ខេត្តព្រះវិហារ ៖ រថយន្តទេសចរណ៍២៥កៅអីមួយគ្រឿងលួចដឹកឈើ«ឈីក»ប្រភេទលេខ១ ត្រូវបានលោកស៊ុ សុវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើស្រុករវៀង ដឹកនាំកម្លាំងធ្វើការប្រដេញស្ទាក់ចាប់បានយកទៅរក្សារទុក ដើម្បីចាត់ការបន្ត ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/05/ad6ccda130597cd124acc37d683a0cc4.jpg)
ការដេញតាមស្ទាកបង្ក្រាបនោះ កម្លាំងរដ្ឋបាលព្រៃឈើបានធ្វើឡើងនៅវេលាម៉ោង៥ និង៤៥នាទីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅលើដងផ្លូវជាតិលេខ៦២ ត្រង់ចំណុចគីឡូម៉ែត្រលេខ៦៧និង៦៨ ក្នុងភូមិរំចេក ឃុំរណីយ ស្រុករវៀង ខេត្តព្រះវិហារ ។ រថយន្តទេសចរណ៍២៥កៅអីមួយគ្រឿង ដែលកម្លាំងរដ្ឋបាលព្រៃឈើបង្ក្រាបបាននោះ ពណ៌ទឹកដោះគោ ពាក់ស្លាកលេខភ្នំពេញ 3E -4995 បើកបរដោយឈ្មោះភាន អួយ ភេទប្រុសអាយុ២២ឆ្នាំ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/05/c56eadc5f6ee30db15b357e06f344bfa.jpg)
មន្ត្រីជំនាញនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបានទទួលដំណឹងថា មានរថយន្ដទេសចរណ៍មួយគ្រឿង លួចដឹកឈើឆ្លងកាត់ស្រុករវៀងហើយ លោក ស៊ុ សុវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើស្រុករវៀង ក៏បានរៀបចំកម្លាំង ដេញឃាត់ស្ទាក់តែរថយន្ដដឹកបទល្មើសខាងលើនោះ នៅតែបន្តដំណើរទៅមុខមិនព្រមឈប់ភ្លាមៗទេ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/05/f5fb826d96ae7816a6d5b6cc5b7a153c.jpg)
កម្លាំងដេញតាមរហូតស្ទាក់ឃាត់ជាប់ភ្លាមដែមដែរហើយក៏បានយកមកកន្លែងរដ្ឋបាលព្រៃឈើស្រុករវៀងរក្សារទុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ព្រៃឈើ៕
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/05/e5a82a36432034d08bee633eb1a9c9a6.jpg)
ចែករំលែកព័តមាននេះ