អាវទាំង ៦ Messi ពាក់នៅកាតា មិនអាចបំបែកកំណត់ត្រាតម្លៃអាវរបស់លោក Maradona
អាហ្សង់ទីន ៖ អាវចំនួន ៦ របស់កំពូលខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ដែលពាក់អំឡុងការ
អាហ្សង់ទីន ៖ អាវចំនួន ៦ របស់កំពូលខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ដែលពាក់អំឡុងការ
អាហ្សង់ទីន ៖ អាវចំនួន ៦ របស់កំពូលខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ដែលពាក់អំឡុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ (FIFA World Cup 2022) នៅកាតា លក់ដាច់ក្នុងតម្លៃសរុប ៧.៨លានដុល្លារអាមេរិក នៅឯការដេញថ្លៃរបស់ Sotheby’s ដែលជាសាជីវកម្មពហុជាតិបង្កើតដោយចក្រភពអង់គ្លេស ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
ប្រធានក្រុម Lionel Messi រួមចំណែកយ៉ាងសំខាន់ជួយអាហ្សង់ទីនឈ្នះជើងឯក World Cup 2022 នៅប្រទេសកាតា នៅពេលដែលអាហ្សង់ទីនបានយកឈ្នះលើបារាំង ដោយបាល់ប៉េណាល់ទីកាត់សេចក្តី នៅវគ្គផ្តាច់ព្រ័ត្រ។
អាវទាំង ៦ ត្រូវបាន Messi ពាក់រួមមាន ១ នៅការប្រកួតតង់ទី១ វគ្គផ្តាច់ព្រ័ត្រ ១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ១ នៅវគ្គ៨ក្រុមចុងក្រោយ ១ នៅវគ្គ១៦ក្រុមចុងក្រោយ និង ២ នៅវគ្គចែកពូល។ ទោះយ៉ាងណាក៏ដោយ អាវទាំង ៦ របស់ Messi នៅតែមិនអាចបំបែកកំណត់ត្រាអាវអាហ្សង់ទីន «Hand of God» ឬ «ដៃរបស់ព្រះ» របស់ស្តេចបាល់ទាត់អាហ្សង់ទីនលោក Diego Maradona ដែលលក់ក្នុងតម្លៃ ៩លានដុល្លារ កាលពីឆ្នាំ ២០២២ ដែលអាវតែមួយនេះ ត្រូវបានលោក Maradona ពាក់អំឡុងការប្រកួតរបស់អាហ្សង់ទីនយកឈ្នះលើអង់គ្លេសលទ្ធផល ២-១ វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ World Cup ឆ្នាំ ១៩៨៦ នៅម៉ិកស៊ិក ដែលគ្រានោះលោកបានប្រើដៃទះបាល់បញ្ចូលទី។
យ៉ាងណាមិញ អាវរបស់ស្តេចបាល់ទាត់អាហ្សង់ទីន Maradona ឈរនៅលេខ២ សម្រាប់អាវកីឡាដែលដាក់ដេញបានតម្លៃខ្ពស់ ខណៈដែលកំណត់ត្រាពិភពលោកគឺអាវ NBA របស់កំពូលកីឡាករបាល់បោះសហរដ្ឋអាមេរិក លោក Michael Jordan ដែលពាក់នៅវគ្គផ្តាច់ព្រ័ត្រឆ្នាំ ១៩៩៨ ដែលបានលក់ក្នុងតម្លៃកំណត់ត្រា ១០.១លានដុល្លារ កាលពីឆ្នាំមុន។
ភ្នាក់ងារដេញថ្លៃ Sotheby’s បានបញ្ជាក់ថា ចំណែកនៃប្រាក់ចំណូលពីការដេញថ្លៃអាវរបស់ Messi នឹងត្រូវបរិច្ចាគទៅគម្រោង Unicas ដែលដឹកនាំដោយមន្ទីរពេទ្យកុមារ Sant Joan de Deu Barcelona ប្រទេសអេស្ប៉ាញ ដោយមានការគាំទ្រពីមូលនិធិ Leo Messi ដើម្បីបំពេញតម្រូវការរបស់កុមារដែលទទួលរងជំងឺកម្រ។
គួរបញ្ជាក់ថា Lionel Messi វ័យ៣៦ឆ្នាំ ដែលជាម្ចាស់ពានរង្វាន់ Ballon d’Or ៨សម័យកាល បានក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រ FIFA World Cup ដែលស៊ុតបញ្ចូលទីគ្រប់វគ្គតាំងពីវគ្គចែកពូល វគ្គ១៦ក្រុម វគ្គ៨ក្រុម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ នៅក្នុងព្រឹត្តិការណ៍តែមួយ៕ (ប្រភព ៖ BBC និង Forbes)
ចែករំលែកព័តមាននេះ