ខេត្ដកែប ៖ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជាង៥០០នាក់ នៅក្នុងភូមិកែប សង្កាត់កែប ក្រុងកែប កាលពីព្រឹកថ្ងៃទី២៦ មិថុនា បានប្រារព្ធបុណ្យរុក្ខទិវា៩ កក្កដា ដាំកូនគគីរចំនួន៤៥០ដើម ក្រោមការជួយឧបត្ថម្ភកូនគគីរពីខណ្ឌរដ្ឋបាលព្រៃឈើកំពត ។
ពិធីនេះប្រព្រឹត្ដឡើងក្រោមអធិបតីភាពលោក កែន សត្ថា អភិបាលខេត្ដ និងមន្ដ្រីអ្នកមុខអ្នកការក្នុងខេត្ដយ៉ាងច្រើនកុះករ ។
លោក ស៊ឹម ឡាប៉័ង នាយខណ្ឌរដ្ឋបាលព្រៃឈើកំពត បានមានប្រសាសន៍ជម្រាបជូនភ្ញៀវអំពីអត្ថន័យជាប្រវត្ដិសាស្រ្ដរុក្ខទិវា៩ កក្កដា ដែលប្រារព្ធនាថ្ងៃនេះថា បុណ្យរុក្ខទិវានេះគឺមិនមែនទើបតែធ្វើឡើង ឬបង្កើតឡើងនាពេលបច្ចុប្បន្ននេះទេ គឺមានតាំងពីសម័យសង្គមរាស្រ្ដនិយម ជាព្រះរាជសកម្មភាពជាប្រវត្ដិសាស្រ្ដ ក្រោមព្រះរាជកិច្ចដឹកនាំប្រកបដោយព្រះបញ្ញាញាណដ៏ភ្លឺស្វាងបំផុតរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបាទនរោត្ដមសីហនុ ដែលព្រះអង្គបានឡាយព្រះហស្ដលេខាលើព្រះរាជក្រឹត្យលេខ៧៣៨នសចុះថ្ងៃទី៨ សីហា ឆ្នាំ១៩៥២ ។
ក្នុងទិសដៅបន្ដវេនពីសម័យសង្គមរាស្រ្ដនិយម រាជរដ្ឋាភិបាលក្រោមការដឹកនាំយ៉ាងម៉ឺងម៉ាត់បំផុត និងប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើកំណែទម្រង់វិស័យព្រៃឈើរៀងរហូតមកដល់បច្ចុប្បន្ននេះ និងរៀបចំបុណ្យរុក្ខទិវា៩ កក្កដា ជាប្រពៃណីប្រវត្ដិសាស្រ្ដនេះជារៀងរាល់ឆ្នាំ ហើយយើងបានប្រារព្ធធ្វើតាមបណ្ដាខេត្ដ-រាជធានី នាពេលកន្លងមកបាន២១លើករួចមកហើយនៅទូទាំងប្រទេស ។
លោក កែន សត្ថា អភិបាលខេត្ដ បានមានមតិសំណេះសំណាលទៅកាន់ប្រជាពលរដ្ឋ និងមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលបានចូលរួមថា បុណ្យរុក្ខទិវា ដែលប្រព្រឹត្ដឡើងនាថ្ងៃនេះ ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបញ្ជាក់ឱ្យឃើញពីការយកចិត្ដទុកដាក់យ៉ាងខ្លាំងក្លាបំផុតនូវវិស័យព្រៃឈើ ហើយបានដឹកនាំ និងពញ្ញាក់ស្មារតីឱ្យប្រជាពលរដ្ឋគ្រប់រូប ចេះស្រឡាញ់ និងស្គាល់ច្បាស់ពីគុណប្រយោជន៍នៃព្រៃឈើ ។
លោកអភិបាលខេត្ដ បានបន្ដថា ព្រៃឈើមានគុណប្រយោជន៍ច្រើនឥតគណនាសម្រាប់មនុស្ស សត្វនៅលើភពផែនដីយើងនេះ ព្រៃឈើបានផ្ដល់នូវសោភ័ណភាព ទេសភាពធម្មជាតិ បរិស្ថាន និងកាត់បន្ថយការឡើងកម្ដៅ និងគ្រោះធម្មជាតិផ្សេងៗនៅលើភពផែនដី ។ ជាមួយគ្នានេះ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ធ្វើយ៉ាងណាយើងត្រូវតែដាំកូនឈើឱ្យបានគ្រប់ៗគ្នានៅតាមផ្ទះ ឬតាមដងផ្លូវសាធារណៈ ។ ចំណែកមន្ដ្រីរាជការត្រូវដាំកូនឈើក្នុងម្នាក់ៗឱ្យបានច្រើនដើម ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ ត្រូវដាំនៅក្នុងទីវត្ដអារាម និងបំផុសដឹកនាំសិស្សឱ្យដាំនៅតាមសាលារៀនឱ្យបានគ្រប់ៗសាលាទាំងអស់ ។ បើខ្វះកូនឈើត្រូវរាយការណ៍មករដ្ឋបាលព្រៃឈើ ដើម្បីដោះស្រាយជូនបងប្អូន ។
លោកក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់មូលដ្ឋានទូទាំងខេត្ដ សុំឱ្យពន្យល់ផ្សព្វផ្សាយ បំផុសការដាំកូនឈើ និងការថែទាំងកូនឈើដែលកំពុងដាំ និងមានស្រាប់ឱ្យបានគង់វង្ស ឈប់កាប់បំផ្លាញតទៅទៀត ។ បំផុសក្មួយៗជំនាន់ក្រោយឱ្យចេះស្រឡាញ់ដើមឈើ ឱ្យចេះថែរក្សាដើមឈើ និងឱ្យយល់ពីផលប្រយោជន៍នៃដើមឈើ ។
ក្នុងឱកាសនោះដែរលោកបានសំណូមពរដល់ប្រជាពលរដ្ឋម្ចាស់ដី ដែលមានដីនៅក្នុងក្រុងកែប សូមមេត្ដាចូលមកអភិវឌ្ឍដីភូមិ ឬដីចម្ការ កុំទុកឱ្យព្រៃដុះស៊ុបទ្រុប ពីព្រោះក្រុងកែបជាតំបន់ទេសចរណ៍ ហើយអាជ្ញាធរក្រុងនិងខេត្ដ កំពុងអភិវឌ្ឍតំបន់ទេសចរណ៍ធម្មជាតិដ៏មានសោភ័ណភាពឱ្យស្រស់បំព្រងឡើង សម្រាប់ទាក់ទាញភ្ញៀវទេសចរឱ្យចូលមកទស្សនាតំបន់នេះកាន់តែច្រើនឡើងថែមទៀត ។
លោកក៏បានរំលឹកផងដែរថា កន្លងមកមានម្ចាស់ដីមួយចំនួន អាជ្ញាធរបានប្រកាសជូនដំណឹងឱ្យមកកាប់ឆ្ការ ដើម្បីអភិវឌ្ឍដីភូមិរបស់ប្រជាពលរដ្ឋ អត់មានអ្នកណាមកទេ បើមានប្រជាពលរដ្ឋណាម្នាក់ទៅត្រាយព្រៃដែលដុះស៊ុបទ្រុបនោះ ទើបមានពាក្យបណ្ដឹងពីម្ចាស់ដីប្ដឹងមកចៅហ្វាយខេត្ដក៏មាន ។ ដូច្នេះ ដើម្បីធ្វើឱ្យសោភ័ណភាពក្នុងខេត្ដកែបកាន់តែទាក់ទាញដល់ភ្ញៀវទេសចរនោះ សូមប្រជាពលរដ្ឋដែលមានដីនៅក្នុងក្រុងកែបមេត្ដាមកអភិវឌ្ឍកុំទុកឱ្យព្រៃដុះស៊ុបទ្រុបបាត់សោភ័ណភាពនៅក្នុងខេត្ដ ទេសចរណ៍ធម្មជាតិមួយនេះតទៅទៀត ៕
ចែករំលែកព័តមាននេះ