ទីក្រុងណៃពិដោរ៖ ពួកឧទ្ទាមភូមាកំពុងវាយសម្រុកទឹកផ្ដាច់ព្រ័ត្រទៅលើមូលដ្ឋានចុងក្រោយរបស់របបសឹកនៅទីក្រុងមីយ៉ាវ៉ាឌី (Myawaddy) ដែលស្ថិតនៅជាប់នឹងព្រំដែនប្រទេសថៃ។ អ្នករស់នៅទីនោះកំពុងសម្រុកចូលខេត្តតាក (Tak) នៃប្រទេសថៃដូចទឹកបាក់ទំនប់។ មេបញ្ជាការកងទ័ពថៃថ្លែងថាការវាយប្រហារចាប់ផ្ដើមកាលពីយប់ថ្ងៃអង្គាររហូតដល់ល្ងាចថ្ងៃពុធ។
ការប្រយុទ្ធគ្នាមានសភាពខ្លាំងក្លា។ បន្ទាយទាហាននៃរបបសឹកភូមាមួយកន្លែងនេះស្ថិតនៅចម្ងាយ១៤គីឡូម៉ែត្រពីព្រំដែនប្រទេសថៃ។ ពួកឧទ្ទាមបានឡោមព័ទ្ធបន្ទាយនេះជាយូរមកហើយ ហើយបានបាញ់កាំភ្លើងចូលទីនេះជាហូរហែអមដោយការបាញ់ផ្ដក់គ្រាប់កាំភ្លើងធំ និងការវាយប្រហារដោយយន្តហោះដ្រូន។ របបសឹកវាយបកវិញដោយប្រើប្រាស់កាំភ្លើងធំ, កាំភ្លើងត្បាល់ និងយន្តហោះ។
ឥឡូវនេះកំពុងតែមានភ្លើងឆេះរាលដាលជុំវិញបន្ទាយទាហាន។ អ្នកដែលស្ថិតនៅក្នុងទឹកដីថៃអាចស្ដាប់ឮស្នូរគ្រាប់កាំភ្លើងបាញ់គ្នាទាំងកណ្ដាលយប់។ កងទ័ពថៃបន្តដើរល្បាតតាមមាត់ទន្លេព្រំដែន។ ពួកគេត្រៀមខ្លួនទប់ទល់នឹងស្ថានការណ៍ប្រែប្រួលនៅតាមព្រំដែន។ អ្នករស់នៅទីក្រុងមីយ៉ាវ៉ាឌី (Myawaddy) កំពុងជ្រួលច្រាលចង់ឆ្លងដែនចូលទឹកដីថៃដើម្បីស្វែងរកសេចក្ដីសុខមួយគ្រា។ ពួកគេចង់ឆ្លងចូលខេត្តតាកព្រោះបារម្ភថាបើរបបសឹកវាយប្រហារពីលើអាកាសគ្រោះថ្នាក់កាន់តែខ្លាំង។
មេបញ្ជាការយោធភូមិភាគបីថ្លែងថារបបសឹកភូមាមិនទាន់របូតទីក្រុងមីយ៉ាវ៉ាឌីពីដៃនៅឡើយទេ ហើយក៏មិនទាន់មានជនភៀសខ្លួនរត់ចេញពីប្រទេសភូមាឆ្លងចូលទឹកដីថៃនៅឡើយដែរ។ នាយករដ្ឋមន្ត្រីថៃបញ្ជាក់គោលជំហររបស់រដ្ឋាភិបាល លោកថាប្រទេសថៃមិនចូលខ្លួនពាក់ព័ន្ធនៅក្នុងជម្លោះផ្ទៃក្នុងភូមាទេ។ ថៃប្រកាន់ជំហរកណ្ដាល។ ប៉ុន្តែលោកត្រៀមខ្លួនជួយដោះស្រាយបញ្ហាមនុស្សធម៌ និងជនភៀសខ្លួនស្របទៅតាមស្ថានការណ៍ជាក់ស្ដែង។
របាយការណ៍ចុងក្រោយបង្ហាញថាពួកឧទ្ទាមវាយយកបានទីក្រុងមីយ៉ាវ៉ាឌីបាត់ទៅហើយ។ ឥឡូវនេះ រដ្ឋមន្ត្រីការបរទេសថៃថ្លែងថាលោកត្រៀមទទួលយកជនភៀសខ្លួនដែលអាចមានរហូតដល់ទៅ១សែននាក់ឯណោះ។ ក្រោយកិច្ចប្រជុំពិសេសជាមួយនាយករដ្ឋមន្ត្រីថៃ អគ្គបញ្ជាការកងទ័ព និងមេបញ្ជាការកងទ័ពថៃរួចមក លោករដ្ឋមន្ត្រីការបរទេសផានព្រី (Parnpree) ថ្លែងថារាជរដ្ឋាភិបាលថៃបានចេញសេចក្ដីសម្រេចសំខាន់ៗមួយចំនួនដើម្បីត្រៀមទទួលយកជនភៀសខ្លួនពីប្រទេសភូមា។
លោកថ្លែងបន្ថែមថាបើទុកជាជនភៀសខ្លួនមានលើសពីមួយសែននាក់ក៏ប្រទេសថៃនៅតែអាចរ៉ាប់រងទទួលឱ្យស្នាក់នៅបានដដែល។ ក្រសួងការបរទេសថៃត្រៀមជជែកគ្នាជាមួយប្រទេសដទៃទៀតដើម្បីរួមគ្នាដោះស្រាយបញ្ហាជនភៀសខ្លួនភូមា។ កិច្ចប្រជុំនោះធ្វើឡើងដើម្បីវាយតម្លៃអំពីសភាពការវិវត្តថ្មីៗនៅប្រទេសភូមាបន្ទាប់ពីរបបសឹកភូមាស្នើសុំការអនុញ្ញាតពីរដ្ឋាភិបាលថៃដើម្បីចុះចតយន្តហោះដឹកជញ្ជូន៣គ្រឿងដែលហោះពីទីក្រុងរ៉ង់ហ្គូនទៅស្រុកមេសូតកាលពីថ្ងៃអាទិត្យដល់ថ្ងៃអង្គារដើម្បីដឹកជញ្ជូនទាហានភូមាបាក់ទ័ពត្រឡប់ចូលទឹកដីភូមាវិញ៕
ប្រភព៖ Bangkok Post
ចែករំលែកព័តមាននេះ