ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករអ៊ុយក្រែនម្ចាស់ជើងឯកទ្វីបអឺរ៉ុប២​សម័យ​កាល ព.លីជីវិតនៅសមភូមិជួរមុខ

3 អាទិត្យ មុន

ប្រទេសអ៊ុយក្រែន ៖ កីឡាករ Oleksandr Pielieshenko អត្តពលិកកីឡាលើកទម្ងន់ ដែលតំណាង

ប្រទេសអ៊ុយក្រែន ៖ កីឡាករ Oleksandr Pielieshenko អត្តពលិកកីឡាលើកទម្ងន់ ដែលតំណាងប្រទេសអ៊ុយក្រែន នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុង រីអូ ដឺ ជេនីរ៉ូ (Rio de Janeiro) ប្រទេសប្រេស៊ីលឆ្នាំ ២០១៦ បានពលីជីវិតនៅក្នុងសមភូមិជួរមុខ ប្រយុទ្ធតតាំងជាមួយនឹងទាហានរុស្ស៊ី។

ប្រភពពី BBC នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា បើតាមគណៈកម្មាធិការជាតិអូឡាំពិកអ៊ុយក្រែនបានឱ្យដឹងថា កីឡាករ Pielieshenko ម្ចាស់ជើងឯកអឺរ៉ុប២សម័យកាល អាយុ៣០ឆ្នាំ បានចូលរួមជាមួយកងកម្លាំងប្រដាប់អាវុធភ្លាមៗ បន្ទាប់ពីការលុកលុយរបស់ប្រទេសរុស្ស៊ីមកលើអ៊ុយក្រែនក្នុងឆ្នាំ ២០២២។

លោក Viktor Slobodianiuk គ្រូបង្វឹកកីឡាលើកទម្ងន់ ហើយក៏ជាសមាជិកក្រុមប្រឹក្សាភិបាលសហព័ន្ធលើកទម្ងន់អ៊ុយក្រែន UWF បានប្រកាសអំពីដំណឹងដ៏ក្រៀមក្រំចំពោះការបាត់បង់កីឡាករ Pielieshenko ដែលបានពលីជីវិតនៅសមភូមិជួរមុខ។

គួរបញ្ជាក់ថា កីឡាករ Oleksandr Pielieshenko បានជាប់ចំណាត់ថ្នាក់លេខ ៤ នៅព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០១៦ នៅក្នុងប្រភេទទម្ងន់ ៨៥គីឡូក្រាម និងបានឈ្នះមេដាយមាសនៅព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុប ឬ European Championships នៅក្នុងឆ្នាំ ២០១៦ និង ២០១៧។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ កីឡាករកម្ពស់១,៧០សង់ទីម៉ែត្ររូបនេះ មិនបានចូលរួមប្រកួតកម្មវិធីណាៗទាំងអស់ចាប់តាំងពីឆ្នាំ ២០១៨ មកម្ល៉េះ ដោយសារតែជាប់បម្រាម ក្រោយធ្វើតែស្តរកឃើញមានសារធាតុហាមឃាត់។

ប្រភពពីសារព័ត៌មាន The Guardian របស់ចក្រភពអង់គ្លេស បានឱ្យដឹងថា កីឡាករ Vladyslav Heraskevych ដែលជាអត្តពលិកអូឡាំពិកកីឡាលើកទម្ងន់ម្នាក់ទៀតរបស់អ៊ុយក្រែនបាននិយាយថា ជនជាតិអ៊ុយក្រែនប្រហែល៤៥០នាក់ ដែលជាប់ពាក់ព័ន្ធនឹងកីឡាអាជីព បានស្លាប់បាត់បង់ជីវិតក្នុងសង្គ្រាមលុកលុយរបស់រុស្ស៊ី។

កីឡាករវ័យ២៥ឆ្នាំរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «អត្តពលិកទាំងនេះគួរតែអភិវឌ្ឍកីឡាក្នុងប្រទេសរបស់យើង ហើយរស់នៅក្នុងជីវិតរបស់ពួកគេ ប៉ុន្តែឥឡូវពួកគេត្រូវបានសម្លាប់។ នៅក្នុងពេលជាមួយគ្នានោះ អត្តពលិករុស្ស៊ីដែលគាំទ្រសង្គ្រាម ឥឡូវនេះកំពុងតែប្រកួតប្រជែងក្នុងកីឡាអន្តរជាតិ។ ខ្ញុំមិនអាចយល់ពីរបៀបដែលសកម្មភាពនេះអាចកើតឡើងទៅរួចនោះទេ។ នេះគឺជារឿងដ៏ឆ្កួតមួយ»។

ការស្លាប់កីឡាករ Pielieshenko នឹងបង្កើតជាសំណួរបន្ថែមទៀតលើការសម្រេចចិត្តរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC នៅក្នុងការអនុញ្ញាតឱ្យអត្តពលិករុស្ស៊ីមួយចំនួនប្រកួតប្រជែងក្នុងនាមអព្យាក្រិត នៅព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ បើទោះបីជាមានការប្រឆាំងពីសំណាក់ប្រទេសអ៊ុយក្រែនយ៉ាងក៏ដោយ។

អត្តពលិករុស្សីដែលទៅប្រកួតអូឡាំពិលទីក្រុងប៉ារីស នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងពិធី​បើក ការប្រើប្រាស់ទង់ជាតិ ឬភ្លេងជាតិរបស់ប្រទេសរបស់ពួកគេនោះទេ ហើយសកម្មភាពកីឡាជាក្រុមដូចជា បាល់ទាត់ និងបាល់បោះ ក៏ត្រូវបានហាមឃាត់ផងដែរ។ ការរឹតបណ្ដឹងដូចគ្នានេះ ក៏ត្រូវអនុវត្តលើបណ្ដាអត្តពលិកប្រទេសបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និតរបស់រុស្ស៊ីផងដែរ៕ (ប្រភព ៖ BBC និង The Guardian រូបភាព ៖ Obozrevatel)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ