ខេត្តកំពង់ស្ពឺ ៖ នៅទីបំផុត ជនសង្ស័យម្នាក់ដែលតែងតែធ្វើហក់ធាក់ម៉ូតូរបស់អ្នកដំណើរពេលឆ្លងកាត់ផ្លូវជាតិលេខ៤នោះ ត្រូវបាសមត្ថកិច្ចឃាត់ខ្លួនបានហើយ ក្រោយធ្វើសកម្មភាពជាថ្មី ដោយយកដុំថ្មគប់កញ្ចក់រថយន្តរបស់គេ ។
យោងតាមផេកអគ្គស្នងការនគរបាលជាតិបានឱ្យដឹងថា នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៧៖០០នាទី មានករណីជនសង្ស័យម្នាក់បានធ្វើសកម្មភាពគប់កញ្ចក់រថយន្ត នៅចំណុចតាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែតលេខ៤៨ -៤៩ ស្ថិតក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចនគរបាលបានទទួលព័ត៌មាន (បណ្ដឹងផ្ទាល់តាមរយៈ hotline ) ពីជនរងគ្រោះឈ្មោះ អោម សុភក្ត្រ័ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិសំបួរ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មុខរបរបើករថយន្តប្រចាំរោងចក្របានរៀបរាប់ថា ខ្លួនបើករថយន្តម៉ាកស្ទាររីច ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ កំពង់ស្ពឺ-2A-5226 ចេញពីរោងចក្រទៅទទួលភ្ញៀវនៅភ្នំពេញ ។ លុះពេលជិះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានជនសង្ស័យបានយកដុំថ្មមកគប់កញ្ចក់រថយន្តរបស់ខ្លួន បណ្ដាលឲ្យបែកកញ្ចក់និងទ្វារពីខាងឆ្វេង ភ្លាមនោះខ្លួនក៏បានឈប់រថយន្ត រួចរាយការណ៍មកសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍តែម្ដង ។
ក្រោយទទួលបានព័ត៍មាន កំលាំងជំនាញអធិការដ្ឋានក្រុងច្បារមន សហការជាមួយកម្លាំងប៉ុស្ដិ៍ចុះទៅដល់កន្លែងកើតហេតុស្រាវជ្រាវ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ សួង ចាន់ចំរើន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានវត្ថុតាងដុំថ្មជ្រុងមួយដុំ ក្រោយសមត្ថកិច្ចឃាត់និងការសាកសួរ ទើបដឹងថា ជនសង្ស័យខាងលើ ជាមនុស្សដែលបានធ្វើសកម្មភាពហក់ធាក់ម៉ូតូអ្នកដំណើរ ដែលជិះឆ្លងកាត់ផ្លូវជាតិលេខ៤ ។
ចំពោះករណីខាងលើ ជំនាញបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ និងវត្ថុតាង មកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ