រាជធានីភ្នំពេញ ៖ អង្គការមូលនិធិ ថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជា នឹងរៀបចំទិវា ពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០២៣ នៅសួន អ៊ឺរ៉ូ ផាក បុរី ប៉េងហួត បឹងស្នោរ រាជធានីភ្នំពេញ ដើម្បីរំលឹកទៅកាន់ពិភពលោក ពីការប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍ និងដើម្បីរំលឹក និងផ្តល់កិត្តិយសដល់អ្នក ដែលបានបាត់បង់ជីវិត ដោយសារជំងឺអេដស៍ អ្នកគាំទ្រ អ្នកដែលបន្តការប្រយុទ្ធ និងប្រជាជន ដែលបានរួបរួមគ្នាទូទាំងពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍/ជំងឺអេដស៍ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ ។
គួរបញ្ជាក់ដែរថា ខណៈពេលដែលពិភពលោកមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានទសវត្សកន្លងមកនេះ ការឆ្លើយតបនឹងមេរោគអេដស៍/ជំងឺអេដស៍ជាសកល កំពុងប្រឈមមុខ នឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ រួមទាំងការផ្តល់មូលនិធិ មិនគ្រប់គ្រាន់ អត្រាខ្ពស់គ្រោះថ្នាក់ នៃការចម្លងមេរោគអេដស៍ថ្មី ចំនួន ១.៣លាននាក់ជារៀងរាល់ឆ្នាំ ការស្លា.ប់ជារៀងរាល់ឆ្នាំ ហើយការឆ្លើយតបមិនត្រូវបានផ្តល់អាទិភាពខ្ពស់គ្រប់គ្រាន់នោះទេ ជាពិសេសនៅក្នុងប្រទេសដែលមានចំណូលទាប ។
ទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី១ ខែធ្នូ បានផ្តល់ឱកាសឱ្យអ្នកតស៊ូមតិមេរោគអេដស៍/ជំងឺអេដស៍ នូវឱកាសមួយ ដើម្បីនាំយកការយល់ដឹង និងមានការឆ្លើយតបជាសកល ក្នុងការប្រយុទ្ធ ទៅនឹងការមាក់ងាយ និងការរើសអើង ដែលអ្នករស់នៅជាមួយមេរោគអេដស៍ មានឧបសគ្គ រារាំងក្នុងការស្វែងរកសេវាធ្វើតេស្តឈាម និងព្យាបាល។ ជំរុញឱ្យរដ្ឋាភិបាលទូទាំងពិភពលោកធានាឱ្យបានមានធនធាន និងឆន្ទៈនយោបាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍/ជំងឺអេដស៍ ។
សូមបញ្ជាក់ដែរថា អង្គការមូលនិធិ ថែទាំសុខភាពអ្នកជំងឺអេដស៍ AHF ដែលជាអង្គការជំងឺអេដស៍ពិភពលោក ដ៏ធំបំផុត បច្ចុប្បន្នកំពុងផ្តល់សេវាថែទាំវេជ្ជសាស្ត្រ និង/ឬ សេវាកម្មដល់អតិថិជនជាង ១.៩លាននាក់ ក្នុង៤៥ប្រទេស ជុំវិញពិភពលោក នៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន/ការាបៀន តំបន់អាស៊ី/ប៉ាស៊ីហ្វិក និងអឺរ៉ុប ។
នៅក្នុងឱកាសបុណ្យអុំទូកនេះដែរ អង្គការ AHF ក៏បានចូលរួមជាមួយអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ ចុះចែកស្រោមអនាម័យប្រមាណ ៦ម៉ឺនស្រោម និងមានក្រុមការងារធ្វើតេស្តឈាមរកមេរោគអេដស៍ ដោយឥតគិតថ្លៃ និងមានក្រុមការងារចល័ត ចុះផ្សព្វផ្សាយពីជំងឺអេដស៍ ដល់ប្រជាពលរដ្ឋ និងកីឡាករអុំទូកផងដែរ ៕
ចែករំលែកព័តមាននេះ