ខេត្តកំពង់ឆ្នាំង ៖ កម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនមនុស្ស២នាក់ជាមួយវត្ថុតាងថ្នាំញៀនជិត១គីឡូក្រាម បញ្ជូនទៅកាន់សាលាដំបូងខេត្តនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នេះ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។
លោក ហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ក្រោមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ជាស្នងការដោយមានការសម្របសម្រួលនិតិវិធី ពីលោកព្រះរាជអាជ្ញានៃអយ្យការអមដាលាដំបូងខេត្ត នៅវេលាម៉ោង១២ និង៤០នាទី ថ្ងៃទី១០ ខែ
មិថុនា ឆ្នាំ២០២៤ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបគ្រឿងញៀន ១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់។
១-ឈ្មោះថេង ធី ភេទប្រុស អាយុ៣១ឆ្នាំ ជាកសិករ រស់នៅក្នុងភូមិច្រកស្តេច ឃុំពាម ស្រុកសាមគ្គីមានជ័យ និង២-ឈ្មោះ សុខ សារ៉ន ភេទប្រុស អាយុ៤៣ឆ្នាំ ជាកសិករ រស់នៅភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
លោកស្នងការរងបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នាពេលនោះសមត្ថកិច្ចរកឃើញវត្ថុតាងថ្នាំញៀនចំនួន១៤កញ្ចប់ ធំ៣កញ្ចប់ ទម្ងន់ជិត១គីឡូក្រាម ទូរសព្ទដៃ២គ្រឿង ម៉ូតូ១គ្រឿង និងសម្ភារវេចខ្ចប់មួយចំនួនទៀត ៕
ចែករំលែកព័តមាននេះ