រាជធានីភ្នំពេញ ៖ ជាពាក្យមួយសម្រាប់ដាស់តឿន ដល់សិស្សានុសិស្សសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានថ្លែងយ៉ាងដូច្នេះថា ៖«កូនអ្នកមាន ជីវភាពធូរធារ មិនប្រាកដថា ជោគជ័យនោះទេ បើពួកគេមិនខិតខំប្រឹងសិក្សារៀនសូត្រ និងពង្រឹងសមត្ថភាពខ្លួនឯង»។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/e4563939c69051c7e5ed85078f69ba65.jpg)
ថ្លែងនាឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃសាកលវិទ្យាល័យ លីមកុងវីង នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា កូនអ្នកមានជីវភាពខ្វះខាត ឬកូនកសិករ បើមានការខិតខំរៀនសូត្រ មានសមត្ថភាពក៏អាចក្លាយជាធនធានមនុស្សដ៏សំខាន់ សម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិដែរ ។
ជាមួយគ្នានោះដែរ សម្ដេចធិបតី នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ៖ «អ្នកខ្លះកើតនៅគ្រួសារក្រីក្រនៅខេត្តឆ្ងាយ អ្នកខ្លះកើតមកជាកូនអ្នកធូរធានៅក្រុង ប៉ុន្ដែមានឱកាសរៀនសូត្រ គឺអាចឲ្យបិទគម្លាត ភាពជោគជ័យរបស់ឪពុក-ម្ដាយ មិនធានាជោគជ័យរបស់កូនទេ មិនមែនកើតមកយើងនៅក្នុងគ្រួសារក្រីក្រ បើគ្មានឱកាស អាហ្នឹងអាចលំបាក ប៉ុន្ដែបើមានឱកាសរៀនសូត្រដូចគ្នា គាត់អាចមានសមត្ថភាពមកសិក្សាបានតស៊ូបានរៀនសូត្រ បានអាហារូបករណ៍ ហើយកូនអ្នកមានជីវភាពធូរធា មិនប្រាកដថា ជោគជ័យទេ បើមិនខំប្រឹងប្រឹងរៀន)» ។ សម្ដេចធិបតី នាយករដ្ឋមន្ត្រីបានបន្ថែមថា នៅតាមបណ្ដាញសង្គម អ្នកមានប្រវត្តិលំបាក ឬកូនកំព្រា ឥឡូវមានសមត្ថភាពដឹកនាំអ្វីមួយ អ្នកដែលធ្លាប់ជាកូនចៅធូរធារ ក៏ធ្លាក់ខ្លួនដែរ រឿងនេះមិនថា នៅកម្ពុជា ឬប្រទេសក្រៅនោះទេ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/67d1fa03b54e3f32d889e48f3b7d0d48.jpg)
បើតាមសម្ដេចនាយករដ្ឋមន្ដ្រី បានអះអាងថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បន្តដាក់អាទិភាពធំណាស់ទៅលើការអភិវឌ្ឍធនធានមនុស្ស ដោយផ្ដោតសំខាន់ទៅលើសុខភាព និងការអប់រំ ។ រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងអប់រំត្រឹមតែជាអ្នកដាក់ចេញនូវគោលនយោបាយ គោលការណ៍ និងការផ្ដល់ការអនុគ្រោះដល់ការអប់រំ ប៉ុន្ដែអ្នកដែលចូលរួមដោយផ្ទាល់ ក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យមានការរីកចម្រើនទៅបាន គឺជាគ្រឹះស្ថានសិក្សា ជាពិសេសគ្រឹះស្ថានឧត្តមសិក្សាដោយផ្ទាល់តែម្ដង៕
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/40251c894ce6bc874ae50db72ae6db32-1.jpg)
ចែករំលែកព័តមាននេះ