ស្របពេលដែលការដ្ឋានកសាងព្រែកជីកហ្វូណនតេជោតម្លៃ១.៧០០លានដុល្លារនឹងបើកការដ្ឋាននៅថ្ងៃទី០៥ ខែសីហា ខាងមុខនេះ មន្ត្រីកម្ពុជាមួយក្រុមបានចុះទៅដកបទពិសោធន៍ នៅព្រែកជីក រិន មែន ដាណូប (Rhine–Main–Danube) របស់អាល្លឺម៉ង់ ។
ក្រុមអ្នកជំនាញកម្ពុជានោះ គឺបានដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហើយដែលគេដឹងថា គឺជាជនបង្គោលនៃគម្រោងកសាងព្រែកជីកជាប្រវត្តិសាស្ត្ររបស់កម្ពុជាមួយនេះ ។
លោក ស៊ុន ចាន់ថុល បានចុះដល់ព្រែកជីកដែលស្ថិតក្រោមការគ្រប់គ្រងដោយក្រុមហ៊ុន បាយេនហាហ្វេន ណួបឹក ( Bayernhafen Nürnberg ) ។ នាឱកាសនោះ លោកបានចុះពិនិត្យមជ្ឈមណ្ឌលដឹកជញ្ជូននិងភស្ដុភារកម្ម និងព្រែកជីក Rhine–Main–Danube របស់អាល្លឺម៉ង់ ព្រមទាំងបានសាកសួរអំពីបទពិសោធន៍នៃការវិនិយោគរបស់ក្រុមហ៊ុនលើគម្រោងយក្សផ្នែកដឹកជញ្ជូននិងភស្ដុភារកម្ម ពិសេសបទពិសោធន៍របស់ក្រុមហ៊ុនក្នុងការប្រើប្រាស់ព្រែកជីកនេះ ដើម្បីសម្រួលដល់ការដឹកជញ្ជូនពីផ្លូវទឹកមកផ្លូវដែកក្នុងប្រទេស ដែលនេះមានប្រយោជន៍សម្រាប់កម្ពុជាប្រើប្រាស់ជាទឡ្ហីករក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធពហុមធ្យោបាយរបស់ខ្លួនបានផងដែរ។
ក្រោយពីមានចំណាប់អារម្មណ៍ខ្ពស់ចំពោះប្រតិបត្តិការវិនិយោគរបស់ក្រុមហ៊ុន លោក ឧបនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យក្រុមហ៊ុន ពិចារណាដាក់ទុកវិនិយោគរបស់ខ្លួន លើផ្នែកភស្ដុភារកម្មនៅកម្ពុជាផងដែរ។ សូមជម្រាបថា Bayernhafen Nürnberg គឺជាមជ្ឈមណ្ឌលដឹកជញ្ជូន និងភស្ដុភារកម្មដ៏សំខាន់បំផុតមួយ ដែលតភ្ជាប់រវាងផ្លូវដែក និងផ្លូវទឹកប្រកបដោយប្រសិទ្ធភាព។ ឧស្សាហកម្មចម្រុះនៅក្នុង Bayernhafen Nürnberg រួមមានអន្តរមធ្យោបាយដឹកជញ្ជូននិងភស្ដុភារកម្ម ការដឹកជញ្ជូនទំនិញ ការកែច្នៃ ឧស្សាហកម្ម ពាណិជ្ជកម្ម ឃ្លាំង និងការផ្តល់សេវាទាក់ទងនឹងការដឹកជញ្ជូនជាដើម៕
ចែករំលែកព័តមាននេះ