ដំណឹងផ្លូវការពីប្រទេសថៃបញ្ជាក់ឱ្យដឹងថា ក្រសួងវប្បធម៌ថៃកំពុងរៀបចំឯកសារស្នើចុះបញ្ជីឈុតថៃទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកអង្គការយូណេស្កូ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation ដែលចេញនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ឈុតថៃព្រះរាជនិយម ឬហៅខ្លីជាភាសាអង់គ្លេសថា Chhut Thai ត្រូវបានរដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃអះអាងថា កំពុងស្ថិតនៅលើផ្លូវដែលត្រូវបានស្នើឱ្យដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ អរូបីមនុស្សជាតិរបស់អង្គការយូណេស្កូ ខណៈដែលក្រសួងវប្បធម៌ថៃរង់ចាំការអនុម័តពីគណៈរដ្ឋមន្ត្រីថៃជាមុនសិន ។
រដ្ឋមន្ត្រីវប្បធម៌ថៃ លោក Sermsak Pongpanich មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា ឯកសារស្នើចុះបញ្ជី ត្រូវបានរៀបចំចប់សព្វគ្រប់រួចរាល់អស់ហើយ នៅតែភ្លើងខៀវពីគណៈរដ្ឋមន្ត្រីតែប៉ុណ្ណោះ ។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃបញ្ជាក់បែបនេះថា «នៅពេលដែលទទួលបានការអនុម័តពីគណៈរដ្ឋមន្ត្រី នាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ នឹងបញ្ជូនឯកសារទាំងអស់ទៅឱ្យអង្គការយូណេស្កូក្នុងខែមីនា ឆ្នាំ២០២៤នេះតែម្តង» ប៉ុន្តែអង្គការយូណេស្កូក៏នឹងកំពុងពិចារណាលើការចុះបញ្ជីដែលស្នើដោយប្រទេសដទៃទៀតផងដែរ ។
លោក Sermsak បានលើកជាឧទាហរណ៍ជាក់ស្តែងថា ដូចជាករណី «សម្លតុងយ៉ាំបង្គាររសជាតិហឹររបស់ថៃ» និងឈុត «kebaya» ដែលជាសំលៀកបំពាក់ប្រពៃណីនៅភាគខាងត្បូងប្រទេសថៃ ក៏កំពុងត្រូវបានប្រទេសដទៃ ដូចជា សិង្ហបុរី ប្រ៊ុយណេ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី គ្រោងនឹងពិចារណាស្នើចុះបញ្ជី សម្បត្តិបេតិកភណ្ឌពិភពលោកនៅចុងឆ្នាំនេះ ។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃបន្ថែមថា វត្ថុទាំងពីរខាងលើ ថៃក៏គ្រោងនឹងស្នើចុះបញ្ជីដូចគ្នា ប៉ុន្តែពេលនេះក្រសួងកំពុងផ្តោតលើការចុះបញ្ជី ឈុតថៃ រួមទាំងក្បាច់គុន Muay Thai និង ពិធី Loy Krathong ជាមុនសិន។
បើតាមលោក Kowit Pakamart អគ្គនាយកនៃនាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ថៃបាននិយាយថា ឈុតថៃព្រះរាជនិយម បង្ហាញពីអត្តសញ្ញាណរបស់ប្រទេស ដែលត្រូវបានថែរក្សាអស់រយៈពេលជាង១៤០០ឆ្នាំមកហើយ ពោលគឺត្រលប់ទៅសម័យកាល Dvaravati នាសតវត្សទី៦។
លោកគោវីត ពន្យល់ថា «ការរវិវត្តដ៏សំខាន់នៃឈុតថៃ គឺកើតចេញពីស្នាព្រហស្តរបស់ព្រះមហាក្សត្រិយានី សិរិកិត្តិ៍ ដែលយាងអមព្រះស្វាមី ភូមិពល អតុល្យតេជ ចេញបំពេញទស្សនកិច្ចនៅបណ្ដាប្រទេសនានាលើពិភពលោក ក៏ទ្រង់ឈ្វេងយល់ថា ថៃគួរតែមានសម្លៀកបំពាក់ផ្លូវការ ដើម្បីទុកសម្រាប់ប្រើការពេលយាងចេញទៅទស្សនកិច្ចនាក្រៅប្រទេស។ លុះរហូតដល់ឆ្នាំ១៩៦០ ទើបក្សត្រី បានបញ្ជាអោយសាស្ត្រាចារ្យ សកលវិទ្យាល័យធម្មសាស្ត្រ សិក្សាស្រាវជ្រាវឈុតថៃពីសម័យមុនមកដើម្បីបង្កើតជាកម្រងការស្លៀកពាក់ឈុតថៃបែបថ្មីហៅថា ឈុតថៃព្រះរាជនិយម។
សម្រាប់ស្ត្រី ឈុតថៃព្រះរាជនិយម មាន៨ឈុត ដាក់ឈ្មោះតាមព្រះទីនាំងនានាក្នុងព្រះបរមរាជវាំងថៃ ហើយមកសព្វថ្ងៃនេះ ប្រជាជនថៃនៅតែបន្តស្លៀកឈុតទាំង៨ប្រភេទនេះ ក្នុងពិធីសំខាន់ៗ។ ក្នុងចំណោមឈុតថៃព្រះរាជនិយមទាំង៨ គឺឈុតថៃសិវាល័យ គឺជាឈុតមួយដ៏ល្បីល្បាញ ដោយត្រូវបានយកមកអភិវឌ្ឍន៍ និងកែច្នៃបន្ថែម ប្រើប្រាស់សម្រាប់ប្រជាជនទូទៅរហូត មកដល់សព្វថ្ងៃ ជាពិសេសសម្រាប់ពិធីមង្គលការ។
ហើយក្រៅពីប្រជាជនថៃ ឈុតថៃសិវាល័យនេះ ត្រូវបានគេមើលឃើញថា ពេញនិយមខ្លាំងនៅក្នុងប្រទេសកម្ពុជា ជាពិសេសសំអាងការ នៅទូទាំងប្រទេសកម្ពុជា ទិញយកឈុតទាំងនេះពីថៃយកមកស្លៀកពាក់តុបតែងក្នុងពិធីមង្គលការខ្មែរ ព្រោះតែឈុតថៃពេញនិយម និងកម្មង់ដោយផ្ទាល់ពីសំណាក់កូនក្រមុំដែលជាភ្ញៀវ។
ប៉ុន្តែការនិយមឈុតថៃ តែងរងការរិះគន់ពីអ្នកអភិរក្សវប្បធម៌ខ្មែរ រហូតកើតជាពាក្យចំអកថា «កូនក្រមុំខ្មែរ តែបេះដូងថៃ» អ្នកខ្លះថា «ពេលឈុតថៃ ចូលបេតិកភណ្ឌអង្គការយូណេស្កូ គួរតែដឹងគុណខ្មែរផង ព្រោះនៅស្រុកខ្មែរនិយមនិយមឈុតថៃណាស់» ។
ក្រៅពីឈុតថៃ បច្ចុប្បន្នក្នុងពិធីរៀបអាពាហ៍ពិពាហ៍នៅកម្ពុជា ជាពិសេសពិធីរបស់គ្រួសារអភិជន គេនិយមបែបថៃច្រើនយ៉ាង ដូចជា តុបតែងបែបថៃ កម្រងផ្កាថៃ ក៏ដូចជាអង្គុយលើកៅអីផ្ទឹមបែបថៃជាដើម ៕ អត្ថបទ៖ អោម ចែតច័ន្ទណារ៉ា
ចែករំលែកព័តមាននេះ