រាជធានីភ្នំពេញ ៖ តារាចម្រៀងនាង ទេព បូព្រឹក្ស បានប្រកាសជាសាធារណៈថា ខ្លួននឹងធ្វើការបរិច្ចាគថវិកាមួយផ្នែកពីការលក់សំបុត្រចូលរួមក្នុងពិធីសម្ពោធវីដេអូចម្រៀង ទេវរាជ ជូនដល់សាលាមធ្យមវិចិត្រសិល្បៈ ខណៈពិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខ ។
ជាមួយនឹងការប្រកាសបរិច្ចាគថវិកាជូនសាលាវិចិត្រសិល្បៈនេះ ទេព បូព្រឹក្ស បានអំពាវនាវស្នើឲ្យអ្នកចូលរួមទាំងអស់ប្រើប្រាស់សម្លៀកបំពាក់ បែបខ្មែរបុរាណ ប្រពៃណី បែបទំនើបសហសម័យ ឬ សម្លៀកបំពាក់និយមតាមបែបសម័យកាលដូនតាខ្មែរ ។
ទេព បូព្រឹក្ស បានប្រកាសនៅលើបណ្តាញសង្គមថា យើងខ្ញុំមានកិត្តិយសសូមប្រកាសជាផ្លូវការនូវ«ពិធីសម្ពោធវីដេអូចម្រៀងទេវរាជ និងផ្ទាំងទស្សនីយភាពវប្បធម៌ខ្នាតធំ»ដែលកម្មវិធីនឹងប្រារព្ធឡើងនៅថ្ងៃទី ២៦ ខែឧសភា ។
សម្រាប់សំបុត្រចូលរួមនឹងត្រូវដាក់លក់នៅថ្ងៃទី១១ ខែ ឧសភា សូមត្រៀមខ្លួនចូលរួមជាធ្លុងមួយដើម្បីបង្កើតចលនាវប្បធម៌ផ្សំគ្នានឹងសម័យទំនើបដែលជារសជាតិនិយមបែបខ្មែរ។ ស្វាគមន៍ការចូលមកកាន់យុគសម័យថ្មីនៃវីដេអូចម្រៀងបែបខ្មែរទំនើបដែលឆ្លុះបញ្ចាំងពីវប្បធម៍ អរិយធម៌ ដ៏រុងរឿងនៃមហាដូនតាខ្មែរដែលបានកកើតលើដែនដីមាស ហៅថា«ដែនដីសុវណ្ណភូមិ» ។
ទន្ទឹមនឹងនេះ យើងខ្ញុំបានបង្កើតចលនាមួយជូនបងប្អូនជនរួមជាតិ និងអ្នកគាំទ្រដែលបានចូលរួមសូមប្រើប្រាស់សម្លៀកបំពាក់បែបខ្មែរបុរាណ ប្រពៃណី ឬ បែបទំនើបសហសម័យ ឬ សម្លៀកបំពាក់និយមតាមបែបសម័យកាលដូនតាខ្មែរ ( ឧ.លង្វែក ឧត្តុង ខ្មែរសម័យកណ្តាល ក្បិន អាវប៉ាក់ហូលផាមួងជាដើម ) ឬ តាមសម័យកាលនីមួយៗតាមចំណង់ចិត្តរៀងខ្លួន ការប្រកាន់យកសម្លៀកបំពាក់ចូលរួមបែបនេះនឹងជួយជំរុញការផ្សព្វផ្សាយរបស់ពិតនៃបុព្វបុរសយើងបានមួយកម្រិតទៀតដោយមានការចូលរួមពីជនរួមជាតិ ។
នាងបញ្ជាក់ថា សម្រាប់អ្នកចូលរួមស្នើសុំអោយមានការត្រួតពិនិត្យឡើងវិញនៅជ្រុងណាមួយមុនចូលរួមក្នុងសាលមហោស្រពក្រោមការដឹកនាំរបស់អ្នកជំនាញ ព្រោះបងប្អូនមួយចំនួនអាចស្រឡាញ់ឈុតប៉ុន្តែមិនបានដឹងអំពីសណ្ឋាននៃឈុតចេញពីប្រភពណាដោយគិតថាវាជារបស់ខ្មែរ ដូច្នេះវាអាចធ្វើអោយប៉ះពាល់ដល់កម្មវិធីទាំងមូលអាចធ្វើអោយមានការវែកញែក។
នាងបន្ថែមថា សម្រាប់ទីតាំងប្រារព្ធកម្មវិធីនឹងធ្វើឡើងនៅសាលមហោស្រព កោះពេជ្រ រាជធានីភ្នំពេញ ហើយ តម្លៃសំបុត្រមួយចំនួននឹងត្រូវកាត់បញ្ចូលឧបត្ថមដល់ សាលាមធ្យមវិចិត្រសិល្បៈ ។
គួរបញ្ជាក់ថា អត្ថន័យនៃបទ ទេវរាជ ត្រូវបាន ទេព បូព្រឹក្ស គូសបញ្ជាក់ថា គឺការចាប់បដិសន្ធិឡើងនូវពន្លឺថ្មីមួយកំពុងប្រតិស្ឋាននៅទីនេះជាកិច្ចរំលេចឡើងនូវរូបបារម្មណ៍ដែលបានលាយបញ្ចូលគ្នានូវវប្បធម៌រូបី និងអរូបី ដោយឬទ្ធីអំណាចបារមីនៃ លទ្ធិ «ទេវរាជ» ជាកិត្តិយសដែលបានចាប់កំណើតលើទឹកដីនេះដោយឈរជើងលើដែនដីបេតិកភណ្ឌដែលត្រូវបានប្រាថ្នាដោយបច្ចាទាំងពួង។
ស្នាដៃនេះជារបស់យើង ដែលកកើតលើដែនដីយើង យើងជាម្ចាស់ យើងនឹងអោយឬទ្ធីនៃពន្លឺនេះកាន់តែភ្លឺអស្ចារ្យដោយស្នាដៃយើងទាំងពួង ។ ដោយគុណបំណាច់នៃបារមីដូនតាមហានគរ យើងខ្ញុំសូមផ្ញើខ្លួននិងសុំពរជ័យពីលោកសូមលោកជួយជ្រោមជ្រែងដោយអំណាចនៃកម្លាំងបរិសុទ្ធ៕
ចែករំលែកព័តមាននេះ