រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ផ្លូវជាតិលេខ៥ គឺជាសរសៃឈាមមួយ ដ៏សំខាន់ណាស់សម្រាប់ចិញ្ចឹមជីវភាព សេដ្ឋកិច្ចប្រជាពលរដ្ឋ និងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសព្រោះថា ផ្លូវនេះតភ្ជាប់ទៅកាន់ខេត្តមួយចំនួន ។
នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធដាក់បើកឲ្យប្រើប្រាស់ជាផ្លូវការ “កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្តាម ទៅដល់ខេត្តបាត់ដំបង ប្រវែងសរុប ២៤៦,១៥គីឡូម៉ែត្រ និងបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីក្រុងសិរីសោភ័ណ្ឌ ទៅដល់ក្រុងប៉ោយប៉ែត ប្រវែងសរុប ៣៥,១៤គីឡូម៉ែត្រ” សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ៖ «ទោះបីជាមានឡានល្អយ៉ាងណាក៏ដោយ បើគ្មានផ្លូវល្អ ឬអំណោយផល ទៅមិនរួចទេ ទោះបីយកឡាន ប្រណាំ F1 យកមកបើក ដឹងតែខ្ទេចឡានតែម្តង ទៅមុនរួចទេ ដូច្នេះកត្តាផ្លូវនេះ សំខាន់ណាស់» ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ៖ «ផ្លូវជាតិលេខ៥ គឺជាផ្លូវសរសែឈាមសំខាន់មួយ ដែលថ្ពក់បណ្តាផ្លូវផ្សេងៗទៅភ្ជាប់ទីប្រជាជុំជន នៅក្នុងខេត្តកណ្តាល ខេត្តពោធិសាតិ៍ ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ស្ពឺ ។ អ៊ីចឹង ភ្ជាប់ផ្លូវច្រើន ដែលជាមេសរសៃឈាមមួយ មិនត្រឹមតែភ្ជាប់នៅកាន់តំបន់ និងភូមិសាស្ត្រទេ ប៉ុន្តែវាជាសរសៃឈាម ដែលចិញ្ចឹមដល់ជីវភាពសេដ្ឋកិច្ចប្រជាពលរដ្ឋ នៅជាប់ផ្លូវនោះ» ។
សម្តេចធិបតី ក៏បានឲ្យដឹងថា នៅថ្ងៃទី២២ ខែវិច្ឆិកានេះ គឺជាខួប៣ខែ នៃការបង្កើតរាជរដ្ឋាភិបាល អាណត្តិទី៧ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ កន្លងមក រដ្ឋសភាបានអនុម័ត សមាសភាពរាជរដ្ឋាភិបាលជាផ្លូវការ។ អ៊ីចឹងការសម្ភោធផ្លូវ នៅថ្ងៃនេះ គឺជាថ្ងៃពិសេស ហើយជានិមិត្តរូប នៃការបន្តការអភិវឌ្ឍ ដែលមានស្រាប់។ ជានិមិត្តរូប នៃការបន្តពង្រឹង ប្រទេសជាតិ ក្នុងស្ថានភាពសេដ្ឋកិច្ចរីកចម្រើន ដែលបានកសាងពីពេលមុនៗមក និងការបើកពង្រីកអភិវឌ្ឍន៍បន្ថែមទៀត ។
ជាមួយគ្នានោះដែរ សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ការដាក់សម្ភោធផ្លូវជាតិលេខ៥នេះ ដែលក៏ជានិមិត្តរូប នៃការធ្វើទំនាក់ទំនងជាមួយបណ្តាប្រទេសជាមិត្តរបស់យើងផងដែរ ៕
ចែករំលែកព័តមាននេះ