ខេត្តកំពង់ឆ្នាំង ៖ បុរសចំណាស់ម្នាក់បានស្លាប់ ខណៈដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ និងបុរសជាកូនប្រសាបានរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលកើតឡើង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៦ មិថុនា នៅចំណុចផ្លូវក្រួសក្រហមបែកជា៣ ស្ថិតក្នុងភូមិសាលាឃុំ ឃុំពពេល ស្រុកបរិបូរណ៍ ។
សាក្សីនិយាយថា បុរសរងគ្រោះជាឪពុកក្មេកឈ្មោះយិន ហន អាយុ៧៣ឆ្នាំ ចំណែកកូនប្រសាឈ្មោះប៉េង ជា អាយុ៣៩ឆ្នាំ ពួកគេមានលំនៅភូមិក្រាំងខ្មែរ ឃុំសាលាឃុំ ។ ប្រភពដដែលបានបន្តថា មុនពេលកើតហេតុបុរសជាឪពុកក្មេក និងកូនប្រសាបានជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហមគ្មានស្លាកលេខពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុជាផ្លូវបំបែកជា៣ ស្រាប់តែមានគោយន្តកន្ត្រៃមួយគ្រឿង បើកយ៉ាងលឿនក្នុងទិសដៅបញ្ច្រាសគ្នា ជ្រុលបុកជាមួយម៉ូតូយ៉ាងពេញទំហឹង បណ្តាលឱ្យបុរសទាំងពីរនាក់រងរបួសជាទម្ងន់ ត្រូវដឹកទៅមណ្ឌលសុខភាពស្រុកបរិបូរណ៍ ប៉ុន្តែដោយសារបុរសជាឪពុកក្មេករបួសធ្ងន់ធ្ងរពេក ក៏ដឹកបន្តទៅមន្ទីរពេទ្យខេត្ត ប៉ុន្តែបានស្លាប់នៅតាមផ្លូវ ចំណែកកូនប្រសារងរបួសក្បាលដេរ៩ថ្នេរ។
អ្នកបើកបរគោយន្តកន្ត្រៃឈ្មោះហៀង ស៊ុនហេង អាយុ១៧ឆ្នាំ មានលំនៅភូមិស្ទឹងថ្មី ឃុំអញ្ចាញរូង ស្រុកបរិបូរណ៍ ត្រូវសមត្ថកិច្ចនាំទៅកាន់អធិការដ្ឋាន រួមជាមួយគោយន្តកន្ត្រៃ និងម៉ូតូ ដើម្បីដោះស្រាយតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ