រាជធានីភ្នំពេញ ៖ មកដល់ពេលនេះ ឥរិយាបថរបស់ប្រជាពលរដ្ឋខ្មែរយើងមួយចំនួនធំបានប្រសើរជាងមុនច្រើនហើយលើបញ្ហាសំរាម ។ ប្រជាពលរដ្ឋភាគច្រើនបានទុកដាក់សំរាមត្រឹមត្រូវ ហើយអាជ្ញាធរសមត្ថកិច្ច ក៏បានដាក់ពង្រាយធុងសំរាម និងរៀបចំកម្លាំងបោសសម្អាតប្រមូល ព្រមទាំងដឹកជញ្ជូនសំរាម បានប្រសើរច្រើនជាងមុនផងដែរ ។ ប៉ុន្តែនៅតែមានមនុស្សមួយចំនួនតូចបាននៅតែចោលសំរាមផ្តេសផ្តាស ។
ក៏ប៉ុន្តែនៅមានប្រជាពលរដ្ឋមួយចំនួនតូច ដែលមិនទាន់អនុវត្តឱ្យបានត្រឹមត្រូវនៅឡើយក្នុងការទុកដាក់សំរាម និងកាកសំណល់ចំណីអាហារក្នុងធុង ហើយពិសេសនៅពេលទទួលទានតាមទីសាធារណៈតាមសួនច្បារ នៅមាត់ទន្លេ និងនៅមាត់សមុទ្រ ។ ប្រជាពលរដ្ឋមួយចំនួននេះមិនបានប្រមូលកាកសំណល់ចំណីអាហារ និងសំរាមរបស់ខ្លួនវេចខ្ចប់ដាក់ធុងសំរាមនៅឡើយ ។ ក្នុងនោះ ក៏អាចមកពីមិនមានធុងសំរាមនៅជិតៗពួកគាត់ទើបពួកគាត់ មិនដឹងបោះចោលសំរាម និងកាកសំណល់នោះឯណាមានតែទុកចោលតែម្តង ។ ខ្វះធុងសំរាមក៏អាចជាមូលហេតុមួយផងដែរ ។
កន្លងមក ក្រោយពិធីជួបជុំ ឬបុណ្យទាន ដែលមានមនុស្សច្រើនម្តងៗ នៅកន្លែងជួបជុំនោះតែងតែមាន កាកសំណល់ និងសំរាមនៅពាសវាលពាសកាលជាមិនខាន ។ ជាក់ស្តែង កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ ២០២៤ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានបង្ហោះសារ និងរូបនៅមាត់សមុទ្រដែលពោរពេញដោយសំរាម និងកាកសំណល់ចំណីអាហារនៅលើហ្វេសប៊ុកថា«ឱសំរាម អើយសំរាម! តើឯងបង្កការឈឺក្បាល អោយខ្ញុំដល់ពេលណា? ទីលានតេជោ សុំខ្ញុំប្រើដូចជាងាយស្រួល! តែត្រូវមានការទទួលខុសត្រូវ ប្រើផង សម្អាតផង ដូចជាលំបាកណាស់ ។ ល្ងាចមិញ ខ្ញុំជិះកាត់ស្ទើរតែស្រក់ទឹកភ្នែក!»។
ជាមួយគ្នានោះ នៅមាត់សមុទ្រ ក្នុងខេត្តព្រះសីហនុដដែលក៏មានការភ្ញាក់ផ្អើល និងរិះគន់យ៉ាងខ្លាំង ក្រោយចូលឆ្នាំសកល បាន៣ថ្ងៃ ក៏ស្រាប់តែមានបុរសស្ត្រី២នាក់ មិនស្តាប់តាមការអំពាវនាវរបស់អាជ្ញាធរសមត្ថកិច្ចនោះឡើយ ព្រោះតែទម្លាប់ញ៉ាំកន្លែងណាចោលសំរាម និងកាកសំណល់កន្លែងនោះ ។ ករណីនោះ ត្រូវបានគេថតបង្ហោះពេញហ្វេសប៊ុក ។
ទម្លាប់មិនល្អរបស់ជនរួមជាតិយើងមួយចំនួនលើបញ្ហាសំរាមនេះ ត្រូវបានមហាជនរិះគន់ និងក្លាយជាគំរូមិនល្អ សម្រាប់កូនចៅយើងជំនាន់ក្រោយ ។ តែក្នុងសង្គមយើងកន្លងមក និងបន្តដល់ពេលនេះក៏មានដែរ ពលរដ្ឋល្អ ដែលមិនត្រឹមតែមិនបោះចោលសម្រាមរបស់ខ្លួនពាសវាសពាសកាលទេ តែថែមទាំងចូលរួមបោសសម្អាត និងដើររើសកាកសំណល់សំរាមតាមផ្លូវតាមសួនច្បារ តាមមាត់ទន្លេ និងតាមមាត់សមុទ្រថែមទៀត ។ ទម្លាប់ល្អនេះក៏កាន់តែមានច្រើនឡើងៗ ពិសេសយុវជនដែលមានការសិក្សាយល់ដឹង ហើយស័ក្តិសមជាគំរូសម្រាប់សង្គមយើង។
ក្នុងពេលប្រជាពលរដ្ឋយើងមួយចំនួន ដែលមានទម្លាប់មិនល្អលើបញ្ហាសំរាមនេះ អាជ្ញាធរសមត្ថកិច្ច ក៏ត្រូវតែបន្ត អំពាវនាវផងណែនាំផង អប់រំផង និងផាកពិន័យផង ។ ក្នុងនោះ អាជ្ញាធរសមត្ថកិច្ចក៏ត្រូវតែចាត់កម្លាំងសហការ ជាមួយក្រុមហ៊ុនឯកជន ដែលផ្តល់សេវាខាងសំរាមបោសសម្អាតប្រមូល និងដឹកជញ្ជូនសំរាមតាមទីសាធារណៈ និងតាមផ្ទះប្រជាពលរដ្ឋឱ្យបានទៀងទាត់ និងជាប្រចាំរៀងរាល់ថ្ងៃ ។
សំខាន់ជាងគេ គឺអាជ្ញាធរសមត្ថកិច្ច ក៏ត្រូវតែបន្តសហការជាមួយក្រុមហ៊ុនឯកជនទទួលបន្ទុកខាងសំរាម ត្រូវដាក់ពង្រាយធុងសំរាមឱ្យបានកាន់តែច្រើនថែមទៀតតាមទីសាធារណៈ ពិសេសដូចនៅមាត់សមុទ្រ នៅឆ្នេរ អូរឈើទាល គឺ១០ម៉ែត្រ ទៅ២០ម៉ែត្រ មានធុងសំរាមមួយ ។ តែពេលខ្លះនៅមាត់សមុទ្រនោះ ក៏មានសំរាមពេញហៀរហូរ ក្នុងពេលប្រជាពលរដ្ឋយើងទៅលេងច្រើន នៅថ្ងៃសៅរ៍-អាទិត្យ និងនៅថ្ងៃបុណ្យទាន ជាដើម ។
នៅភ្នំពេញ ក៏ល្អច្រើនដែរសព្វថ្ងៃលើបញ្ហាសំរាម ។ តាមផ្លូវធំៗមួយចំនួន ពិសេសពីផ្សារដេប៉ូ ទៅអាងទឹកអូរឡាំពិក គឺធុងសំរាមត្រូវបានដាក់ពង្រាយ១០ម៉ែត្រ ទៅ២០ម៉ែត្រធុងសំរាមមួយ ហើយតាមផ្លូវក៏ស្អាតល្អ ។ នៅសួនច្បារមាត់ទន្លេនៅភ្នំពេញក៏ដូចគ្នា មានធុងសំរាមច្រើនត្រូវបានដាក់ពង្រាយតាមសួនច្បារ និងតាមផ្លូវ ។ អ្នកបោសសម្អាតផ្លូវ និងតាមសួនច្បារក៏ត្រូវបានចាត់ចែងបានល្អ ហើយការដឹកជញ្ជូនសំរាម ក៏ធ្វើឡើងទៀងទាត់មិនបង្កការកកស្ទះសំរាមឡើយឥឡូវនេះ ។
មួយវិញទៀត ប្រទេសយើង មានច្បាប់រួចហើយ ក្នុងការផាកពិន័យលើអ្នកបោះចោលសំរាមពាសវាលពាសកាល ។ តែការអនុវត្តមិនទាន់បាននៅឡើយ ។ មាត្រា៤២ នៃអនុក្រឹត្យលេខ១១៣ ស្តីពីការគ្រប់គ្រងសំរាម និងសំណល់រឹងទីប្រជុំជនបានចែងថា«បុគ្គលណាដែលបានចោលសំរាមសំណល់រឹង នៅតាមដងផ្លូវទីសាធារណៈ ទីវាលដីកម្មសិទ្ធិ ត្រូវទទួលការផាកពិន័យអន្តរការណ៍ ចាប់ពី២ម៉ឺនរៀល រហូតដល់៤០ម៉ឺនរៀល ។ ក្នុងករណីមិនរាងចាល ត្រូវទទួលការផាកពិន័យអន្តរការណ៍ជាប្រាក់ទ្វេដង»។
ដូច្នេះបញ្ហាសំរាម ក្រៅពីវិធានការរបស់អាជ្ញាធរសមត្ថកិច្ច ប្រជាពលរដ្ឋយើងម្នាក់ក៏ត្រូវបន្តភ្ញាក់រលឹកចូលរួម ។ នោះ គឺមិនចាំបាច់ដល់ចំណាយពេលដើររើសសំរាម ឬបោសសម្អាតតាមផ្លូវ និងតាមទីសាធារណៈទេ គឺត្រឹមតែមិនបោះចោលសំរាមកាកសំណល់ចំណីរបស់ខ្លួនពាសវាលពាសកាលក៏ចាត់ទុកថា អ្នកបានចូលរួមទុកដាក់សំរាមត្រឹមត្រូវ និងសម្អាតបរិស្ថានក្នុងសង្គមយើងហើយ ។ បើមិនចង់អោយគេហៅថា មនុស្សសំរាមទេ ចូរនាំគ្នាចេះចោលសំរាមនៅតាមធុងសំរាមអោយបានត្រឹមត្រូវ៕
ចែករំលែកព័តមាននេះ