ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិអភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារជួបជាមួយប្រជាពលរដ្ឋម្នាក់ ដែលជាម្ចាស់រថយន្តតាក់ស៊ី និងលោកមេភូមិ ដើម្បីពន្យល់អំពីនីតិវិធីយន្តការច្បាប់ និងផ្តល់ភាពកក់ក្តៅជឿជាក់លើសុខសុវត្ថិភាព ជូនគាត់ក្រោមម្លប់សន្តិភាព ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋ បានអះអាងថា កម្លាំងកងរាជអាវុធហត្ថខេត្តមួយក្រុម ដឹកនាំដោយមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន មួយរូប ទើបតែនឹងតែងតាំងថ្មីៗ បាននាំកូនចៅ ទៅជាក្រុមមានគ្នាចំនួន៤នាក់ ស្លៀកពាក់ជា ឯកសណ្ឋាន សម្រុកចូលទៅចាប់បុរសម្នាក់ទាំងយប់ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅភូមិផ្សារ ព្រំឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយគ្មានដីកាអ្វីទាំងអស់ តែត្រូវបងប្អូនប្រជាពលរដ្ឋអ្នកជិតខាងឃើញ ក៏នាំគ្នាមកជួយប្រតាយប្រតប់ និងស្រែកឆោឡោធ្វើអោយក្រុមកងរាជអាវុធហត្ថនោះនាំគ្នាចូលរថយន្តត្រលប់ទៅវិញបាត់ស្រមោល ។
សូមរម្លឹកថា «ឈ្លោះទា.ស់ទែងពាក្យសម្តីគ្នារឿងដឹកឥវ៉ាន់រវាងមន្ត្រីប៉េអឹមម្នាក់ ជាមួយអ្នករត់តាក់ស៊ីកក្រើកភូមិផ្សារព្រំបង្កការភ្ញាក់ផ្អើលខ្លាំង» បុរសម្នាក់ត្រូវបានគេស្គាល់ថា ជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន បានរងរបួសស្រាលត្រូវបានប្រជាពលរដ្ឋរស់នៅក្នុងភូមិផ្សារព្រំ រួមគ្នាប្រវា.យប្រតប់ ខណ:ដែលរូបលោកដឹកនាំមន្ត្រីកងរាជអាវុធហត្ថចុះទៅសួរនាំអ្នករត់តាក់ស៊ីម្នាក់ពីរឿងទារតម្លៃឈ្នួលដឹកឥវ៉ាន់ (កង់ហាត់ប្រាណ) ដែលជួលដឹកពីក្រុងប៉ោយប៉ែត មកក្រុងប៉ៃលិន លើសហួសពីអ្វីដែលបានចរចាគ្នា លុះពេលទៅដល់ភ្លាមក៏ក្លាយទៅជាទាស់ពាក្យសម្តីប្រវា.យប្រតប់គ្នារងរបួស បង្កឱ្យភ្ញាក់ផ្អើលតែម្តង ។
ទោះបីជាយ៉ាងណា អ្នករត់តាក់ស៊ីកើតទុក្ខមិនសុខចិត្ត ដោយចោទលើមន្ត្រីកងរាជអាវុធហត្ថថា នាំកម្លាំងទៅរករឿងដល់ផ្ទះពួកគាត់ ក៏ដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍រដ្ឋបាលឃុំស្ទឹងកាច់ ។ ហេតុការណ៍រឿងរ៉ាវផ្ទុះឡើង រវាងមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងអ្នករត់តាក់ស៊ីនេះបានកើតឡើង កាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលបានឱ្យដឹងថា ៖ មេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តប៉ៃលិន ឈ្មោះ សរ ប៊ុនសឿង ភេទប្រុស រងរបួសស្រាល ។ ចំណែកអ្នករត់តាក់ស៊ីឈ្មោះ ទ្រី ភេទប្រុស រស់នៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន អត់មានរបួសទេ ។
ប្រភពបន្តទៀតថា មុនពេលកើតហេតុ បុរសមេបញ្ជាការរងកងរាជអាវុធហេត្ថ បានទាក់ទងរថយន្តតាក់ស៊ីដឹកឥវ៉ាន់ (កង់ហាត់ប្រាណ) ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយជ័យ ដើម្បីដឹកយកមកខេត្តប៉ៃលិន ដោយចរចាតម្លៃគ្នាចំនួន៦ម៉ឺនរៀលលុះរថយន្តតាក់ស៊ី បើកបរមកដល់ជិតក្បែរគោលដៅ ស្រាប់តែម្ចាស់រថយន្តឈ្នួលប្រាប់ថា ទូរស័ព្ទអត់ចូល ហើយក៏ដឹកហួសយកទៅដល់ភូមិផ្សារព្រំ ជាប់ព្រំដែនកម្ពុជាថៃ ។
ពេលនោះ ខាងម្ចាស់ឥវ៉ាន់ឱ្យដឹកទៅប៉ៃលិនវិញ តែខាងអ្នករត់តាក់ស៊ីទារលុយថែម២ម៉ឺនទៀត សរុប៨ម៉ឺនរៀល ហើយខាងម្ចាស់ឥវ៉ាន់បានតបទៅវិញថា និយាយមិនចេះស្តាប់គ្នា ឱ្យដឹកទៅក្រុងប៉ៃលិន បែរជាដឹកទៅព្រំដែន រួចក៏ទាស់ពាក្យសម្តីគ្នាជេរគ្នាតាមប្រព័ន្ធតេលេក្រាម និងក្លាយទៅជាការប្រវា.យប្រតប់គ្នា បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង ។
ទោះបីជាយ៉ាងណា រឿងរ៉ាវតិចតួចក្លាយទៅជារឿងធំដោយសារតែការប្រើពាក្យសម្តីជេរប្រមាថគ្នានេះ ខាងម្ចាស់រថយន្តតាក់ស៊ីបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលឃុំស្ទឹងកាច់ ឱ្យជួយអន្តរាគមន៍ ខណ:ដែលអាជ្ញាធរមូលដ្ឋានសុំឱ្យជួបដោះស្រាយគ្នានៅក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីបញ្ចប់រឿង ៕
ចែករំលែកព័តមាននេះ