ទីក្រុងអូតាវ៉ា៖ អាជ្ញាធរខេត្តមេនីតូបា (Manitoba) ប្រទេសកាណាដា បានចោទប្រកាន់បុរសវ័យ២៩ឆ្នាំម្នាក់ពីបទសង្ស័យសម្លាប់មនុស្សមួយគ្រួសារ សូម្បីតែកូនង៉ែតនៅក្នុងអង្រឹងក៏មិនទុកដែរ។ ជនជាប់ចោទឈ្មោះរ៉ាយអេន ហូវើត (Ryan Howard Manoakeesick) ត្រូវបានចាប់ខ្លួនភ្លាមៗបន្ទាប់គេរកឃើញមនុស្សស្លាប់នៅលើទីតាំងបីកន្លែងផ្សេងៗគ្នាដែលប្រព្រឹត្តឡើងដោយជនដៃដល់តែម្នាក់។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/02/c2c550ff9bb970cfa3dc30fd525f09cb.jpg)
ហេតុការណ៍នេះកើតឡើងនៅទីក្រុងខាមេន (Carman) ខេត្តមេនីតូបា។ មុនដំបូងបង្អស់ គេរកឃើញសាកសពស្ត្រីឈ្មោះអាមេនដា (Amanda Clearwater) ដែលជាសង្សាររបស់គាត់នៅម៉ោង៧:៣០ព្រឹកថ្ងៃអាទិត្យ ស្ថិតក្នុងប្រឡាយជិតផ្លូវហាយវេ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/02/375062900003595e6c348605e9e158ed.jpg)
ពីរម៉ោងកន្លះក្រោយមក នៅចម្ងាយប្រហែល៧០គីឡូម៉ែត្រពីផ្លូវហាយវេនោះ សមត្ថកិច្ចទទួលការហៅទូរស័ព្ទថាមានករណីឆេះរថយន្តមួយគ្រឿង និងរកឃើញសាកសពក្មេងៗបីនាក់។ សមត្ថកិច្ចទទួលរបាយការណ៍ថាមានអ្នកផ្សេងទាញសាកសពទាំងនោះចេញពីក្នុងឡាន។ ប៉ុន្តែនៅពេលស៊ើបបន្ថែមទៀតទើបដឹងថាគឺជនជាប់ចោទនេះតែម្ដងជាអ្នកទាញសាកសព។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/02/a0bfadbd15e18ffec365506258879288.jpg)
សមត្ថកិច្ចក៏បន្តដំណើរចូលទៅក្នុងផ្ទះស្នាក់នៅរបស់ជនជាប់ចោទ និងរកឃើញសាកសពនារីម្នាក់អាយុ១៧ឆ្នាំដែលត្រូវជាក្មួយស្រីរបស់សង្សាជនជាប់ចោទ។ សមត្ថកិច្ចរកឃើញថានៅក្នុងសំណុំរឿងទីមួយមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងដែលគេគិតពីដំបូងដៃថាជាករណីបង្កគ្រោះថ្នាក់បុកគេហើយរត់គេចខ្លួន (hit-and-run) មានដឹងអីថានេះជាអំពើមនុស្សឃាតគិតទុកជាមុនដោយរៀបចំឈុតឆាកជាគ្រោះថ្នាក់ចរាចរណ៍។ នៅកន្លែងកើតហេតុ សមត្ថកិច្ចរកឃើញសពស្ត្រីម្នាក់។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/02/ca92a750cd4ee71ff6c68cab83837c00.jpg)
តាមពិត ជនជាប់ចោទចង់បំភាន់ភ្នែកអ្នកដទៃពីអំពើមនុស្សឃាតទៅជាគ្រោះថ្នាក់ចរាចរណ៍ដូចជានៅផ្លូវហាយវេ, ធ្វើជាហេតុការណ៍ឆេះឡានដូចជាករណីទាញសាកសពក្មេងបីនាក់។ ប៉ុន្តែតាមពិតគាត់បានសម្លាប់ពួកគេតាំងពីមុននោះទៅទៀត។ ឥឡូវនេះ សមត្ថកិច្ចកសាងសំណុំរឿងទៅតុលាការ និងចោទប្រកាន់គាត់ពីបទមនុស្សឃាតគិតទុកជាមុនចំនួន៥ករណី (first-degree murder)។ ជនរងគ្រោះដែលស្លាប់ក្រោមស្នាដៃរបស់គាត់ជាជាមនុស្សរស់នៅជុំគ្នាជាគ្រួសារតែមួយ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/02/d7448a95ae6a6723fddea9e381799b8b.jpg)
នៅក្នុងចំណោមជនរងគ្រោះទាំង៥នាក់៖ ទី១-សង្សាររបស់គាត់អាយុ៣០ឆ្នាំដែលរកឃើញនៅប្រឡាយទឹកជិតផ្លូវហាយវេ, ទី២-កូនស្រីអាយុ៦ឆ្នាំ, ទី៣-កូនប្រុសអាយុ៤ឆ្នាំ, ទី៤-កូនង៉ែតអាយុ២ខែកន្លះ ដែលត្រូវគាត់ទាញសាកសពពួកគេចេញពីក្នុងឡាន និងទី៥-ក្មួយស្រីរបស់សង្សារគាត់អាយុ១៧ឆ្នាំដែលគេរកឃើញសាកសពនៅក្នុងផ្ទះ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/02/ba15356fb28defdc04c9b04b319ce403.jpg)
នៅពេលស៊ើបអង្កេតប្រវត្តិរូបរបស់គាត់ថយក្រោយទើបដឹងថាគាត់មានប្រវត្តិប្រើគ្រឿងញៀន និងមានជំងឺផ្លូវចិត្ត។ មានពេល១នោះកាលពីឆ្នាំ២០១៩ គាត់ស្ថិតនៅក្រោមឥទ្ធិពលនៃថ្នាំញៀនប្រភេទមេតំហ្វេតាមីន។ គាត់យកកែវកាហ្វេគ្រវែងទៅលើផ្ទាំងប៉ាណូរបស់អ្នកដទៃ។ កាលនោះ តុលាការរកឃើញថាជនជាប់ចោទដែលកាលនោះមានវ័យ២៥ឆ្នាំមានបញ្ហាថប់បារម្ភ និងធ្លាក់ទឹកចិត្ត (anxiety & depression)។ គាត់ត្រូវតុលាការបញ្ជាឱ្យទៅពិនិត្យសុខភាពផ្លូវចិត្ត និងស្ដារសម្បទាឡើងវិញ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/02/3d715af2a5a1fdf49b77533e2c7f3d7f.jpg)
ចៅក្រមធ្លាប់និយាយដាស់តឿនតាំងពីពេលនោះថាបើមិនប្រញាប់ស្វែងរកអ្នកជួយដោះស្រាយបញ្ហានេះទេប្រយ័ត្នមានបញ្ហាកាន់តែធំនៅពេលអ្វីៗធ្លាក់ទៅក្នុងស្ថានភាពគ្រប់គ្រងលែងបាន។ ចៅក្រមរូបនេះនិយាយដូចមើលឃើញទៅអនាគតកាលអីចឹង។ គាត់ថា «បើអ្នក (ជនជាប់ចោទ) នៅតែបណ្ដោយបែបហ្នឹងតទៅទៀត (មិនដោះស្រាយបញ្ហាផ្លូវចិត្ត) អ្នកអាចនឹងបាត់បង់មនុស្សមួយគ្រួសារ»៕
ប្រភព៖ Reuters, CBC
https://www.reuters.com/world/americas/manitoba-man-charged-with-murder-his-family-including-baby-2024-02-12/
https://www.cbc.ca/lite/story/1.7112473
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/02/b91c12b5497c000b09c3db0de13bace7.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/02/226b454f546f18f00ab87173b56ab1f1.jpg)
ចែករំលែកព័តមាននេះ