ទីក្រុងប៉េកាំង៖ ចំនួនអ្នកស្លាប់ដោយសារការបាក់កំណាត់ផ្លូវហាយវេនៅខេត្តក្វាងទុង ប្រទេសចិនកាលពីថ្ងៃពុធនោះឥឡូវនេះបានកើនឡើងដល់៤៨នាក់ហើយ។ បញ្ហានេះបណ្ដាលមកការធ្លាក់ភ្លៀងខ្លាំងជាច្រើនថ្ងៃជាប់គ្នាធ្វើឱ្យដីមានសភាពទន់ជ្រាយគួបផ្សំនឹងមនុស្សសម្រុកធ្វើដំណើរនៅថ្ងៃទិវាពលកម្មអន្តរជាតិ។ កំណាត់ផ្លូវដែលបាក់នោះស្ថិតនៅចន្លោះទីក្រុងម៉ីចូវ និងខណ្ឌដាប៊ូនៅវេលាម៉ោង២:១០ព្រឹកថ្ងៃពុធ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានរដ្ឋចិននៅល្ងាចថ្ងៃព្រហស្បតិ៍។
នៅសុខៗស្រាប់តែកំណាត់ផ្លូវនេះស្រុតប្រវែង១៨ម៉ែត្រ និងធ្លាក់អាចម៍ដីចុះទៅជម្រាលភ្នំ។ ដូច្នេះ រថយន្តដែលបើកទៅដល់ចំណុចនោះមិនបានចាប់អារម្មណ៍ ឬដឹងទុកមុនថាបាក់កំណាត់ផ្លូវនេះទាល់តែសោះ។ នេះជាផ្លូវល្បឿនលឿនដែលតម្រូវឱ្យយានយន្តគ្រប់ប្រភេទត្រូវតែបើកលឿនៗ។ ដូច្នេះនៅពេលបើកដល់ទីនោះ រថយន្តក៏ហោះបោះពួយចុះទៅក្រោម ឬបើកទៅបុកផ្ទប់នឹងជង្ហុកដែលបាក់នៅជ្រុងម្ខាងទៀតបណ្ដាលឱ្យអ្នកជិះនៅក្នុងរថយន្តទាំងប៉ុន្មានស្លាប់យ៉ាងអាណោចអាធ័ម។
ក្វាងទុងជាខេត្តសម្បូររោងចក្រ-ឧស្សាកម្មតូចធំ។ អាចនិយាយបានថាជាមជ្ឈមណ្ឌលផលិតរបស់ពិភពលោក។ ខេត្តនេះក៏ កើតមានគ្រោះធម្មជាតិផ្ទួនៗគ្នាផងដែរដោយសារការប្រែប្រួលអាកាសធាតុ។ ទើបតែកន្លងផុតទៅថ្មីៗនេះមានខ្យល់ព្យុះកំបុតត្បូងបោកបក់ទៅលើខេត្តនេះបណ្ដាលឱ្យស្លាប់៥នាក់។ ទីភ្នាក់ងារព័ត៌មានស៊ីនហួផ្សាយថាចំណុចដែលបាក់ផ្លូវល្បឿនលឿនខាងលើនេះបានស្ទាក់ជាប់រថយន្តម្ភៃគ្រឿង និងអ្នកដំណើរ៥៤នាក់។ មានន័យថាអ្នកទាំងនេះស្លាប់ស្ទើរតែទាំងអស់។
គិតមកដល់ពេលនេះនៅរស់ម្នាក់ព្រោះស្លាប់អស់៤៨នាក់ហើយ គិតតែសាកសពដែលគេកំណត់អត្តសញ្ញាណដឹង។ ក្រៅពីនេះ មនុស្ស៣នាក់ទៀតកំពុងត្រូវគេផ្ទៀងផ្ទាត់ឌីអឹនអេ (DNA) ដើម្បីប្រគល់សាកសពទៅឱ្យក្រុមគ្រួសារ។ បើផ្ទៀងផ្ទាត់គ្នាទៅឃើញថាស្លាប់ដោយសារឧបទ្ទវហេតុកាលពីថ្ងៃទី១ ខែឧសភាមានន័យថាស្លាប់សឹងតែទាំងអស់។ សំណាងល្អ មនុស្ស៣០នាក់ដែលរងរបួសនៅថ្ងៃនោះមិនធ្ងន់ធ្ងរដល់អាយុជីវិតទេ។
ទូរទស្សន៍រដ្ឋចិនផ្សាយថាឧបទ្ទវហេតុលើកនេះជាគ្រោះមហន្តរាយធម្មជាតិសុទ្ធសាធដែលបណ្ដាលមកពីសណ្ឋានដីជ្រាយក្រោយការធ្លាក់ភ្លៀង។ ប្រធានាធិបតីចិនបានបញ្ជាឱ្យមន្ត្រីក្រោមឱវាទខិតខំឱ្យអស់ពីសមត្ថភាពដើម្បីជួយសង្គ្រោះ និងព្យាបាលអ្នករបួសឱ្យបានជាសះស្បើយឡើងវិញ។ អាជ្ញាធរបានបញ្ជូនក្រុមការងារសរុប៥០០រយនាក់ទៅកន្លែងកើតហេតុដើម្បីពន្លឿនការជួយសង្គ្រោះ។ គេប្រើប្រាស់គ្រឿងចក្រប្រភេទអេស្កាវ៉ាទ័រ និងដងស្ទូចដើម្បីជីកកកាយដី និងសណ្ដោងរថយន្តឡើងមកផ្នែកខាងលើ៕
ចែករំលែកព័តមាននេះ