ឈ្មុសប្រែង ដែលមានឈ្មោះជាភាសាអង់គ្លេសថា Enigmatic Binturong គឺជាថនិកសត្វម្យ៉ាងដែលមានរូបរាងស្រដៀងគ្នានឹងពពួកសត្វសំពោច ។
អង្គការសម្ព័ន្ធមិត្រសត្វព្រៃកម្ពុជាបានអះអាងថា ឈ្មុសប្រែង គឺជាប្រភេទសត្វព្រៃ ដែលកំពុងតែមានដែនជម្រកនៅតាមបណ្តាព្រៃព្រឹក្សាដ៏អាថ៌កំបាំងរបស់កម្ពុជា ដែលជាញឹកញាប់ត្រូវបានគេស្គាល់ថា ជាពពួក «សំពោច» ។
ឈ្មុសប្រែង ពិតជាមានសម្រស់គួរជាទីទាក់ទាញ ដោយសារតែភិនភាគល្អឯក គ្មានពីរមានកន្ទុយវែងដែលអាចពត់ពេនតោងពីចុងឈើមួយទៅចុងឈើមួយ ។ ឈ្មុសប្រែងមានមាឌធំមាំគ្រប់ដណ្តប់ដោយរោមក្រាស់ៗ ពណ៌ក្រម៉ៅលាយត្នោត និងមានមុខមាត់គួរអោយស្រលាញ់អមដោយពុកមាត់វែងៗពណ៌ស ។
អង្គការអភិរក្សសត្វដ៏សកម្មនៅកម្ពុជាមួយនេះបានអះអាងថា នៅក្បែរកន្ទុយរបស់ឈ្មុសប្រែងមានអវៈយវៈម្យ៉ាងដែលអាចបញ្ចេញក្លិនក្រអូបយ៉ាងពិសេសស្រដៀងក្លិនពោតលីងប័រ ! ក្លិននេះត្រូវបានឈ្មុសប្រែងប្រើជាការកំណត់ទឹកដី និងការទាក់ទងជាមួយឈ្មុសប្រែងដទៃទៀត ។
ឈ្មុសប្រែង ត្រូវបានគេចាត់ទុកថា ជាថនិកសត្វរាត្រីចរចូលចិត្តរស់នៅក្នុងតំបន់ព្រៃស្រោងក្រាស់ៗនៃព្រៃត្រូពិចរបស់កម្ពុជា ជាកន្លែងដែលពួកគេដើរតួនាទីដ៏សំខាន់ក្នុងការពង្រាយគ្រាប់រុក្ខជាតិ ដែលរួមចំណែកដល់សុខុមាលភាព និងភាពសម្បូរបែបនៃប្រព័ន្ធអេកូឡូស៊ី ។
តាមរបាយការណ៍របស់អង្គការសហភាពអភិរក្សធម្មជាតិអន្តរជាតិដែលហៅកាត់ថា IUCN បានបញ្ជាក់ថា ឈ្មុសប្រែងនៅមិនទាន់ក្លាយជាសត្វដែលរងគ្រោះថ្នាក់នៅឡើយទេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ចំនួនសត្វប្រភេទនេះ នៅក្នុងលំនឹងធម្មជាតិនៅក្នុងប្រទេសនានាដូចជា កម្ពុជា នេប៉ាល់ ប៊ូតាន បង់ក្លាដេស ចិន ឥណ្ឌា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពិន ថៃ និងវៀតណាម មានសេចក្តីរាយការណ៍ថា បានធ្លាក់ចុះប្រមាណជា៣០ភាគរយ នៅក្នុងរយៈពេល១៨ឆ្នាំចុងក្រោយ។
ផ្អែកតាមលក្ខណៈសំខាន់នៃតួនាទីរបស់វានៅក្នុងលំនឹងធម្មជាតិ អ្នកអភិរក្សាបានជំរុញឲ្យចាត់វិធានការជាបន្ទាន់ ដើម្បីការពារការបន្តធ្លាក់ចុះរបស់ប្រភេទសត្វនេះបន្ថែមទៀត ៕
ចែករំលែកព័តមាននេះ