ទីក្រុងម៉ូស្គូ៖ ថ្ងៃនេះ កងទ័ពរុស្ស៊ី និងបេឡារូសធ្វើសមយុទ្ធយោធាហាត់ប្រើអាវុធនុយក្លេអ៊ែរតាក់ទិច (tactical nuclear) ឬនុយក្លេអ៊ែរខ្នាតតូចដែលលោកពូទីនអះអាងថាគ្រាប់តូចបំផុតរបស់រុស្ស៊ីយ៉ាងហោចណាស់ក៏ខ្លាំងជាងគ្រាប់បែកអាមេរិកទម្លាក់នៅហ៊ីរ៉ូស៊ីម៉ា៤ដងដែរ។ ចំណាត់ការនេះធ្វើឡើងចំពេលសង្គ្រាមអ៊ុយក្រែនបន្តឆាបឆេះខ្លាំងនៅតំបន់ខាគីវ។ រុស្ស៊ីប្រកាសថាលំហាត់យោធានេះជាការរៀបជើងព្រួលការពារអធិបតេយ្យភាពជាតិរបស់ប្រទេសទាំង២ទល់នឹងប្រទេសដទៃ។
យោងតាមក្រសួងការពារជាតិរុស្ស៊ី វិញ្ញាសាសំខាន់នៃលំហាត់យោធានេះគឺការប្រើប្រាស់អាវុធនុយក្លេអ៊ែរមិនមែនយុទ្ធសាស្ត្រ (non-strategic) តាមសេចក្ដីអំពាវនាវរបស់លោកពូទីនដែលចាត់ទុកថាបស្ចិមប្រទេសជ្រៀតជ្រែកកាន់តែខ្លាំងនៅក្នុងសង្គ្រាមអ៊ុយក្រែន។ ជាក់ស្ដែង រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកដេវីដ កាំម៉្រុន យល់ថាអ៊ុយក្រែនអាចប្រើអាវុធជំនួយរបស់អង់គ្លេសបាញ់ចូលទឹកដីរុស្ស៊ី។ ប្រទេសអាមេរិកក៏ប្រកាសដូចគ្នា។ ចំណែកលោកម៉ាក្រុង ប្រធានាធិបតីបារាំង ប្រកាសតាំងពីយូរមកហើយថាលោកមិនបោះបង់ចោលឡើយគម្រោងបញ្ជូនកងទ័ពជើងគោកទៅអ៊ុយក្រែននៅក្នុងករណីចាំបាច់។
ក្នុងហេតុផលនេះ រុស្ស៊ីយល់ថាសន្តិសុខជាតិ និងអធិបតេយ្យភាពជាតិរបស់ខ្លួនទទួលរងការគំរាមកំហែង។ ដូច្នេះ ខ្លួនអាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរដើម្បីទប់ទល់។ គួរកត់សម្គាល់ថាកាលពីពេលថ្មីៗនេះ លោកពូទីនប្រកាសថាលោកមិនចាំបាច់ប្រើប្រាស់អាវុធនុយក្លេអ៊ែរក៏អាចឈ្នះសង្គ្រាមអ៊ុយក្រែនដែរ។ គ្រាន់តែថារុស្ស៊ីត្រូវតែត្រៀមខ្លួនជានិច្ច។
អ្នកវិភាគយល់ថាចំណាត់ការរបស់រុស្ស៊ីនេះជាការព្រមានទៅក្រុមបស្ចិមប្រទេសដើម្បីកុំឱ្យពួកគេជម្រុលខ្លួនខ្លាំងពេកទៅក្នុងសង្គ្រាមអ៊ុយក្រែន ក្រែងលោផងខ្លួនរើខ្លួនលែងរួច។ ប្រធានាធិបតីបេឡារូស លោកលូកាសិនកូ ព្រមានកាលពីខែមិថុនា ឆ្នាំ២០២៣ថាបេឡារូសនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរដោយឥតញញើតទេបើប្រទេសរបស់លោករងការវាយប្រហារ។ លោជាពិសេស ការគំរាមកំហែងពីសំណាក់សមាជិកអង្គការណាតូ និងប្រទេសប៉ូឡូញដែលស្ថិតនៅជាប់នឹងប្រទេសបេឡារូស។
វិមានក្រឹមឡាំងមិនបានបញ្ជាក់ឱ្យបានច្បាស់ថាតើការធ្វើសមយុទ្ធយោធាប្រើប្រាស់អាវុធនុយក្លេអ៊ែរលើកទី២នេះធ្វើឡើងនៅទីកន្លែងណាទេ។ អ្នកនាំពាក្យវិមាននេះគ្រាន់តែនិយាយដោយខ្លីថាសមយុទ្ធនេះគ្មានគោលដៅបង្កហេតុជាមួយប្រទេសដទៃ ឬបុគ្គលណាម្នាក់ឡើយ។ ប៉ុន្តែមេដឹកនាំបេឡារូសថ្លែងថាលោកត្រូវតែត្រៀមជើងព្រួលជានិច្ចដើម្បីទប់ទល់នឹងសេណារីយោដែលកាន់តែអាក្រក់ជាងនេះ៕
ចែករំលែកព័តមាននេះ