ពុទ្ធបរិស័ទចំណុះជើងវត្តជ្រោយដង្គំ ហៅ វត្តព្រែករាំង ជាង ៣០០គ្រួសារ លើកគ្នា ប្ដឹងទាមទារដកចៅអធិការវត្ត
- ព្រៃវែង
ព្រៃវែង៖ ព្រះតេជគុណ មើល សុផល ព្រះគ្រូចៅអធិការវត្តជ្រោយដង្គុំ ហៅ វត្តព្រែករាំង ត្រូវបានពុទ្ធបរិស័ទ ចំណុះជើងវត្តជាង ៣០០គ្រួសារ…
ព្រៃវែង៖ ព្រះតេជគុណ មើល សុផល ព្រះគ្រូចៅអធិការវត្តជ្រោយដង្គុំ ហៅ វត្តព្រែករាំង ត្រូវបានពុទ្ធបរិស័ទ ចំណុះជើងវត្តជាង ៣០០គ្រួសារ…
ព្រៃវែង៖ ព្រះតេជគុណ មើល សុផល ព្រះគ្រូចៅអធិការវត្តជ្រោយដង្គុំ ហៅ វត្តព្រែករាំង ត្រូវបានពុទ្ធបរិស័ទ ចំណុះជើងវត្តជាង ៣០០គ្រួសារ នាំគ្នាដាក់ពាក្យប្ដឹង ទាមទារឲ្យដកលោកចេញពីវត្ត ដោយចោទប្រកាន់ថា ព្រះតេជគុណ កាន់តំណែងជាចៅព្រះអធិការវត្ត ១២ឆ្នាំមកហើយ តែគ្មានបានជួយកសាងសមិទ្ធផល នៅក្នុងវត្តទាល់តែសោះ។
ពុទ្ធបរិស័ទ ដែលលើកគ្នាមកប្ដឹងទាមទារដកព្រះគ្រូចៅអធិការវត្តនោះ បានអះអាងថា រយៈពេល ១២ឆ្នាំមកនេះ ព្រះតេជគុណ មើល សុផល ក្រៅពីមិនបានជួយកសាងឲ្យវត្តរីកចម្រើនហើយនោះ បែរជាបំផ្លាញសមិទ្ធផល ដែលមានស្រាប់នៅក្នុងវត្តជាបន្តបន្ទាប់ ដូចជា កាប់បំផ្លាញដើមពោធិ៍ និងដើមឈើធំៗ ក្នុងវត្ត ឈូសបំផ្លាញរបងវត្ត និងសមិទ្ធផលផ្សេងៗ ជាច្រើនទៀត ដែលមានស្រាប់ក្នុងវត្ត។ ក្រៅពីនោះ ថែមទាំងបានជំពាក់លុយគេខាងក្រៅ ជាច្រើននាក់ ម្នាក់ៗ រាប់លានរៀល សរុបទៅជាង ៣ម៉ឺនដុល្លារ ដោយមិនដឹងថា ជំពាក់រឿងអ្វីនោះទេ ឃើញតែគេមកទារលុយពីលោក រាល់ថ្ងៃ។
ដោយឡែក លោកតាអាចារ្យគណៈកម្មការវត្ត បានលើកឡើងថា ព្រះគ្រូទៅអធិការវត្តរូបនេះ ចាប់តាំងពីចូលកាន់តំណែងមក ធ្វើអ្វីស្រេចតែចិត្តមិន ដែលពិភាក្សាជាមួយគណៈកម្មការអាចារ្យវត្តទេ សមិទ្ធផល ដែលមានស្រាប់ក្នុងវត្ត លោកឈូសបំផ្លាញស្ទើរគ្មានសល់។ ឯការកសាងវត្តវិញ ធ្វើអ្វីមិនដែលបានរួចរាល់ ធ្វើអ្វីបានតែពាក់កណ្ដាលទី ក៏ទុកចោល រួចបែកទៅធ្វើអ្វីផ្សេងទៀត សរុបចុងក្រោយ សមិទ្ធផលអ្វី ក៏មិនកើត សម្ភារៈប្រើប្រាស់ផ្សេងៗ ដែលពុទ្ធបរិស័ទប្រគេន ដាក់ក្នុងវត្តជាច្រើន បែរជាបាត់អស់ មិនដឹងលោកយកទៅណា លុយកាក់ ដែលរៃអង្គាសបានពីប្រជាពលរដ្ឋ លោកយកទៅគ្រប់គ្រងតែម្នាក់ឯង មិនឲ្យគណៈកម្មការវត្តដឹង ហើយស្ងាត់ៗ ស្រាប់តែជំពាក់លុយគេរាប់សិបលាន ទើបធ្វើឲ្យពុទ្ធបរិស័ទ និងគណៈកម្មការវត្តកើតក្តៅក្រហាយ មិនពេញចិត្ត ហើយក៏នាំគ្នា ប្ដឹងទាមទារសុំដកលោក ចេញពីវត្តតែម្ដង។
គណៈកម្មការវត្តជ្រោយដង្គុំ ហៅ វត្តព្រែករាំងនេះ បានបញ្ជាក់ថា អារាមមួយនេះ ប៉ុន្មានឆ្នាំមុន មានព្រះសង្ឃច្រើនអង្គគង់នៅ។ ប៉ុន្តែដោយសារតែទ្រាំទ្រ និងការគាបសង្កត់របស់គ្រូចៅអធិការវត្ត មិនបាន ទើបព្រះសង្ឃអង្គផ្សេង នាំគ្នាចាកចេញពីវត្តទៅគង់នៅវត្តផ្សេងម្ដងមួយៗរហូតទាល់តែអស់ ធ្វើអោយវត្តព្រែករាំង មានព្រះសង្ឃគង់នៅតែមួយអង្គគត់ គឺព្រះគ្រូចៅអធិការវត្ត មើល សុផល នេះឯង។
ជុំវិញការចោទប្រកាន់នេះ កោះសន្តិភាព មិនអាចសុំការបំភ្លឺពីមន្ត្រីសង្ឃ ដែលចុះទៅដោះស្រាយនោះបានទេ។ ដោយឡែក ព្រះតេជគុណ មើល សុផល ចៅអធិការវត្ត ក៏មិនអាចសុំការបកស្រាយបានដែរ ដោយលោកបដិសេធ មិនផ្ដល់បទសម្ភាស និងមិនឲ្យថតរូបអ្វីទាំងអស់។
ទោះជាយ៉ាងណាក៏ដោយ ក្រោយមានការដាក់ពាក្យប្ដឹងពីសំណាក់ពុទ្ធបរិស័ទចំណុះចេញវត្ត រួមទាំងគណៈកម្មការវត្តផងនោះ នៅរសៀលថ្ងៃទី២០ វិច្ឆិកា ២០២៣ នេះ មន្ត្រីសង្ឃខេត្តព្រៃវែង និងព្រះអនុគណស្រុកពាមរក៍ រួមទាំងអាជ្ញាធរស្រុកផងនោះ បានអញ្ជើញចុះទៅដោះស្រាយផ្ទាល់ នៅក្នុងទីអារាមវត្តព្រែករាំង ហើយជាលទ្ធផល គឺព្រះគ្រូចៅអធិការវត្ត បានសុខចិត្តចុះចេញពីវត្ត ដោយមិនប្រកែក ឬទាមទារអ្វីទាំងអស់។
ដោយឡែក លុយដែលជំពាក់គេជាង ៣ម៉ឺនដុល្លារ គណៈកម្មការអាចារ្យវត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត សុខចិត្តទទួលខុសត្រូវ ចេញសងទាំងអស់ និងស្នើសុំឲ្យមន្ត្រីសង្ឃ ជួយចាត់ចែងដាក់ព្រះសង្ឃអង្គផ្សេង មកគង់នៅក្នុងវត្តបន្ត ដើម្បីឲ្យវត្តមានព្រះសង្ឃគង់នៅ សម្រាប់ឲ្យពុទ្ធបរិស័ទ្ធ បានធ្វើបុណ្យផងដែរ៕ ចក្រី
ចែករំលែកព័តមាននេះ