រាជធានីភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបដិសេធដាច់អហង្ការចំពោះការចុះផ្សាយរបស់ សារព័ត៌មានអនមួយដែលបានចោទប្រកាន់ថា បក្សប្រជាជនកម្ពុជាតម្រូវឱ្យសមាជិកគណៈកម្មាធិការកណ្តាល បង់លុយម្នាក់ៗរាប់ម៉ឺនដុល្លារ។
ការបដិសេធនេះធ្វើឡើង បន្ទាប់ពី សារព័ត៌មានអនឡាញ The Cambodia Daily បានចុះផ្សាយអត្ថបទមួយក្រោម ចំណងជើងថា «មន្ត្រីទម្លាយថា បក្សប្រជាជនកម្ពុជាតម្រូវឱ្យសមាជិកគណៈកម្មាធិការកណ្តាល បង់លុយម្នាក់ៗរាប់ម៉ឺនដុល្លារ» ដោយចុះផ្សាយថា «មានមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងមហាផ្ទៃជាច្រើនរូប មិនសប្បាយចិត្ត…» ។
យោងតាមសេចក្តីប្រកាសបដិសេធ របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២៣ នេះបានបញ្ជាក់ថា អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានកិត្តិយសសូមជម្រាបជូនសាធារណមតិជាតិ-អន្តរជាតិជ្រាបថា ថ្មីៗនេះ សារព័ត៌មានអនឡាញ The Cambodia Daily បានចុះផ្សាយអត្ថបទមួយក្រោមចំណងជើងថា «មន្ត្រីទម្លាយថា បក្សប្រជាជនកម្ពុជាតម្រូវឱ្យសមាជិកគណៈកម្មាធិការកណ្តាលបង់លុយម្នាក់ៗរាប់ម៉ឺនដុល្លារ» ដោយចុះផ្សាយថា «មានមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងមហាផ្ទៃជាច្រើនរូបមិនសប្បាយចិត្ត…» ។
យោងតាមលិខិតបដិសេធខាងលើឱ្យដឹងបន្តថា «អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមធ្វើការបដិសេធដាច់អហង្ការចំពោះការចុះផ្សាយរបស់សារព័ត៌មានអនឡាញនិរទេសខុសច្បាប់នេះ និងសូមបញ្ជាក់ជូនថា ព័ត៌មានដែលមានចរិតញុះញង់បង្កប់ដោយកលល្បិចនេះ គ្មានអ្វីក្រៅពីចេតនាដ៏កខ្វក់ក្នុងការបំផុសបំផុល និងព្យាយាមបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុង ដោយប៉ុនប៉ងបង្កើតឱ្យមានការសង្ស័យ និងការថ្នាំងថ្នាក់មកលើថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ជាពិសេសក្នុងចេតនាធ្វើឱ្យចុះខ្សោយឥទ្ធិពលរបស់ថ្នាក់ដឹកនាំ ដែលជាកម្លាំងថ្មីបន្តវេនប្រកបដោយសក្តានុពលនៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ថា «ព័ត៌មានអុចអាលដ៏អសីលធម៌នេះ មិនមែនទើបកើតមាននាពេលនេះទេ ប៉ុន្តែផ្ទុយទៅវិញការផ្សព្វផ្សាយបែបនេះ ធ្លាប់ត្រូវបានក្រុមជ្រុលនិយមមួយចំនួនប្រឌិតឡើង ដើម្បីបង្កអរិភាពក្នុងជួរមន្ត្រីរាជការ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ជាហូរហែមកហើយ តាំងពីដើមទស្សវត្សឆ្នាំ៨០»។
លិខិតក្រសួងមហាផ្ទៃដដែលបន្ថែមថា ឆ្លងតាមប្រវត្តិសាស្ត្រជាក់ស្តែង និងច្រំដែលៗជាច្រើនទស្សវត្សកន្លងមក ឃើញថា ចេតនាញុះញង់បំបែកបំបាក់ដ៏គួរឱ្យស្អប់ខ្ពើមនេះ ពីសំណាក់ក្រុមជ្រុលនិយមមួយចំនួន មកលើមន្ត្រីរាជការនិងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ពុំដែលទទួលផលតាមមហិច្ឆតារំពឹងទុករបស់ពួកគេម្តងណាឡើយ ។ ផ្ទុយទៅវិញ គំនិតបំបែកបំបាក់ដ៏អគតិក្នុងចេតនាទុច្ចរិតនេះ បានផ្តល់ឱ្យក្រុមរបស់ខ្លួនឯងវិញ នូវការរលំរលាយ បែកបាក់ និងខ្ចាត់ខ្ចាយ រហូតមកដល់បច្ចុប្បន្ន»។
បើតាមលោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានថ្លែងប្រាប់សារព័ត៌មានកោះសន្តិភាព នារសៀលថ្ងៃ ពុធ ទី ០៦ ខែធ្នូ ថា «ក្នុងនាមក្រសួងមហាផ្ទៃ ចាត់ទុកការសរសេរអត្ថបទព័ត៌មាននោះ គឺជាការបង្កើតរឿងមួយ ដើម្បីបម្រើរបៀបវារៈនយោបាយ ដែលធ្វើឱ្យមានបញ្ហារកាំរកូស ឬក៏អាក់អន់ស្រពន់ចិត្តផ្ទៃក្នុងនៃជួរមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ»។ លោកបណ្ឌិតបន្តថា ការផ្សាយនោះ មានចេតនាទុច្ចរិតធ្វើឱ្យមានមន្ទិលសង្ស័យក្នុងជួរគណបក្សជារួម»។
«សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ទោះមានប៉ុណ្ណាក៏ដោយ តូចក៏ដោយ ធំក៏ដោយ ភាគច្រើនបំផុត គឺលោកតែងតែបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ទ្រព្យធន លុយកាក់ កម្លាំងកាយ កម្លាំងចិត្ត ពេលវេលា ដើម្បីចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជា ឱ្យរឹងមាំទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីចំណោមមហាជន ចូលរួមធ្វើឱ្យមូលដ្ឋាន ឬសង្គមរីកចម្រើនជាបន្តបន្ទាប់គ្រប់វិស័យ»។ នេះជាអះអាងរបស់លោកបណ្ឌិត ទូច សុខៈ ដោយបន្ថែមថា «ទោះការរីកចម្រើនមានជាជំហានយ៉ាងណាក៏ដោយ នោះហើយគឺជាគុណសម្បត្តិរបស់មន្ត្រីគ្រប់កម្រិត ទាំងធំទាំងតូច ដែលលោកបានលៈបង់ ហើយចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជា ចូលរួមតាមរយៈក្រសួង ចូលរួមតាមរយៈរាជារដ្ឋាភិបាល និងស្ថាប័នសាធារៈដទៃទៀត រួមទាំង សប្បុរជននានាជាច្រើនកុះករ ទាំងរូបវ័ន្តបុគ្គ និងនីតិបុគ្គល ជាដើម»៕
ចែករំលែកព័តមាននេះ