ទីក្រុងស៊ីដនី៖ អ្នកបើកឧទ្ធម្ភាគចក្រជនជាតិអូស្ត្រាលីម្នាក់រួមជាមួយសហការីរបស់គាត់២នាក់ទៀតត្រូវបានក្រុមចាប់ជំរិតដោះលែងវិញហើយដោយគ្មានការប៉ះពាល់រូបរាងកាយរបស់ពួកគេសូម្បីតែប៉ុនសរសៃសក់។ ហេតុការណ៍នេះកើតឡើងនៅតំបន់ដាច់ស្រយាលនៃប្រទេសប៉ាពួញូហ្គីណេ (Papua New Guinea) នៅថ្ងៃចន្ទនេះតែម្ដង។ អ្នកទាំងបីត្រូវជនប្រដាប់អាវុធមួយក្រុមយកកាំភ្លើងទៅភ្ជង់។ ប៉ុន្មានម៉ោងក្រោយមក ពួកគេសុខចិត្តដោះលែងវិញក្រោយការសម្រុះសម្រួលគ្នា។
មុនពេលកើតហេតុ, ជនរងគ្រោះបានចុះចតឧទ្ធម្ភាគចក្រនៅក្បែរភ្នំស៊ីសា (Sisa) ខេត្តហេឡា (Hela)។ រំពេចនោះស្រាប់តែជនប្រដាប់អាវុធមួយក្រុមមិនដឹងមកពីណាចេញមកព័ទ្ធពួកគេ និងចាប់បង្ខំឱ្យធ្វើដំណើរទៅតាមពួកគេ។ នេះបើយោងតាមលោកដេវីដ មេននីង (David Manning) ជាមេប៉ូលិសប្រចាំប្រទេសប៉ាពួញូហ្គីណេថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មាន។
ទោះជាត្រូវចាប់ទៅទាំងបង្ខំដោយចុងអាវុធយ៉ាងណាក្ដី ប៉ុន្តែនៅទីបំផុត អ្នកទាំងបីត្រូវបានដោះលែងមកវិញដោយគ្មានអំពើហិង្សាអ្វីទាំងអស់។ កាលនោះ កងសន្តិសុខជាតិរបស់ប្រទេសប៉ាពួញូហ្គីណេចុះធ្វើអន្តរាគមន៍ភ្លាមៗ និងខិតខំចរចាគ្នាក្រោមការជួយជ្រោមជ្រែងពីមេកន្ទ្រាញប្រចាំតំបន់។ សេចក្ដីថ្លែងការណ៍នោះរៀបរាប់តែត្រឹមនេះដោយមិនបរិយាយលម្អិតថាមេកន្ទ្រាញទាំងនោះជាអ្នកណាទេ។
នៅក្នុងប្រតិបត្តិការលើកនេះ កងសន្តិសុខជាតិតាមប្រមាញ់ជនដៃដល់យ៉ាងប្រកិត។ សមត្ថកិច្ចប្រហែលជាមិនប្រណីដៃចំពោះពួកចាប់ជំរិតទេ។ បើពួកគេហ៊ានតដៃអាចនឹងបាញ់គ្នាយកស្លាប់រស់តែម្ដង។ នេះជាការបញ្ជាក់ច្បាស់ៗពីលោកមេននីង។ លោកថ្លែងបន្តទៀតថា «ប្រទេសរបស់យើង (ប៉ាពួញូហ្គីណេ) មានពួកភេរវករក្នុងស្រុកច្រើនពេកហើយ ហើយពួកគេតែងតែរំខានការរស់នៅដោយសុខសានរបស់ប្រជាជន។ ដូច្នេះ យើងមិនអនុញ្ញាតឱ្យពួកគេរស់នៅបានសុខជាដាច់ខាត»។
មុនពេលពួកចាប់ជំរិតដោះលែងចំណាប់ខ្មាំង, កងសន្តិសុខជាតិបានទទួលបញ្ជាពីថ្នាក់លើថា «បើត្រូវធ្លាក់ក្នុងស្ថានភាពបាញ់តដៃគ្នា គួរតែបាញ់យកស្លាប់រស់តែម្ដងទៅដើម្បីឱ្យដឹងសខ្មៅ»។ ករណីចាប់ជំរិតមនុស្សបីនាក់លើកនេះកើតឡើងសឹងតែមួយឆ្នាំគត់បន្ទាប់ពីអ្នកបុរាណវិទ្យាអូស្ត្រាលីម្នាក់ និងអ្នកស្រាវជ្រាវប៉ាពួញូហ្គីណេពីរនាក់ត្រូវគេចាប់ជំរិត។ អ្នកទាំងបីត្រូវគេចាប់បង្ខាំងទុករយៈពេលជាងមួយសប្ដាហ៍ទម្រាំដោះលែងមកវិញជាថ្នូរនឹងការបង់ប្រាក់ដើម្បីលស់ពួកគេមកវិញ។
ដោយឡែក ពាក់ព័ន្ធនឹងការដោះលែងចំណាប់ខ្មាំងនៅថ្ងៃនេះ អ្នកសារព័ត៌មានបានព្យាយាមទាក់ទងទៅក្រសួងការបរទេសអូស្ត្រាលីដើម្បីស្នើសុំការឆ្លើយបំភ្លឺ ឬការធ្វើអត្ថាធិប្បាយផ្សេងៗ។ ប៉ុន្តែមិនទាន់មានការឆ្លើយតបនៅឡើយទេ៕
ប្រភព៖ Reuters
https://www.reuters.com/world/asia-pacific/australian-pilot-two-others-kidnapped-papua-new-guinea-2024-02-26/
ចែករំលែកព័តមាននេះ