រាជធានីភ្នំពេញ ៖ សមត្ថកិច្ចសន្យាថា ក្រុមក្មេងទំនើង ដែលបង្កការអុកឡុកក្នុងរាជធានីភ្នំពេញ មានចំនួន១២ក្រុមធំៗ បង្ក្រាបបានជាបន្តបន្ទាប់ចំនួន ១០ក្រុមហើយ នៅសល់ ២ក្រុមទៀត សមត្ថកិច្ចនឹងតាមបង្ក្រាបអោយដល់ឫសគល់ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឲ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ក៏ដូចកម្លាំងសមត្ថកិច្ច បន្តបង្ក្រាបក្មេងទំនើង ឲ្យដល់ឫសគល់ សំដៅធ្វើយ៉ាងណានៅក្នុងមូលដ្ឋានរបស់ខ្លួន គឺមិនមានក្មេងទំនើងឡើយ ។
ការណែនាំរបស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៧ ខែឧសភានេះ នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖ ការបង្ក្រាបក្មេងទំនើង អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចរបស់យើង បានធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ ក្រោយពីពួកគេធ្វើសកម្មភាព គឹកម្លាំងរបស់យើងចាប់បានភ្លាម ប៉ុន្តែទោះបីជាយ៉ាងនេះក្តី កងកម្លាំងមានសមត្ថកិច្ចរបស់យើង ត្រូវពង្រឹងបន្ថែមទៀត ក្នុងការបង្ការទប់ស្កាត់ក្មេងទំនើង ទាំងនេះ ។
លោក ឃួង ស្រេង បានស្នើឱ្យអភិបាលខណ្ឌ នៅជាប់ព្រំប្រទល់ជាមួយ នឹងស្រុក នៃខេត្តកណ្ដាល ប្រជុំជាមួយអភិបាលស្រុក ជាប់ព្រំប្រទល់ ដើម្បីរកវិធានការទប់ស្កាត់ក្មេងទំនើង ទាំងនេះ។ បន្ថែមពីនេះ ក៏ត្រូវសហការជាមួយ នឹងនាយកសាលានានា នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីកំណត់ពីមុខសញ្ញាក្មេងទំនើង ជាមួយនឹងការដាក់កម្លាំងឆែកឆេរទៅលើម៉ូតូសិស្ស ដែលយើងសង្ស័យថា ជាមុខសញ្ញាក្មេងទំនើង។
លោក បានបញ្ជាក់ផងដែរថា ៖ ការបង្ក្រាបក្មេងទំនើង អាជ្ញាធរមានសមត្ថកិច្ចរបស់យើង អនុវត្តបានល្អប្រសើរហើយ។ ប៉ុន្តែអ្វី ដែលល្អជាងនេះ គឺការបង្ការទប់ស្កាត់ កុំឲ្យមានក្មេងទំនើង ទើបជារឿង ដែលល្អបំផុត ។
ក្រៅពីបង្ក្រាប បង្ការ ទប់ស្កាត់ក្មេងទំនើងហើយនោះ លោក ឃួង ស្រេង ក៏បានណែនាំឲ្យយកចិត្តទុកដាក់ពិនិត្យអាវុធជាតិផ្ទុះ ពិនិត្យយានយន្តកែច្នៃស៊ីម៉ាំង ការពិនិត្យទីតាំងលក់កែច្នៃ ដាវសាំម៉ូរ៉ៃ ការបង្ក្រាបនៅល្បែងស៊ីសងគ្រប់ប្រភេទ និងការបង្ក្រាបគ្រឿងញៀនផងដែរ សំដៅធ្វើយ៉ាងណាឲ្យភូមិសង្កាត់ មានសុវត្ថិភាព ។
លោកឧត្តមសេនីយ៍ ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ៖ នៅរាជធានីភ្នំពេញ មានក្រុមក្មេងទំនើងចំនួន ១២ក្រុមធំៗ ហើយក្នុងចំនួន១២ក្រុមនេះ កម្លាំងមានសមត្ថកិច្ចរបស់យើង បានធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ ចំនួន១០ក្រុម នៅសល់២ក្រុម ដែលជាក្រុមមិនទាន់មានធ្វើសកម្មភាព។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្នុងចំនួន១០ក្រុមនេះ ក៏មានក្រុមទំនើងខ្លះ កំពុងតែរត់គេចខ្លួន ដែលសមត្ថកិច្ចរបស់យើង កំពុងតែស្រាវជ្រាវតាមចាប់ ៕
ចែករំលែកព័តមាននេះ