រាជធានីភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លើកឡើងថា កម្ពុជាត្រូវការអ្នកវិនិយោគបន្ថែមទៀត ពិសេសមកពីប្រទេសចិន លើហេដ្ឋារចនាសម្ព័ន្ធ ការចិញ្ចឹមត្រី និងលើវិស័យវាយនភ័ណ្ឌ និងទេសចរណ៍ជាដើម ។
លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងដូចខាងលើនេះ នៅក្នុងជំនួបសម្ដែងការគួរសម ជាមួយ លោក សុង ហ្វូឡុង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ខេត្តក្វាងទុង ជាលេខាធិការ នៃគណៈកម្មាធិការអធិការកិច្ចវិន័យ ខេត្តក្វាងទុង និងជាអគ្គនាយកនៃគណៈកម្មការត្រួតពិនិត្យកិច្ចការរដ្ឋ ខេត្តក្វាងទុង នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ ។
នាឱកាសនោះ លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា រាជធានីភ្នំពេញ ជាទីក្រុងដែលកំពុងអភិវឌ្ឍន៍ ដែលទាមទារឱ្យមានអ្នកវិនិយោគទុន មកវិនិយោគទុនបន្ថែមទៀត បើទោះបីអ្នកវិនិយោគមកពីខេត្តក្វាងទុង បានធ្វើការវិនិយោគនៅរាជធានីភ្នំពេញមួយចំនួនហើយក្តី ។
លោកបន្ថែមថា រាជធានីភ្នំពេញ ចង់បានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន ឧស្សាហកម្មធុនធ្ងន់ ក៏ដូចជាវិស័យវាយនភ័ណ្ឌ និងទេសចរណ៍ជាដើម ។
លោក ឃួង ស្រេង បានឱ្យដឹងទៀតថា រាជធានីភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល គឺជាប្រទេស ដែលមានសន្តិភាពពេញលេញ ដែលអាចធានាបាននូវសុវត្ថិភាព ចំពោះអ្នកវិនិយោគក៏ដូចជាអ្នកទេសចរបរទេសមកទេសចរណ៍ ក៏ដូចជាការមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជា ។
លោក ឃួង ស្រេង បានស្នើសូមឱ្យលោក សុង ហ្វូឡុង ពេលវិល ត្រឡប់ទៅខេត្តក្វាងទុងវិញ សូមជួយផ្សព្វផ្សាយទៅអ្នកវិនិយោគទុននៅខេត្តក្វាងទុង ឱ្យមកវិនិយោគទុនរកស៊ី នៅរាជធានីភ្នំពេញ ក៏ដូចជានៅព្រះរាជាណាចក្រកម្ពុជា ឱ្យបានច្រើនបន្ថែមទៀត ដើម្បីឱ្យរាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ។
លោក ក៏បានបញ្ជាក់ផងដែរថា កន្លងមកនេះរោងចក្រវាយនភ័ណ្ឌមួយចំនួនរបស់ចិន ភាគច្រើននាំផលិតផលសម្រេចទៅកាន់អឺរ៉ុប ដូចនេះ លោកចង់ឱ្យមានការវិនិយោគទៅលើវិស័យកាត់ដេរ ពេលទទួលបានផលិតផល នាំទៅកាន់ប្រទេសចិនតែម្ដង ដោយសារតែបច្ចុប្បន្ននេះ ទីផ្សាររបស់អឺរ៉ុប ក៏មានលក្ខណៈចង្អៀតដែរ ។
ក្នុងឱកាសនោះដែរ លោក សុង ហ្វូឡុង ក៏បានលើកឡើងពីការរីកចម្រើនរបស់ខេត្តក្វាងទុង ដោយខេត្តមួយនេះ ជាខេត្តដែលមានរោងចក្រផលិតគ្រឿងម៉ាស៊ីនច្រើន នៅប្រទេសចិន មានប្រជាពលរដ្ឋរស់នៅប្រមាណ១២០លាននាក់។ សហគ្រាសខ្នាតធំៗ មាននៅខេត្តក្វាងទុង អ្នកវិនិយោគនៅខេត្តក្វាងទុង ក៏បានធ្វើការវិនិយោគនៅ រាជធានីភ្នំពេញ ក៏ដូចជានៅប្រទេសកម្ពុជាយ៉ាងច្រើនផងដែរ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកនឹងធ្វើការផ្សព្វផ្សាយទៅដល់អ្នកវិនិយោគទុនរបស់ខេត្តក្វាងទុង ឱ្យមកវិនិយោគទុនរកស៊ីនៅរាជធានីភ្នំពេញក៏ដូចនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត ដោយកម្ពុជា និងចិនជាមិត្តដែកថែប និងជាមិត្តចាស់ ។
បន្ថែមពីនេះលោក សុង ហ្វូឡុង ក៏បានស្នើអញ្ជើញលោក ឃួង ស្រេង ក៏ដូចជាប្រតិភូរាជធានីភ្នំពេញ ទៅបំពេញទស្សនកិច្ចនៅខេត្តក្វាងទុង ពិសេសនៅក្រុមហ៊ុនធំៗរបស់ចិន នៅខេត្តក្វាងទុង ដើម្បីពិភាក្សាក៏ដូចជាជំរុញឱ្យអ្នកវិនិយោគទុន មកវិនិយោគទុនរកស៊ីនៅរាជធានីភ្នំពេញ ក៏ដូចជានៅប្រទេសកម្ពុជា បានកាន់តែច្រើនថែមទៀត ៕
ចែករំលែកព័តមាននេះ