ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋចំនួន០៣គ្រួសារ ដែលមានផ្ទៃដីកសិកម្មចំនួនជាង៦០ហិចតា ស្ថិតនៅតំបន់២ ក្នុងភូមិអង្គ្រង ឃុំជ្រៃ ស្រុកមោងប្ញស្សី បានដាក់ពាក្យបណ្ដឹងទៅកាន់ក្រុមការងារចុះវាស់វែងដីធ្លីចុះបញ្ជីលក្ខណៈជាប្រព័ន្ធនៅតំបន់២ កាលពីថ្ងៃទី០៨ ឧសភា ដើម្បីទទូចស្នើសុំឲ្យប្រធានដឹកនាំក្រុមការងារនេះជួយដោះស្រាយធ្វើប្លង់កម្មសិទ្ធិកាន់កាប់ដីស្របច្បាប់ ខណៈមានជនម្នាក់មកពីភ្នំពេញបានអះអាងថា ដីនៅតំបន់នោះ (ដីពលរដ្ឋ០៣គ្រួសារ) ជាដីរបស់ខ្លួនដែរ ហើយបានព្យាយាមរារាំងក្រុមការងារជាបន្តបន្ទាប់ មិនឲ្យចេញប្លង់ដីនោះឲ្យពលរដ្ឋ ទើបប្រធានក្រុមការងារនេះបដិសេធមិនទាន់អាចធ្វើប្លង់ដីជូនពលរដ្ឋទាំង០៣គ្រួសារនេះបាន ដោយរង់ចាំដោះស្រាយគ្នាចប់។
ប្រជាកសិករចំនួន០៣គ្រួសារ មាន ១-ឈ្មោះ ស៊ាង ស៊ន ភេទប្រុស អាយុ៥៧ឆ្នាំ នៅភូមិជ្រៃជើង ឃុំជ្រៃ (មានដីជាង២០ហិចតា) ២-ឈ្មោះ ខ្លូយ អាន ភេទស្រី អាយុ៥១ឆ្នាំ នៅភូមិអង្គ្រង ឃុំជ្រៃ (មានដីចំនួន២០ហិចតា) និង ៣-ឈ្មោះ សួង ឃីម ភេទប្រុស អាយុ៦៤ឆ្នាំ នៅភូមីម្រះព្រៅ ឃុំជ្រៃ ស្រុកមោងឬស្សី (មានដីចំនួន២០ហិចតា) ។
បើតាមការបញ្ជាក់ពីប្រជាកសិករទាំង០៣គ្រួសារ ដីរបស់ពួកគាត់ទាំងនោះ មួយចំនួនស្ថិតក្នុងតំបន់៣ និងមួយចំនួនស្ថិតនៅក្នុងតំបន់២ ដែលពួកគាក់បានទិញពីម្ចាស់ដើមជាបន្តបន្ទាប់ តាំងពីអំឡុងឆ្នាំ២០០៨ និងបានកាប់គាស់ព្រៃ អាស្រ័យផលរហូតដល់សព្វថ្ងៃនេះ។ ប៉ុន្តែនៅក្នុងអំឡុងឆ្នាំ២០២២ ស្រាប់តែលេចមុខបុរសម្នាក់ឈ្មោះ អេង សុវណ្ណារិទ្ធ រស់នៅរាជធានីភ្នំពេញ បានមកអះអាងថា «ដីទាំងអស់នោះជាដីរបស់ខ្លួន ហើយថែមទាំងបានប្ដឹងពួកគាត់ទៅតុលាការទៀតផង ដែលឈ្មោះ ជៀង ញឹប និងប្រពន្ធឈ្មោះ លីម ប៉ាវវួច នៅភ្នំពេញដែរ ជាអ្នកឈរឈ្មោះដើមបណ្ដឹងនេះ»។
នៅក្នុងបណ្ដឹងសុំអន្តរាគមន៍ពីប្រធានក្រុមការងារចុះវាស់វែងដីធ្លីចំបញ្ជីលក្ខណៈជាប្រព័ន្ធតំបន់២ ប្រចាំឃុំជ្រៃ ប្រជាពលរដ្ឋទាំង០៣គ្រួសារ ហាក់បានចោទប្រកាន់លេចធ្លោតែម្ដង ចំពោះបុគ្គលឈ្មោះ អេង សុវណ្ណារិទ្ធ ដែលពួកគាត់អះអាងថា «បុគ្គលរូបនេះ ជាអ្នកចេញមុខរារាំងជាដរាបមិនឲ្យមន្ត្រីជំនាញធ្វើប្លង់ដីឲ្យពួកគាត់ បើទោះជាមន្ត្រីជំនាញបានចុះវាស់វែងដីរួចហើយក្ដី» ។
លោក ស៊ាង ស៊ន ដែលជាម្ចាស់ដីចំនួនជាង២០ហិកតា ដែលកំពុងមានជម្លោះជាមួយភាគីឈ្មោះ អេង សុវណ្ណារិទ្ធ បានប្រាប់ថា រូបលោកនិងម្ចាស់ដី០២គ្រួសារទៀត សុទ្ធតែមានឯកសារផ្ទេរកម្មសិទ្ធិដីធ្លីទាំងអស់នេះស្របច្បាប់ ដែលលោកបានទិញពីម្ចាស់ដើម តាំងពីឆ្នាំ២០០៨ ហើយបានកាប់គាស់ព្រៃ និងបានអាស្រ័យផលរហូតមកដល់ពេលនេះ។
លោកនិយាយថា ដីស្រែរបស់ពួកគាត់ត្រូវបានមន្ត្រីជំនាញចុះវាស់វែងរួចអស់ហើយ តែគេមិនព្រមឲ្យពួកគាត់ទៅបំពេញសំណុំបែបបទ ដើម្បីធ្វើប័ណ្ណកម្មសិទ្ធិទេ ដោយមន្ត្រីជំនាញអះអាងថា «ដីស្រែរបស់ពួកគាត់មានគេប្ដឹងជំទាស់»។ ប៉ុន្តែលោកប្រធានក្រុមការងារវាស់វែងដីនេះ បដិសេធម្ដងហើយម្ដងទៀត មិនប្រាប់អត្តសញ្ញាណអ្នកប្ដឹងជំទាស់ឲ្យពួកគាត់បានដឹង ឬបានស្គាល់នោះទេ។ ប៉ុន្តែកន្លងមក លោកធ្លាប់ឃើញតែបុគ្គលឈ្មោះ អេង សុវណ្ណារិទ្ធ តែម្នាក់ប៉ុណ្ណោះ ដែលតែងតែចេញមុខឈ្លោះប្រកែកជាមួយពលរដ្ឋរឿងដីធ្លីនេះ និងព្យាយាមរារាំងមន្ត្រីជំនាញមិនឲ្យចេញប្លង់កាន់កាប់ដីឲ្យពួកគាត់។
ដូច្នេះហើយ ទើបរូបលោក និងម្ចាស់ដីចំនួន០២គ្រួសារទៀត ដាក់ពាក្យបណ្ដឹងទៅកាន់ប្រធានក្រុមការងារនេះ ប្រឆាំងនឹងជននេះ ដើម្បីស្នើសុំឲ្យលោកប្រធានក្រុមការងារជួយរកដំណោះស្រាយ និងធ្វើប្លង់កម្មសិទ្ធិដីធ្លីស្របច្បាប់ដល់ពួកគាត់។ នៅក្នុងសំណុំរឿងនេះ បើយោងលើឯកសារនានា ដែលកោះសន្តិភាពទទូលបានពីប្រជាពលរដ្ឋទាំង០៣គ្រួសារ ភាគីម្ខាងទៀត ដែលមានឈ្មោះ ជៀង ញឹប និងប្រពន្ធឈ្មោះ លីម ប៉ាវវួច រស់នៅភូមិ២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានអះអាងថា ខ្លួនមានដីចំនួន១០០ហិចតា នៅក្នុងភូមិអង្គ្រង ឃុំជ្រៃ ស្រុកមោងឬស្សី (ដីកំពុងមានជម្លោះ) ដោយបានទិញពីប្រជាពលរដ្ឋចំនួន២០គ្រួសារ តាំងពីឆ្នាំ២០០៧ និង មានលិខិតស្នាមជាមូលដ្ឋានស្របច្បាប់ ក្នុងរាជកាលលោក ឡុំ សោម ធ្វើជាអភិបាលស្រុកមោងឬស្សី។
នេះបើយោងលើខ្លឹមសារដែលភាគីនេះ បានសរសេរក្នុងពាក្យបណ្ដឹង ដែលប្ដឹងពលរដ្ឋចំនួន០៤នាក់ ទៅកាន់តុលាការខេត្តបាត់ដំបង កាលពីខែតុលា ឆ្នាំ២០២៣ កន្លងទៅ។ កោះសន្តិភាព មិនអាចទំនាក់ដើមបណ្ដឹងឈ្មោះ ជៀង ញឹប និង ប្រពន្ធឈ្មោះ លីម ប៉ាវវួច ឬ ឈ្មោះ អេង សុវណ្ណារិទ្ធ ដើម្បីបំភ្លឺបន្ថែមក្នុងសំណុំរឿងដ៏ចម្រោងចម្រាស់នេះបានទេ គិតត្រឹមម៉ោង២រសៀលថ្ងៃទី០៩ ឧសភា នេះ។
នៅក្នុងពាក្យបណ្ដឹងរបស់ពីរនាក់ប្ដី ប្រពន្ធ នេះបាននិយាយថា បន្ទាប់ពីទិញដីខាងលើរួចមក យើងខ្ញុំបានបន្តការកាន់កាប់ ដោយសន្តិវិធី ដឹងឮជាសាធារណៈ អហិង្សា ពុំមានបុគ្គលណាម្នាក់មករំលោភបំពានឡើយ។ ប៉ុន្តែនៅក្នុងឆ្នាំ២០២២ ដើមបណ្ដឹងរូបនេះ បែរជាមានការភ្ញាក់ផ្អើល ក្រោយពីឃើញមានពលរដ្ឋមួយក្រុម បានចូលទៅទន្ទ្រានយកដីរបស់គាត់ ហើយថែមទាំងសាងសង់សំណង់រឹងមាំ និងអាស្រ័យផលលើដីគាតទាំងស្រុង។
បើនិយាយពីអង្គហេតុដាច់ដោយឡែកមួយទៀត នៅក្នុង «ពាក្យសុំឲ្យចេញដីកាសម្រេចរក្សាការពារ» ពីសាលាដំបូងខេត្ត កាលពីថ្ងៃទី២៤ មេសា ឆ្នាំ២០២៣ លោក ជៀង ញឹប និងភរិយា (ដើមបណ្ដឹង) បានប្រាប់តុលាការដូច្នេះថា «យើងខ្ញុំមានដីទំហំ១០០ហិចតា នៅភូមិអង្គ្រង ឃុំជ្រៃ ស្រុកមោងឬស្សី កាន់កាប់តាំងពីឆ្នាំ២០០៧ ជាប់លាប់រហូតមកដល់បច្ចុប្បន្ន មានព្រំសម្គាល់ដី និង មានការទទួលស្គាល់ពីអាជ្ធាធរត្រិមត្រូវតាមច្បាប់»។
ដើមបណ្ដឹងរូបនេះ បានបញ្ជាក់ប្រាប់តុលាការទៀតថា «ក្នុងឆ្នាំ២០២២ ឈ្មោះអេង សុវណ្ណារិទ្ធ នៅរាជធានីភ្នំពេញដែរ ជាអ្នកមើលការខុសត្រូវ បានចុះពីនិត្យដល់ទីតាំងដីរបស់យើងខ្ញុំផ្ទាល់ ហើយបានប្រាប់មកខ្ញុំថា ឃើញមានសកម្មភាពប្រជាពលរដ្ឋមួយក្រុមបានទៅចូលទន្ទ្រានដី និង ភ្ជួរដី ខ្លះទៀតអាស្រ័យផល លើដីរបស់យើងខ្ញុំស្ទើរទាំងស្រុង និង បានស្រាវជ្រាវស្គាល់អត្តសញ្ណាណប្រជាពលរដ្ឋទាំងនោះទៀតផង»។ ត្រង់ចំណុចនេះ មានការកត់សម្គាល់ថា បើតាមការអះអាងរបស់ដើមបណ្ដឹងនៅក្នុងពាក្យបណ្ដឹង និង ពាក្យសុំដីការក្សាការពារ គឺដើមបណ្ដឹងរូបនេះបានអះអាងប្រាប់តុលាការថា ខ្លួនបានកាន់កាន់ ឬ គ្រប់គ្រងដីស្រែចំនួន១០០ហិចតានេះ តាំងពីឆ្នាំ២០០៧ រហូតមកដល់បច្ចុប្បន្ន ក្រោយបានពីពលរដ្ឋ២០គ្រួសារ។
ប៉ុន្តែដើមបណ្ដឹងរូបនេះ បែរជានិយាយជាន់កែងខ្លួនថា ខ្លួនទើបនឹងដឹងនៅឆ្នាំ២០២២ថា មានប្រជាពលរដ្ឋមួយក្រុមចូលទៅទន្ទ្រានយកដីខ្លួន។ ត្រង់ចំនុចនេះ នាំឲ្យប្រជាពលរដ្ឋចោទជាសំនួរថា ចុះបើម្ចាស់ដីរូបនេះទិញនិងកាន់កាប់ដីចំនួន១០០ហិចតានៅតំបន់២ ឬ តំបន់៣ នោះចាប់តាំងពីឆ្នាំ២០០៧ រហូតមកដល់បច្ចុប្បន្ន ចុះហេតុអ្វីបានជាមិនដឹងពលរដ្ឋចូលទន្ទ្រានដីរបស់ខ្លួន បែរជាទើបមកដឹងនៅឆ្នាំ២០២២ ? តើចន្លោះឆ្នាំ២០០៧ ដល់ឆ្នាំ២០២២ ដើមបណ្ដឹងនេះនៅឯណា ទើបមិនដឹងថា មានពលរដ្ឋចូលទ្ទ្រានដីខ្លួន ? ឬមួយដើមបណ្ដឹងរូបនេះនិយាយកុហកតុលាការ ? កាលសម្ដេចហ៊ុន សែន ប្រកាសឲ្យអ្នករំលោភដីព្រៃលិចទឹកក្នុងតំបន់៣ ចេញមុខសារភាពប្រគល់ដីជូនរដ្ឋវិញ តើដើមបណ្ដឹងរូបនេះ បានចេញមុខសារភាព និង បានធ្វើកិច្ចសន្យាប្រគល់ដីជូនរដ្ឋវិញដែរឬអត់ ?
ដោយឡែក បើនិយាយពីប្រជាពលរដ្ឋចំនួន៣គ្រួសារ ដែលកំពុងរងបណ្ដឹងវិញ គ្រប់គ្នាសុទ្ធបានអះអាងថា ពេលរដ្ឋាភិបាលប្រកាសយកដីតំបន់៣វិញ ពួកគាត់បានចេញមុខសារភាព និង បានធ្វើកិច្ចសន្យាផ្ដិតមេដៃប្រគល់ដីតំបន់៣ ទាំងអស់ដែលខ្លួនបានអាស្រ័យផលជូនរដ្ឋវិញ ចំណែកអ្នកខ្លះមិនបានប្រគល់ទេ ព្រោះដីរបស់ពួកគាត់ស្ថិតក្នុងតំបន់២។ អ្នកស្រី ខ្លូយ អាន នៅភូមិអង្គ្រង ឃុំជ្រៃ ដែលមានដីចំនួន២០ហិចតា ដែលកំពុងជាប់ក្នុងបណ្ដឹងដែរ បានប្រាប់ថា អ្នកស្រីមិនបានប្រគល់ដីជូនរដ្ឋទេ ព្រោះដីអ្នកស្រី ស្ថិតនៅក្នុងតំបន់២។
អ្នកស្រីនិយាយថា អ្នកស្រីដំបូងឡើយដី២០ហិចតានោះ គាត់បានធ្វើប្រវ៉ាស់ជាមួយម្ចាស់ដី ក្រោយមកគាត់សន្សំប្រាក់បានខ្លះ និង ខ្ចីធនាគារខ្លះ ក៏សុំទិញដីនោះពីម្ចាស់ដើមទាំងអស់ ហើយកាប់គាស់ព្រៃខ្ចាស់ អាស្រ័យផលរហូតមកដលសព្វថ្ងៃនេះ។ ចំពោះអ្នកប្ដឹងទាមទាដី បើតាមអ្នកស្រី ខ្លូយ អាន ក៏ដូចជាម្ចាស់ដី០២គ្រួសារទៀត បានប្រាប់ថា ក្នុងឆ្នាំ២០២២ ដែលដើមបណ្ដឹងអះអាងថា អ្នកស្រីចូលទ្ទ្រានដីគាត់នោះ មិនពិតទេ។ តាមពិតពេលនោះឈ្មោះ អេង សុវណ្ណារិទ្ធ នោះបានជិះរថយន្តមកសួរនាំគេឯងក្នុងភូមិ មិនស្គាល់ដីខ្លួនឯងនៅចំណុចណា ព្រំត្រង់ណាផង។
គាត់និយាយថា ឈ្មោះរិទ្ធ នេះ កាន់ក្រដាស់មួយសន្លឹក បានឲ្យអ្នកភូមិជួយជួនដើររកដី ម្ដង់ចង្អុលត្រង់នេះ ម្ដងចង្អុលត្រង់នោះ ពារលើដីគេដីឯង។ ចាប់ពីពេលនោះរហូតមកដល់ពេលនេះ ឈ្មោះ
រិទ្ធ នេះ តែងចេញមុខរហូត ដោយអះអាងថា ដីតំបន់២ របស់ពួកគាត់ជាដីរបស់ខ្លួន ហើយរារាំងជាបន្តបន្ទាប់មិនឲ្យមន្ត្រីសុរិយោធចេញប្លង់ឲ្យពួកគាត់ទេ ហើយពួកគាត់ក៏ពុំដែលបានជួបដើមបណ្ដឹងផ្ទាល់ឈ្មោះ ជៀង ញឹប និង ភរិយា ម្ដងណាដែរ គឺ ជួបតែឈ្មោះ អេង សុវណ្ណារិទ្ធ នេះរហូត។
សាក្សីម្នាក់ឈ្មោះ ឈុន រឿន ភេទប្រុស អាយុ៦០ឆ្នាំ ដែលធ្លាប់ជួលដីស្រែរបស់ម្ចាស់ដីឈ្មោះ ស៊ាង ស៊ន អាស្រ័យផលអស់រយៈជាង១០ឆ្នាំកន្លងទៅនេះ បាននិយាយថា គាត់បានជួលដីរបស់ឈ្មោះ ស៊ាង ស៊ន ដើម្បីកាប់ឆ្ការព្រៃធ្វើស្រែតាំងពីឆ្នាំ២០០៨ រហូតមកដល់សព្វថ្ងៃនេះ គិតទៅជាង១០កន្លងមកហើយ។ គាត់និយាយទៀតថា តាំងពីគាត់ជួលដីស្រែនេះធ្វើ គាត់មិនដែលឃើញជនណាម្នាក់មករំខាន មកទាមទាដីពីម្ចាស់ ហើយក៏មិនដែលឃើញមកធ្វើស្រែលើដីនេះ ក្រៅពីគាត់់ និង ម្ចាស់ដីដែរ។ ប៉ុន្តែនៅឆ្នាំ២០២២ ស្រាប់តែមានអ្នកភ្នំពេញ មកទាមទារដីនេះ ដោយអះអាងថា ជាដីរបស់ខ្លួន រហូតប្ដឹងម្ចាស់ដីដែលគាត់ជួលទៅតុលាការទៀតផង។
គាត់បញ្ជាក់ថា គាត់រស់នៅមូលដ្ឋាន និង ធ្វើស្រែនៅចំណុចខាងលើនេះរាប់សិបឆ្នាំកន្លងមកហើយ មិនធ្លាប់ស្គាល់ ឬ ធ្លាប់ឃើញមុខ ក្រុមអ្នកភ្នំពេញដែលម្ដឹងប្រជាពលរដ្ឋខាងលើនេះ ធ្វើស្រែឬចេញចូលតំបន់នោះទេ ទើបនៅឆ្នាំ២០២២ ស្រាប់តែក្រុមនេះចេញមុខអះអាងថា ខ្លួនមានដី១០០ហិចតា នៅតំបន់នោះ។ លោក ថាន់ ស៊ាន មេឃុំជ្រៃ បានបំភ្លឺប្រាប់កោះសន្តិភាព នៅព្រឹកថ្ងៃទី ០៩ ឧសភា ថា លោកបានដឹងអំពីជម្លោះរឿងដីស្រែរវាងពលរដ្ឋប៉ុន្មានគ្រួសារ ជាមួយអ្នកនៅភ្នំពេញ ដែលអះអាងថា មានដីនៅភូមិអង្គ្រងចំនួន១០០ហិចតា តែលោកមិនដែលបានជួបមុខពួកគេម្ដងណាទេ ហើយពួកគេក៏មិនដែលមកជួបលោកដែរ។
លោកមេឃុំ បានប្រាប់ថា បើលោកឃើញជាក់ស្ដែង ដីមានជម្លោះនោះ គឺពលរដ្ឋបានអាស្រ័យផលរាល់ឆ្នាំរហូតមកដល់សព្វ្ថ្ងៃនេះ។ ប៉ុន្តែក្រោយរដ្ឋាភិបាលប្រកាសកាត់ឆ្វៀលដីឲ្យពលរដ្ឋ ស្រាប់តែមានអ្នកភ្នំពេញមកអះអាងថា ពួកគេមានដីនៅតំបន់នោះ រហូតផ្ទុះជម្លោះជាមួយប្រជាពលរដ្ឋប្ដឹងផ្ដល់គ្នាទៅតុលាការ។ លោកថា បើតាមលោកដឹងអ្នកភ្នំពេញនោះ អះអាងថា មានដីនៅទីនោះ តែពេលមករកដី ហាក់មិនស្គាល់ដីខ្លួនឯងនៅត្រង់ណាផង រហូតឲ្យអ្នកស្រុកជួយជូនដើរមើល។
នៅក្នុងសកម្មភាពក្រុមអ្នកភ្នំពេញនេះ បើតាមលោកមេឃុំ បានវាយតំលៃថា «អ្នកដែលមកចង្អុលថា ដីខ្លីនៅកន្លែងនេះ កន្លែងនោះ គឺអត់ត្រូវទេ។ ព្រោះលោកឃើញតែប្រជាពលរដ្ឋអាស្រ័យផលលើដីនោះរាល់ឆ្នាំ មិនធ្លាប់ឃើញក្រុមអ្នកភ្នំពេញខាងលើនេះមកធ្វើស្រែលើដីនោះម្ដងណាទេ។ ជុំវិញបណ្ដឹងរបស់ប្រជាពលរដ្ឋចំនួន០៣គ្រួសារ ដាក់ជូនលោកប្រធានក្រុមការងារចុះវាសវែងដីតំបន់២ នៅក្នុងឃុំជ្រៃ វិញ កោះសន្តិភាព មិនអាចទំនាក់ទំនង សុំការបំភ្លឺពីប្រធានក្រុមការងារនេះបាននៅឡើយទេ នៅរសៀលថ្ងៃទី ០៩ ឧសភា។ ប៉ុន្តែបើតាមប្រជាពលរដ្ឋដែលពាក្យបណ្ដឹងទៅជូនលោកប្រធានក្រុមការងារនេះ បានប្រាប់ថា «លោកប្រធានក្រុមការងារបានទទូលយកបណ្ដឹងហើយ។
លោកប្រធានក្រុមការងារមិន ទទូលយកពាក្យបណ្ដឹង តែមិនបានបើកមើលពាក្យបណ្ដឹងទេ គ្រាន់តែបានឆ្លើយតបថា «ខ្ញុំទទូលពាក្យបណ្ដឹង តែខ្ញុំមិនមើលទេ។ ខ្ញុំក៏មិនទាន់អាចចេញប័ណ្ណកម្មសិទ្ធដីធ្លីឲ្យដែរ ព្រោះមានគេប្ដឹងទាស់ហើយ»។ លោកប្រធានក្រុមការងារបានបញ្ជាក់ថា បើដោះស្រាយចប់គាត់នឹងចេញប័ណ្ណកម្មសិទ្ធឲ្យហើយ៕
ចែករំលែកព័តមាននេះ