅឡើយ ។ ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​និ​តិ​សម្បទា មាន​មណ្ឌល​សម្រាប់​ផ្តល់​ដល់​ជនអនាថា ស្នាក់​នៅ​មាន​និ​តិ​វិធី​សម្រាប់​ចិញ្ចឹម​ពួក​គាត់​បណ្តុះបណ្តាល​ពួក​គាត់​សម្រាប់​រៀនសូត្រ តែ​ជនអនាថា​ទាំងនោះ​មិន​ចង់​ទទួលយក​ការ​ជួយ​របស់​រដ្ឋាភិបាល​រៀបចំ​នោះ​ទេ ។

លោក តូច ចាន់​នី បន្ថែម​ថា «​ពេល​យើង​ប្រមូល​យក​ពូក​គាត់​ទៅ​បាន​បន្តិច​ពួក​គាត់​លួច​រត់ គាត់​សុំ​ចេញ ហើយ​គាត់​សុខចិត្ត​មក​រស់នៅ​តាម​ចិញ្ចើមថ្នល់ ពីព្រោះ​នៅ​តាម​ចិញ្ចើមថ្នល់ ពួក​គាត់​ងាយ ស្រួល​រក​លុយ ងាយ​រក​ប្រាក់​ចំណូល គាត់​រកបាន​ច្រើន ។ តាម​ការ​សិក្សា​របស់​យើង​ក្នុង​ម្នាក់​គាត់​រកបាន​រាប់​ម៉ី​ន​ក្នុង​មួយ​ថ្ងៃ​ៗ​គាត់​សុខចិត្ត​នៅ​អ៊ីចឹង​គាត់​មាន​សេរីភាព​» ។

លោក តូច ចាន់​នី បន្ត​ថា បច្ចុប្បន្ន​ប្រសិនបើ​ជនអនាថា​ទាំងនោះ មាន​ជីវភាព​ក្រីក្រ ពួក​គាត់​នឹង​ទទួល​បាន​ប័ណ្ណ​សមធម៌ (​ប័ណ្ណ​ក្រីក្រ​) និង​ថវិកា​ដែល​រាជរដ្ឋាភិបាល​រ់ង​ចាំ​ជួយ​ពួក​គាត់ ជា​រៀង​រាល់​ខែ ប៉ុន្តែ​ពួក​គាត់​នៅ​តែ​ចូល​ចិត្ត​ជីវិត​គាត់​បែប​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ