ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ពូទីន​ថា​មិន​ប្រើ​នុយ​ក្លេអ៊ែរ​ក៏​រុស្ស៊ី​អាច​ឈ្នះ​សង្គ្រាម​អ៊ុយ​ក្រែន​ដែរ

4 ខែ មុន

ទី​ក្រុង​ម៉ូស្គូ៖ លោក​ពូទីន​ថ្លែង​ថា​រុស្ស៊ី​មិន​ចាំ​បាច់​ប្រើ​ប្រាស់​អាវុធ​នុយ​ក្លេអ៊ែរ​ក៏​អាច​ទទួល​ជ័យ​ជម្នះ​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន​ដែរ​។ លោក​និយាយ​មិន​អួត​ទេ គ្រាន់​តែ​នុយ​​ក្លេអ៊ែរ​ខ្នាត​តូច​ ឬ​នុយ​ក្លេអ៊ែរ​តាក់​ទិច (tactical nuclear) របស់​រុស្ស៊ី​ក៏​ធំ​ជាង​នុយ​ក្លេអ៊ែរ​របស់​ប្រទេស​អាមេរិក​ដែល​ទម្លាក់​នៅ​​​​ហ៊ីរ៉ូស៊ីម៉ា​​​រហូត​ដល់​៤​ដង​ឯណោះ​។ គេ​ដឹង​ថា​គ្រាប់​បែក​ឈ្មោះ​លីត​ថល​ប៊យ (Little…

ទី​ក្រុង​ម៉ូស្គូ៖ លោក​ពូទីន​ថ្លែង​ថា​រុស្ស៊ី​មិន​ចាំ​បាច់​ប្រើ​ប្រាស់​អាវុធ​នុយ​ក្លេអ៊ែរ​ក៏​អាច​ទទួល​ជ័យ​ជម្នះ​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន​ដែរ​។ លោក​និយាយ​មិន​អួត​ទេ គ្រាន់​តែ​នុយ​​ក្លេអ៊ែរ​ខ្នាត​តូច​ ឬ​នុយ​ក្លេអ៊ែរ​តាក់​ទិច (tactical nuclear) របស់​រុស្ស៊ី​ក៏​ធំ​ជាង​នុយ​ក្លេអ៊ែរ​របស់​ប្រទេស​អាមេរិក​ដែល​ទម្លាក់​នៅ​​​​ហ៊ីរ៉ូស៊ីម៉ា​​​រហូត​ដល់​៤​ដង​ឯណោះ​។ គេ​ដឹង​ថា​គ្រាប់​បែក​ឈ្មោះ​លីត​ថល​ប៊យ (Little Boy) របស់​អាមេរិក​នោះ​មាន​កម្លាំង​ផ្ទុះ​ស្មើ​នឹង​កម្លាំង​ផ្ទុះ​នៃ​រំសេវ​តេ​អឹន​តេ (TNT) ចន្លោះ​ពី​១២០០០-​១៨០០០​តោន​។

បើ​នុយ​ក្លេអ៊ែរ​រុស្ស៊ី​ខ្លាំង​ជាង​នេះ​៤​ដង​មាន​ន័យ​ថា​ស្មើ​នឹង​កម្លាំង​ផ្ទុះ​នៃរំសេវ​តេ​អឹន​តេ​​ចន្លោះ​ពី​៤៨០០០​-​៧២០០០​តោន​​។ ល្មម​ទី​ក្រុង​១​​ទាំង​មូល​ខ្ទេច​ដូច​បង្អួល ​​ព្រោះ​វា​បង្កើត​កម្ដៅ​រហូត​ដល់​រាប់​ម៉ឺន​អង្សារ ​អាច​ដុត​បំផ្លាញ​អ្វី​ៗ​ទាំង​អស់​នៅ​ក្នុង​ចក្រ​វាល។ លក្ខណៈ​ពិសេស​របស់​នុយ​ក្លេអ៊ែរ​ត្រង់​ថាវា​បង្កើត​កម្ដៅ​ដ៏​សែន​ក្ដៅ គួប​ផ្សំ​នឹង​រលក​បោក​បក់​ដ៏​ខ្លាំង​ក្លា​ប្រៀប​បាន​នឹង​ខ្យល់​ព្យុះ​សង្ឃរា​ (shock wave)។ ​ដូច្នេះ​ អគារ​ធ្វើ​ពី​បេតុង​នឹង​ត្រូវ​រលាយ​ម៉ដ្ឋ​ខៃ​ដូច​ស៊ីម៉ង់​​ដូច្នោះ​ដែរ​។ នៅ​ក្នុង​លោក​នេះ​ លោហ​ធាតុ​​ដែល​ខ្លាំង​ជាង​គេ​គឺ​តង់​ស្តែន​​ (tungsten) អាច​ធន់​នឹង​កម្ដៅ​​បាន​បី​ពាន់​អង្សា​។

ថ្មី​ៗ​នេះ លោ​កពូទីន​ចូល​រួម​វេទិកា​សេដ្ឋ​កិច្ច​អន្តរ​ជាតិមួយ​​។ នៅ​ពេល​សួរ​ថា «​តើ​រុស្ស៊ី​គួរ​តែ​រង់​ចាំ​កេះ​កៃ​នុយ​ក្លេអ៊ែរ​ដាក់​ក្រុម​បស្ចិម​ប្រទេស​ដៃរ​ឬ​ទេ​នៅ​ក្នុង​បញ្ហា​អ៊ុយ​​ក្រែន?» លោក​ពូទីន​តប​ថា​សម្រាប់​ពេល​បច្ចុប្បន្ន​នេះ​គ្មាន​ភាព​ចាំ​បាច់​ដើម្បី​នឹង​ប្រើ​ប្រាស់​ទេ​។ ចាប់​តាំង​ពី​​សង្គ្រាម​នេះ​​ផ្ទុះ​ឡើង​កាល​ពី​ឆ្នាំ​២០២២​ លោក​ពូទីន​ឧស្សាហ៍​បង្ហើប​ឱ្យ​ដឹង​ពី​គម្រោង​ប្រើ​ប្រាស់​អាវុធ​នុយ​ក្លេអ៊ែរ​​។ ជា​ពិសេស​ បើ​រុស្ស៊ី​​​រង​ការ​គំរាម​កំហែង​ផ្នែក​អធិប​តេយ្យ​ភាព​ជាតិ ឬ​ភាព​រស់​រាន​មាន​ជីវិត​នៃ​ជាតិ (existence)។

រុស្ស៊ី​ចាត់​ទុក​តំបន់​គ្រីម៉េ និង​តំបន់​៤​​ទៀត​ដែល​រុស្ស៊ី​​វាយ​យក​បាន​ពី​អ៊ុយ​ក្រែន​ជា​ទឹក​ដី​របស់​ខ្លួន។​ ដូច្នេះ​ ​បើ​អ៊ុយ​ក្រែន​​វាយ​យក​តំបន់​ទាំង​នេះ​ត្រឡប់​មក​វិញ ពេល​នោះ​រុស្ស៊ី​អាច​ប្រកាស​ថា​ជា​ការ​គំរាម​កំហែង​ចំពោះ​អធិបតេយ្យ​ភាពរបស់​ខ្លួន​។ នៅ​ដំណាក់​កាល​ចុង​ក្រោ​យនេះ អ៊ុយ​ក្រែន​វាយ​ប្រហារ​ដោយ​យន្ត​ហោះ​ដ្រូន និង​គ្រាប់​មីស៊ីល​​ពី​ចម្ងាយ​ចូល​ទឹក​ដី​រុស្ស៊ី​រួម​ទាំង​តំបន់​គ្រីម៉េ​ផង​ដែរ​។ ប៉ុន្តែ​អាវុធ​ទាំង​នោះ​ជា​កម្ម​សិទ្ធិ​របស់​អ៊ុយ​ក្រែន​ផ្ទាល់​។ មាន​ន័យ​ថា​ពុំ​ដែល​ប្រើ​អាវុធ​ជំនួយ​ម្ដង​ណា​ទេ​។

លោក​ពូទីន​ថ្លែង​ថា​នៅ​ក្នុង​ករណី​ចាំ​បាច់​ រុស្ស៊ី​អាច​នឹង​ធ្វើ​តេស្ត​អាវុធ​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​។ គ្រាន់​តែ​ថា​សម្រាប់​ពេល​បច្ចុប្បន្ន​មិន​ទាន់​ដល់​ពេល​ទេ​។ គេ​គិត​ថា​លោក​ពូទីន​យក​វេទិកា​សេដ្ឋ​កិច្ច​មក​និយាយ​ពី​បញ្ហា​នុយ​ក្លេអ៊ែរ​នោះ​ដោយ​សារ​លោក​ធ្លាប់​ព្រ​មាន​ប្រើ​អាវុធ​នេះ​ជា​ញឹក​ញាប់​ ​​ខណៈ​ដែល​ក្រុម​បស្ចិម​ប្រទេស​រក្សា​ភាព​ស្ងប់​ស្ងាត់​។ ដូច្នេះ​លោក​ចង់​យក​ឱកាស​នេះ​បញ្ជាក់​​ឡើង​វិញ​ថា​គួរ​កុំ​បណ្ដោយ​ឱ្យ​សភាព​ការណ៍​ឈាន​ដល់​ដំណាក់​កាល​ធ្ងន់​ធ្ងរ​ដល់​ថ្នាក់​ថយ​ក្រោយ​លែង​កើត​។​

​សង្គ្រាម​អ៊ុយ​ក្រែន​មើល​ស្រាល​មិន​បាន​ទេ​បន្ទាប់​ពី​ក្រុម​បស្ចិម​ប្រទេស​អនុញ្ញាត​ឱ្យ​អ៊ុយ​​ក្រែន​ប្រើ​ប្រាស់​អាវុធ​ជំនួយ​បាញ់​ចូល​ទឹក​ដី​រុស្ស៊ី​។ សម្រាប់​ដំណាក់​កាល​ដំបូង​ៗ ពួក​គេ​មិន​ទាន់​ឱ្យ​បាញ់​ចូល​ទឹក​ដី​រុស្ស៊ី​ជ្រៅ​​ៗ​ពេក​ទេ​។ ក្រុម​អ្នក​វិភាគ​ប្រមើល​ឃើញ​ថា​សង្គ្រាម​នុយ​ក្លេអ៊ែរ​បើ​សិន​ជា​ផ្ទុះ​ឡើង​នា​ពេល​អនាគត​ មិន​អាច​បញ្ឈប់​ ឬ​ចរ​ចា​គ្នា​បាន​ឡើយ​។ ប្រទេស​ដែល​មាន​អាវុធ​នេះ​ត្រូវ​តែ​បង្ខំ​ចិត្ត​ប្រើ​ប្រាស់​ទាំង​អស់​គ្នា​រហូត​ដល់​រលាយ​ផែន​ដី​។ ​

គ្រាន់​តែ​អាមេរិក និង​រុស្ស៊ី​កាន់​កាប់​អាវុធ​នុយ​ក្លេអ៊ែរ​ជិត​៩០%​នៃ​ពិភព​លោក​។ គិត​ត្រឹម​ខែ​ឧសភា ឆ្នាំ​២០២៤​ អាមេរិក​មាន​ក្បាល​គ្រាប់​នុយ​ក្លេអ៊ែរ​សរុប​៥០៤៤​គ្រាប់​។ ចំណែក​រុស្ស៊ី​មាន​៥៥៨០​គ្រាប់​។​ អ្នក​ប្រាជ្ញា​អែន​ស្តែន​ប្រមើល​ឃើញ​​ថា​សង្គ្រាម​លោក​លើក​ទី​បី​​គាត់​មិន​ដឹង​ថា​យក​អាវុធ​អ្វី​ខ្លះ​ទៅ​ច្បាំង​គ្នា​ទេ​។ ប៉ុន្តែ​បើ​សង្គ្រាម​លោក​លើក​ទី​៤​​គឺ​ប្រើ​ដុំ​ថ្ម និង​ដំបង​ធ្វើ​ជា​អាវុធ​។ មាន​ន័យ​ថា​រលត់​រលាយ​អស់​រលីង​នូវ​អរិយ​ធម៌ និង​បច្ចេក​វិទ្យា​ដែល​មនុស្ស​ជាតិ​ខិត​ខំ​កសាង​កាល​ពី​ពេល​កន្លង​មក​។ ក្រោយ​ពេល​ចប់​សង្គ្រាម​លោក​លើក​ទី​៣​ បើ​មាន​មនុស្ស​នៅ​សេស​សល់ ពួកគេ​នឹង​រស់​នៅ​បក​ក្រោយ​ទៅ​រក​សម័យ​បុព្វ​កាល​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ