អ្នកលក់អនឡាញម្នាក់ បើកឡានបង្កគ្រោះផ្អើលម្តុំសួនច្បារវត្តបទុមវតី រួចបោះសម្តីប៉ុន្មានម៉ាត់នេះទៀត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ស្ត្រីជាអ្នកលក់អនឡាញម្នាក់ បើករថយន្ដក្នុងស្ថានភាពស្រវឹង មានកម្រិតជាតិ
រាជធានីភ្នំពេញ ៖ ស្ត្រីជាអ្នកលក់អនឡាញម្នាក់ បើករថយន្ដក្នុងស្ថានភាពស្រវឹង មានកម្រិតជាតិ
រាជធានីភ្នំពេញ ៖ ស្ត្រីជាអ្នកលក់អនឡាញម្នាក់ បើករថយន្ដក្នុងស្ថានភាពស្រវឹង មានកម្រិតជាតិអាល់កុល 0.88mg/L បានបុ.ករះម៉ូតូកង់បីមួយគ្រឿង ក្រឡា.ប់ផ្ងារជើង និងម៉ូតូមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ និងរងរបួសស្រាល២នាក់ ចំណែករថយន្តមិនទាន់អស់ល្បឿន ក៏បន្តឡើងខឿនសួនច្បារ បុ.ករះធុងសំរាម និងបង់អង្គុយលេងលើសួនច្បារ ហើយម្ចាស់រថយន្តបោះពាក្យ សម្ដីថា «បុ.កមនុស្សស្លា.ប់ម្នាក់ សងប៉ុន្មាន?» ។
ហេតុការណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចសួនច្បារវត្តបទុមវតី ផ្លូវសុធារស កែងផ្លូវ២៦៦ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
រថយន្តបង្កម៉ាកឡិចស៊ីស Nx 200t ពាក់ស្លាកលេខ ភ្នំពេញ 2BE-9557 បើកបរដោយស្ត្រីម្នាក់ក្នុង ស្ថានភាពស្រវឹងជោកជាំ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស បើកបរដោយបុរសចំណាស់ម្នាក់ ធ្វើដំណើរតាបណ្ដោយផ្លូវសុធារស ក្នុងទិសដៅពីត្បូងទៅជើង និងម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដា PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GF-3515 បើកបរដោយបុរសចំណាស់ម្នាក់ដូចគ្នា ធ្វើដំណើរបញ្ច្រាសទិសគ្នា ជមួយម៉ូតូកង់បី ។
តាមប្រភពដដែលបានបន្តថា ស្របពេលនោះ ក៏មានរថយន្តបង្កខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវ២៦៦ ក្នុងទិសដៅពីលិចទៅកើត ឆ្លងកាត់ទទឹងផ្លូវ មកក្នុងល្បឿនលឿន ក៏បុ.ករះម៉ូតូ និងម៉ូតូកង់បី បណ្ដាលឱ្យក្រឡា.ប់ផ្ងារជើង រងរបួសមនុស្សដេករដូករណែល ហើយរថយន្តមិនទាន់អស់ល្បឿនក៏បន្តឡើងខឿនសួនច្បារ បុ.ករះធុងសំរាម និងបង់ថ្មអង្គុយលេងលើសួន ទើបរថយន្តអស់ល្បឿនទៅមុខលែងរួច ។
តាមប្រភពដដែលបានបន្តថា បន្ទាប់ពីបង្កហេតុរួច ម្ចាស់រថយន្តមិនបានចុះមកមើលជនរងគ្រោះ ទេ លុះពេលចេញពីរថយន្តមកបានបោះពាក្យសម្ដីថា «បុ.កមនុស្សស្លា.ប់ម្នាក់ សងប៉ុន្មាន?» ។ គ្រាន់ តែឮដូច្នេះ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានផ្ទុះកំហឹងយ៉ាងខ្លាំង នឹងពាក្យសម្ដីរបស់ម្ចាស់រថយន្ត បម្រុងនឹងស្វាគមន៍ម្នាក់មួយដៃ មួយជើងទៅហើយ ប៉ុន្ដែដោយនឹកឃើញថាជាមនុស្សស្រី បើសិនជាមនុស្សប្រុសវិញ ប្រហែលសមត្ថកិច្ចនៅក្បែរកន្លែងកើតហេតុ ក៏អន្តរាគមន៍ជួយមិនទាន់ដែរ។
សមត្ថកិច្ចបានបញ្ជាក់ថា ឃាត់ខ្លួនស្ត្រីអ្នកបើកបររថយន្តបង្កខាងលើមានឈ្មោះ តាំង គីមឡា មុខរបរបកប្រែភាសាចិន និងលក់ផលិតផលតាមអនឡាញ មានទីលំនៅផ្ទះលេខ 21BEo ផ្លូវលេខ២៧៦ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ចំពោះមូលហេតុគ្រោះថ្នាក់ចរា ចរណ៍នេះមកពីអ្នកបើកបររថយន្តចេញពីផ្លូវមានស្លាកសញ្ញាឈប់ និងបើកបរមានជាតិអាកុលកម្រិត 0.88mg/L ។
ក្រោយកើតហេតុ ម្ចាស់រថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំទៅប៉ុស្តិ៍នគរបាលចតុមុខ ដើម្បីសាកសួរ និងវាស់ជាតិអាល់កុល រកឃើញមានកម្រិតជាតិអាល់កុល 0.88mg/L ។ ចំណែកជនរងគ្រោះទាំង២នាក់ ត្រូវបានសាច់ញាតិនាំទៅព្យាបាលរបួសនៅមន្ទីរពេទ្យ នៅសល់តែម៉ូតូ និងរថយន្ត ត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រគល់ឱ្យសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ធ្វើការវាស់វែងយកទៅរក្សាទុកបណ្ដោះអាសន្ន រង់ចាំធ្វើការដោះស្រាយតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ